ចិន សិក្សា​មេរៀន​បរាជ័យ​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន មុននឹង​លើកទ័ព​ចូល​តៃវ៉ាន់​

ព័ត៌មានអន្តរជាតិ
0
124
រដ្ឋធានី​មូ​ស្គូ​៖ ក្រោយពេល រុស្ស៊ី​ជា​មហាអំណាច​យោធា​កំពូល​លំដាប់​លេខ​២ នៅលើ​ពិភពលោក បាន​លើក​កងទ័ព ចូល​ឈ្លានពាន នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​បាន​បរាជ័យ មិន​សម្រេច​តាម​គោលបំណង​នោះមក ចិន​បានចាប់ផ្ដើម​សិក្សា អំពី​មេរៀន​នេះ​ឡើងវិញ មុននឹង​សម្រេច​លើក​កម្លាំង​ទាហាន ចូល​វាយលុក​ទៅលើ​ដែន​កោះ​តៃវ៉ាន់​។​

​សារព័ត៌មាន US News បានចេញ​ផ្សាយ កាលពី​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២២ ថា ក្រោយពេល​រុស្ស៊ី បាន​ចូល​ឈ្លានពាន នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន អស់​រយៈពេល​ជាច្រើន​ខែ​កន្លងមកនេះ នៅតែ​មិនទាន់​ទទួលបាន​ជ័យជម្នះ ជា​ដុំកំភួន​នោះ ចិន​ជា​មហាអំណាច​កំពូល​មួយ​របស់​ពិភពលោក កំពុងតែ​ចាប់ផ្ដើម​មាន​អារម្មណ៍ គិត​ឡើងវិញ​ទៅលើ​ផែនការ នាពេល​អនាគត​របស់​ខ្លួន​។​

​នៅក្នុង​អំឡុងពេល​មាន​វិបត្ដិ នៅ​អ៊ុយ​ក្រែ​ន នោះ ចិន​បានបង្ហាញ​ជា​សាធារណៈ​យ៉ាងខ្លាំង​ក្លា អំពី​មហិច្ឆតា​របស់ខ្លួន ទៅលើ​តៃវ៉ាន់ ខណៈ​ដែន​កោះ​មួយ​នេះ តែងតែ​ព្យាយាម ប្រកាស​ពី​ឯករាជភាព លើ​ការគ្រប់គ្រង​ដោយ​ខ្លួនឯង ប៉ុន្តែ​ករណីនេះ មិន​ដូចជា​រដ្ឋ​អធិបតេយ្យ​របស់​អតីត​សហភាពសូវៀត គឺ​បានទទួល​ស្គាល់ ដោយ​ប្រទេស​តូចៗ​មួយចំនួន​តែប៉ុណ្ណោះ​។​

​ដោយឡែក វោហារសាស្ត្រ ពី​ទីក្រុង​ប៉េកាំង ទោះបីជា​សេដ្ឋកិច្ច​អន្តរជាតិ​ធ្លាក់ចុះ ហើយ​ពិភពលោក កំពុងតែ​ប្រញាប់ប្រញាល់ ដើម្បី​បន្ធូរបន្ថយ​នូវ​វិបត្តិ​មនុស្សធម៌ ដែល​កំពុង​កើនឡើង នៅ​អឺរ៉ុប ក៏ដោយ ក៏​នៅតែមាន​ភាព​រឹង​ចចេស ខណៈ​បណ្ដា​ប្រទេស​ជាច្រើន បង្ហាញ អំពី​ការព្រួយបារម្ភ កាន់តែខ្លាំង​ឡើង​ថា ចិន​កំពុងតែ​រៀបចំ​គម្រោង​ឈ្លានពាន​របស់ខ្លួន ដើម្បី​សម្រេចបាន​នូវ​គោលដៅ​ទឹកដី ដែល​បាន​ផ្ដាច់ចេញ​ពីគ្នា អស់​រយៈពេល​ជា​យូរ​មកហើយ​នោះ​។​

​លោក វេ ហ្វេ​ង​ហ្គេ (Wei Fenghe) រដ្ឋមន្ដ្រីក្រសួង​ការពា​ជាតិចិន បានប្រកាស កាលពី​ថ្ងៃអាទិត្យ ទី​១២ ខែមិថុនា ឆ្នាំ​២០២២ នៅក្នុង​កិច្ច​ស​ន្ទា​នាសា​ន់​ហ្គ្រី​-​ឡា (Shangri-La) ដែលជា​ការប្រមូលផ្តុំ​យោធា ប្រចាំឆ្នាំ នៅ​ប្រទេស​សិង្ហ​បុរី ថា ការប៉ុនប៉ង​ណាមួយ​របស់​តៃវ៉ាន់ ដើម្បី​ប្រកាស អំពី​ឯករាជ​ភាពជា​ផ្លូវការ ផ្ដាច់​ចេញពី​ចិន នឹង​ឆ្ពោះទៅរក​«​ផ្លូវ​មរណៈ​»​។​

​លោក​រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​ចិន បានបញ្ជាក់ អំពី​កោះ​តៃវ៉ាន់ ថា «​គ្មាន​នរណាម្នាក់ ត្រូវ​មើលស្រាល អំពី​ការតាំង​ចិត្ត និង សមត្ថភាព​របស់​កង​កម្លាំងប្រដាប់អាវុធ​ចិន នៅក្នុង​កិច្ចការពារ​បូរណភាព​ទឹកដី​របស់ខ្លួន​នោះទេ​។ ក្រុង​ប៉េកាំង តែងតែ​ចាត់ទុក​ដែន​កោះ​មួយ​នេះ ជា​អាណាខេត្ត​របស់ខ្លួន មិនអាច​កាត់ផ្ដាច់ ចេញពី​ចិន​បានឡើយ​។​

