ស្ថាន​អប់រំ​ក្រុង​បាងកក ជាង​៤០០​កន្លែង ប្រកាស​ពី​គ្មាន​ការប្រើប្រាស់​កញ្ឆា​

ព្រឹត្តិការណ៍ថ្មីៗ
0
137


​រាជធានី​បាងកក​៖ ក្រោយពេល​រដ្ឋាភិបាល​ថៃ បានប្រកាស​លុបចោល​ក​ញ្ឆា​ចេញពី​បញ្ជី​គ្រឿងញៀន ប្រភេទ​ទី​៥​របស់ខ្លួន ហើយ​លែង​ដាក់ទោស​ទណ្ឌ​ដល់​អ្នកពាក់ព័ន្ធ​នឹង​កញ្ឆា​រួចមក សាលារៀន ជាង​៤០០​កន្លែង នៅក្នុង​ទីក្រុង​បាងកក បានចេញ​មុខ មក​ប្រកាស អំពី​គ្មាន​ការប្រើប្រាស់​កញ្ឆា ព្រោះ​ការប្រើប្រាស់​កញ្ឆា ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ខួរក្បាល​របស់​សិ​ស្សា​របស់ខ្លួន​។​

​សារព័ត៌មាន Thaipbs World បានចេញ​ផ្សាយ កាលពី​ថ្ងៃ ពុធ ទី​១៥ ខែមិថុនា ថា អភិបាលក្រុង​បាងកក លោក ឆែដ​ឆាត ស៊ី​តទី​ភុ​ន​ត៍ (Chadchart Sittipunt) បានចេញ​សេចក្តីប្រកាស​មួយ កាលពី​ថ្ងៃ​ពុធ ថា សាលារៀន​ទាំងអស់ នៅក្នុង​ទីក្រុង​បាងកក មាន​ចំនួន​៤៣៦​កន្លែង ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់ខ្លួន គឺជា​តំបន់​គ្មាន​កញ្ឆា​។ ការប្រកាស​នេះ មាន​ប្រសិទ្ធភាព​ចាប់តាំងពី​ថ្ងៃនេះ​តទៅ​។​

​លោក​អភិបាលក្រុង​បាងកក បាន​បញ្ជាក់ថា មិនមាន​ការលក់ដូរ ឬ​ការផ្សព្វផ្សាយ​ម្ហូបអាហារ ការផឹក ឬ​បង្អែម មាន​ផ្ទុក​សារធាតុ​កញ្ឆា នៅតាម​សាលារៀន​នោះឡើយ​។ អ្នកគ្រប់គ្រង​សាលារៀន និង បុគ្គលិក​សិក្សា គួរតែ​ធ្វើជា​គំរូ​ដល់​សិស្ស ដោយ​ចៀសវាង​នូវ​ការប្រើប្រាស់​កញ្ឆា ហើយ​ត្រូវ​តាមឃ្លាំមើល​ដល់​សិស្ស​របស់ខ្លួន ឱ្យ​ដិតដល់ ការពារ​កុំឱ្យ​សិស្សានុសិស្ស ប្រើប្រាស់​កញ្ឆា​។ ក្រៅពីនេះ លោកគ្រូ អ្នកគ្រូ ត្រូវតែ​អប់រំ​ដល់​សិស្សានុសិស្ស​ទាំងអស់ ឲ្យ​យល់ដឹង អំពី​គ្រោះថ្នាក់ នៃ​ការប្រើប្រាស់​កញ្ឆា ឬ​ដើម​កញ្ឆា និង​សារធាតុ​ចម្រាញ់​ពី​កញ្ឆា​។​

​អាជ្ញាធរ​ក្រុង បាន​បន្ដថា សាលារៀន ទាំង​៤៣៦​កន្លែង នៅក្នុង​ក្រុង បានប្រកាសថា មិនមាន​កញ្ឆា​។ ចំណែក​អ្នកគ្រប់គ្រង​សាលារៀន ក៏ដូចជា លោកគ្រូ អ្នកគ្រូ ត្រូវ​ស្វែងរក​ជំនួយ ពី​មាតាបិតា និង អាណាព្យាបាល​របស់​សិស្ស ឲ្យ​តាមដាន​មើលទៅ​តាម​តូប​លក់ដូរ នៅ​ជុំវិញ​សាលារៀន ដើម្បី​ឲ្យ​ប្រាកដថា ពួកគេ​មិនបាន​លក់​កញ្ឆា ឬ​ដើម​កញ្ឆា ក៏ដូចជា ម្ហូបអាហារ និង ភេសជ្ជៈ ដែលមាន​ផ្ទុក​នូវ​សារធាតុ​កញ្ឆា​នោះឡើយ​។​

​រាជរដ្ឋាភិបាល​ថៃ កាលពី​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២២ បាន​លុបចោល​កញ្ឆា ចេញពី​បញ្ជី​គ្រឿងញៀន ប្រភេទ​ទី​៥​របស់ខ្លួន​។ ដោយឡែក អ្នកទោស​ជាង​៣០០០​នាក់ ពាក់ព័ន្ធ​នឹង​ករណី​កញ្ឆា​នេះ ក៏ត្រូវ​បាន​ដោះលែង ឲ្យ​មាន​សេរីភាព​ឡើងវិញ ហើយ​កញ្ឆា​១៦​តោន​ដែល​សមត្ថកិច្ច​បាន​រឹបអូស​នោះ ក៏ត្រូវ​បានប្រគល់​ទៅ​ម្ចាស់​ដើម​វិញ​ផងដែរ​។​

