អាមេរិក លែង​លក់​ដ្រូ​ន​កំណាច​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន ព្រោះ​ខ្លាច​ធ្លាក់​ដល់ដៃ​រុស្ស៊ី​

ព័ត៌មានអន្តរជាតិ
0
175
រដ្ឋធានី​វ៉ាស៊ីនតោន​៖ កាលពីដើម​ខែមិថុនា កន្លងមកនេះ លោក ចូ បៃ​ដិ​ន (Joe Biden) ប្រធានាធិបតី​សហរដ្ឋអាមេរិក មាន​ផែន​ការលក់​យន្តហោះ​គ្មាន​មនុស្ស​បើក ឬ​ដ្រូ​ន​ដ៏​ទំនើប ចំនួន​៤​គ្រឿង ទៅឱ្យ​ប្រទេស​អ៊ុយ​ក្រែ​ន ប៉ុន្ដែ​ដោយសារ​សហរដ្ឋអាមេរិក មានការ​ព្រួយបារម្ភ ខ្លាំង ខ្លាច​គ្រឿង​ចម្បាំង​ដ៏​ទំនើប​បំផុត​របស់ខ្លួន ធ្លាក់​ទៅដល់​ដៃ​របស់​រុស្ស៊ី​។​
​សារព័ត៌មាន US News បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២២ ថា ទីភ្នាក់ងារសារព័ត៌មាន Reuters រាយការណ៍​ថា ផែនការ​របស់​សហរ​ដ្ឋ​អាមេរិក លក់​យន្ដហោះ​គ្មា​មនុស្ស​បើកបរ​ដ៏​ទំនើប MQ-1C ចំនួន​៤​គ្រឿង មាន​រហស្សនាម ដ្រូ​ន​ឥន្ទ្រី​ប្រផេះ ឬ​អ្នក​ចម្បាំង​ដែនអាកាស ទៅ​ឲ្យ​ប្រទេស​អ៊ុយ​ក្រែ​ន ត្រូវបាន​ផ្អាក ដោយសារតែ​មានការ​ព្រួយបារម្ភ ខ្លាច​អាវុធ​ដ៏​ទំនើប​នោះ ត្រូវ​ធ្លាក់​ទៅ​ដល់ដៃ​របស់​សត្រូវ​។​

​ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​រាយការណ៍​ថា ការជំទាស់​ផ្នែក​បច្ចេកទេស សម្រាប់​ការលក់​យន្តហោះ​គ្មាន​មនុស្ស​បើក ឬ​ដ្រូ​ន​នេះ ត្រូវបាន​លើកឡើង នៅក្នុង​អំឡុងពេល​ត្រួតពិនិត្យ​យ៉ាង​ហ្មត់ចត់ ពី​រដ្ឋបាល​សន្តិសុខ​បច្ចេកវិទ្យា​ការពារ​រប​ស់​មន្ទីរ​បញ្ច​កោណ ដែល​ត្រូវបាន​ចោទ​ពីបទ​រក្សា​បច្ចេកវិទ្យា​ជាន់ខ្ពស់ ឱ្យមាន​សុវត្ថិភាព បញ្ចៀស​ពី​ការធ្លាក់​ដល់ដៃ​របស់​ស​ត្រូវ​។​

​គម្រោង​លក់​យន្តហោះ​គ្មាន​មនុស្ស​បើក ឬ​ដ្រូ​ន MQ-1C Grey Eagle ចំនួន​៤​គ្រឿង ដែល​អាច​បំពាក់​ដោយ​កាំជ្រួច Hellfire ឬ​មី​ស៊ី​ល​ភ្លើង​នរក ទៅ​ឲ្យ​ប្រទេស​អ៊ុយ​ក្រែ​ន សម្រាប់​ការប្រើប្រាស់ នៅក្នុង​សមរភូមិ​ប្រយុទ្ធ ប្រឆាំងនឹង​កម្លាំង​ទាហាន​រុស្ស៊ី ត្រូវបាន​រាយការណ៍​ជា​លើកដំបូង ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីដើម​ខែមិថុនា​។ ប៉ុន្ដែ​ក្រោយមក មានការ​ជំទាស់​នឹង​ការនាំចេញ​យន្តហោះ​គ្មាន​មនុស្ស​បើក ដោយសារតែ​សហរដ្ឋអាមេរិក មាន​ក្តី​ព្រួយបារម្ភ​ថា ប្រព័ន្ធ​រ៉ា​ដា និង ឧបករណ៍​ស៊ើបការណ៍​សម្ងាត់ នៅលើ​យន្តហោះ​គ្មាន​មនុស្ស​បើក អាចបង្កើត​ឲ្យ​មាន​ហានិភ័យ​ខ្ពស់ ដល់​សន្តិសុខសម្រាប់​ស​ហ​រដ្ឋ​អាមេរិក ប្រសិនបើ​ដ្រូ​ន​ដ៏​ទំនើប​នេះ បាន​ធ្លាក់​ទៅក្នុង​ដៃ​របស់​រុស្ស៊ី​៕​