​បើទោះជា​យ៉ាងណាក៏ដោយ ទំនុកចិត្ត​ដែល​ចិន​ផ្ដោតអារម្មណ៍ អំពី​មហិច្ឆតា​របស់ខ្លួន នៅក្នុង​ការ​វាយ​ដណ្ដើម​កាន់កាប់​ដែន​កោះ​មួយ​នេះ បាន​ផ្លាស់ប្តូរ​ទៅវិញ នៅក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​កន្លងទៅ​ថ្មីៗ​នេះ​។ ករណីនេះ ប្រហែលជា​ចិន​សិក្សា អំពី​ប្រតិកម្ម​ជា​លក្ខណៈ​អន្តរជាតិ ដែល​មិន​នឹកស្មាន​ដល់ ជុំវិញ​ការឈ្លានពាន ដោយ​គ្មាន​ការ​ញញើត​របស់​ក្រុង​ម៉ូស្គូ ទៅលើ​ប្រទេស​អ៊ុយ​ក្រែ​ន​។ នេះ​បើ​យោងតាម​មន្ត្រី និង អ្នកវិភាគ​មួយចំនួន បានលើកឡើង ជាមួយនឹង​ការវាយតម្លៃ​របស់​ចិន និង សហរដ្ឋអាមេរិក អំពី​មហិច្ឆតា​របស់​ក្រុង​ប៉េកាំង​។​

​លោក ថៃ​ឡ័​រ ហ្វ្រា​វ៉ែល (Taylor Fravel) នាយក​កម្មវិធីសិក្សា​សន្តិសុខ MIT និង ជា​អ្នកជំនាញ​យុទ្ធសាស្ដ្រ​យោធា​ចិន បាន​ថ្លែងថា «​ការឆ្លើយតប​របស់លោក​ខាងលិច ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក ចំពោះ​ការ​លុកលុយ​របស់​រុស្ស៊ី គឺ​រហ័ស និង ខ្លាំងក្លា​ជាង​នៅក្នុង​ប្រទេស​ចិន ហើយ​ប្រហែលជា​ប្រទេស​ជាច្រើន​ផ្សេងទៀត រំពឹងទុក ដោយ​រាប់បញ្ចូល​ទាំង សហរដ្ឋអាមេរិក ផងដែរ​។​

​លោក​រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​ចិន បាន​សង្កត់ធ្ងន់ថា «​បើទោះជា​ស្ថិត​ក្នុងតម្លៃ​ណាក៏ដោយ យើង​នឹង​ប្រយុទ្ធ ហើយ​ប្រយុទ្ធ រហូតដល់​ទីបញ្ចប់​។ នេះ​ជា​ជម្រើស​តែមួយគត់ សម្រាប់​ប្រទេស​ចិន​»​។​

​ជា​ឧទាហរណ៍ បើទោះជា​ការប្រៀបធៀប​មិនល្អ​ឥតខ្ចោះ សហរដ្ឋអាមេរិក មានការ​ប្តេជ្ញា​ការពារ​តៃវ៉ាន់​ជា​ផ្លូវការ ប៉ុន្តែ​នេះ​មិនមែន​ជាមួយ​អ៊ុយ​ក្រែ​ន​ទេ​។ កិច្ចខិតខំ​ប្រឹងប្រែង​ជា​ឯកច្ឆន្ទ​ពី​អន្តរជាតិ ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក ដើម្បី​ទប់ស្កាត់​រុស្ស៊ី ចាប់តាំងពី​ការឈ្លានពាន​របស់​ក្រុង​មូ​ស្គូ កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ មក បានធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​បក្សកុម្មុយនិស្ត​ចិន ហើយ​បាន​បង្ខំ​ឲ្យ​ក្រុង​ប៉េកាំង ពិចារណា​ឡើងវិញ អំពី​សកម្មភាព​លុកលុយ ដោយ​យោធា​ទៅលើ​កោះ​តៃវ៉ាន់​។​

​ក្រុមអ្នកវិភាគ​ផ្សេងទៀត បាន​លើកឡើងថា ជាការ​ពិតណាស់ ចិន​កំពុងតែ​វាយតម្លៃ​ឡើងវិញ​ទាំងស្រុង អំពី​អ្វីដែល​ក្រុង​ប៉េកាំង បាន​គិតថា ខ្លួន​បានដឹង អំពី​ការឆ្លើយតប​របស់លោក​ខាងលិច ជុំវិញ​ផែនការ​របស់ខ្លួន សម្រាប់​ការវាយលុក ដោយ​យោធា​ទៅលើ​តៃវ៉ាន់ បន្ទាប់ពី​ឥទ្ធិពល នៃ​កញ្ចប់​ទណ្ឌកម្ម​ជា​លក្ខណៈ​អន្តរជាតិ ប្រឆាំងនឹង​រុស្ស៊ី និង ការឆ្លើយតប​ផ្នែក​យោធា ពី​សហរដ្ឋអាមេរិក និង សម្ពន្ធមិត្ត​របស់ខ្លួន នៅ​អឺរ៉ុប​៕​