​លោក​វេជ្ជបណ្ឌិត ស៊ុម​សាក អាប់​ឃ្លី​ប (Somsak Akksilp) អគ្គនាយក នាយកដ្ឋាន​សេវាកម្ម​វេជ្ជសាស្ដ្រ​ថៃ បាន​បញ្ជាក់ថា ការប្រើប្រាស់​កញ្ឆា គួរតែ​កំណត់ សម្រាប់​ការប្រើប្រាស់​តែ​ក្នុង​គោលបំណង​ផ្នែក​វេជ្ជសាស្ត្រ​ប៉ុណ្ណោះ ព្រោះថា ការប្រើប្រាស់​រុក្ខជាតិ​ប្រភេទ​នេះ សម្រាប់​ការសប្បាយ ឬ​កម្សាន្ត និង អនុញ្ញាត​ឲ្យ​កុមារ​ប្រើប្រាស់ អាច​នឹង​បណ្តាលឱ្យ​ខូច​ខួរក្បាល និង ប៉ះពាល់​ដល់​សុវត្ថិភាព​សុខភាព​។

​លោក​វេជ្ជបណ្ឌិត ស៊ុម​សាក អាប់​ឃ្លី​ប បាន​ព្រមាន​ប្រឆាំង​ដាច់ខាត ចំពោះ​ការប្រើប្រាស់​កញ្ឆា សម្រាប់​មនុស្ស មាន​អាយុ​ក្រោម​២៥​ឆ្នាំ និង ការប្រើប្រាស់​កញ្ឆា សម្រាប់​ការកម្សាន្ដ ឬ​ការសប្បាយ​។ ការប្រើប្រាស់​កញ្ឆា ធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​ខួរក្បាល និង ប្រព័ន្ធ​ប្រសាទ ជាពិសេស សម្រាប់​សិស្ស ដែល​ខួរក្បាល មាន​សមត្ថភាព​សិក្សា នឹងរង​នូវ​ផលប៉ះពាល់​។ នាយកដ្ឋាន​នេះ តែងតែ​គាំទ្រ​ដល់​ការប្រើប្រាស់​កញ្ឆា សម្រាប់តែ​គោលបំណង​វេជ្ជសាស្ដ្រ​តែប៉ុណ្ណោះ​។ ប៉ុន្ដែ​នាយកដ្ឋាន បាន​ប្រឆាំង​ដាច់ខាត​ដល់​ការប្រើប្រាស់​កញ្ឆា សម្រាប់​កុមារ និង សម្រាប់​ការសប្បាយ ឬ​កម្សាន្ដ​។ ការប្រើប្រាស់​កញ្ឆា សម្រាប់​កុមារ គួរតែ​ផ្តល់ឱ្យ សម្រាប់តែ​ការព្យាបាល​ជំងឺឆ្កួតជ្រូក ដែល​កុមារ​មាន​ភាព​ធន់​នឹង​ឱសថ​។

​ដោយឡែក សម្រាប់​គោលបំណង​ផ្នែក​វេជ្ជសាស្ត្រ​ផ្សេងទៀត កញ្ឆា​គួរតែ​ប្រើប្រាស់ សម្រាប់​ការព្យាបាល​អាការ​បែប​ស្លេកស្លាំង និង ព្យាបាល សម្រាប់​អ្នក​កើត​ជំងឺមហារីក ដែល​ទទួលរង​នូវ​ការ​ក្អួត ឬ​ចង្អោរ បន្ទាប់ពី​ការព្យាបាល ដោយ​ការប្រើប្រាស់​សារធាតុ​គីមី​ហើយ នៅតែ​មិន​ឆ្លើយតប​នឹង​ឱសថ​។

​លោក​វេជ្ជបណ្ឌិត ស៊ុម​សាក អាប់​ឃ្លី បាន​បន្ថែមទៀតថា «​យើង​ដឹង​ច្បាស់ អំពី​គុណសម្បត្តិ នៃ​កញ្ឆា ប៉ុន្តែ​គុណវិបត្តិ​ដ៏​ធ្ងន់ធ្ងរ​របស់​កញ្ឆា រួមមាន ការ​ញៀន និង បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដល់​អ្ន​ក​បើកបរ ស្ថិតក្រោម​ឥទ្ធិពល​របស់​វា​។ រឿង​បែបនេះ បាន​កើតឡើង​រួចមកហើយ នៅក្នុង​ប្រទេស​ផ្សេងៗ​ទៀត​។ ក្រៅពីនេះ ផលប៉ះពាល់ នៃ​ការប្រើប្រាស់​កញ្ឆា នឹងធ្វើ​ឲ្យ​បំពង់ក​ស្ងួត ញ័រ​ទ្រូង គេង​មិន​លក់ និង ថប់​បារម្ភ​…​ជាដើម​»៕​