ជន​ចំណាក​យ៉ាងតិច​ជិត​៥០​នាក់ ស្លា​.​ប់​ក្នុង​រថយន្ដ នៅ​សហរដ្ឋអាមេរិក​

ព័ត៌មានអន្តរជាតិ
0
266
រដ្ឋធានី​វ៉ាស៊ីនតោន​៖ ជន​ចំណាកស្រុក យ៉ាងតិច ជិត​៥០​នាក់ ត្រូវបាន​កម្មករ​ម្នាក់​ប្រទះឃើញ ហើយ​រាយការណ៍​ទៅ​ប៉ូលិស កាលពី​ថ្ងៃ​ចន្ទ ទី​២៧ ខែមិថុនា ខណៈ​មនុស្ស​ចំនួន​១៦​នាក់ នៅ​រស់រានមានជីវិត នៅក្នុង​រថយន្ដ​ដឹកទំនិញ​មួយគ្រឿង ស្ថិតនៅ​ទីក្រុង​សាន អេ​ន​តូ​នី​ញ៉ូ (San Antonio) រដ្ឋ​តិច​សាស់​។​

​សារព័ត៌មាន BBC បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ចន្ទ ទី​២៧ ខែមិថុនា ថា មាន​ជន​ចំណាកស្រុក យ៉ាងតិច​៤៦​នាក់ បាន​រកឃើញ​ស្លា.ប់ នៅក្នុង​រថយន្ដ​ដឹកទំនិញ ខណៈ​មនុស្ស ចំនួន​១៦​នាក់​ផ្សេងទៀត នៅ​រស់រានមានជីវិត ហើយ​ត្រូវបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។​

​លោក រ៉ុ​ន នី​រ៉ែ​ន​ប៊ឺ​គ (Ron Nirenberg) ចៅហ្វាយក្រុង San Antonio បាន​ថ្លែងថា «​ទិដ្ឋភាព​បែបនេះ ពិតជា​ដ៏​គួរ​ឲ្យ​រន្ធត់​ខ្លាំងណាស់​! ពួកគេ​មានគ្រួសារ​…​ហើយ​ទំនងជា​កំពុងតែ​ព្យាយាម​ស្វែងរក​ជីវិត​ឲ្យ​ល្អ​ប្រសើរឡើង​។ ប៉ុន្ដែ​ត្រឹមតែ​រយៈពេល​ដ៏​ខ្លី មិន​ទាំង​មាន​អ្វី​ផង ក៏​មក​ជួបនឹង​សោកនាដកម្ម​ដ៏​គួរ​ឲ្យ​រន្ធត់​បែបនេះ​ទៅវិញ​»​។​

​លោក រ៉ុ​ន នី​រ៉ែ​ន​ប៊ឺ​គ (Ron Nirenberg) ចៅហ្វាយក្រុង San Antonio បាន​បញ្ជាក់ថា «​យើង​សង្ឃឹមថា អ្នកទទួលខុសត្រូវ នៅក្នុង​ការដាក់​មនុស្ស​ទាំងនេះ នៅក្នុង​ស្ថានភាព​អមនុស្សធម៌​បែបនេះ នឹង​ត្រូវតែ​កា.ត់ទោ.ស​ឱ្យបាន​ពេញលេញ​បំផុត តាមច្បាប់​កំណត់​»​។​

​លោក វិ​ល្លៀម មឺ​ក​ម៉ែ​នូ​ស (William McManus) ស្នងការ​ប៉ូលិស​ទីក្រុង San Antonio បាន​បញ្ជាក់ថា មន្ដ្រីប៉ូលិស បានទទួល​ការហៅ​១០​នាទី មុន​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ចន្ទ ទី​២៧ ខែមិថុនា ឲ្យ​មកកាន់​ប្លុក ៩៦០០ នៃ​ផ្លូវ​ឃ្វី​នតា​ណា (Quintana) ខណៈ​មាន​មនុស្ស​ម្នាក់​ធ្វើការ នៅ​ជិត​នោះ បានឮ​សំឡេង​យំ សុំ​ឲ្យ​ជំនួយ​។ ភ្លាមៗ​នោះ អ្នកធ្វើការ​ម្នាក់​នោះ បាន​ចូលទៅ​មើល ឃើញ​សាក.ស.ព​របស់​មនុស្ស​ជាច្រើន នៅក្នុង​រថយន្ដ​កង់​១៨ ដោយមាន​ទ្វារ​មួយ​ចំហៀង​របើក​។​

​ទោះជា​យ៉ាងណា ភ្លាមៗ​នោះ មន្ដ្រីប៉ូលិស​ទីក្រុង San Antonio មិន​បញ្ជាក់ ថា​តើ​ជនរងគ្រោះ ជា​ជន​ចំណាកស្រុក ឬ​ពួកគេ​មកពី​ប្រទេស​ណា​នោះឡើយ​។ ប៉ុន្ដែ​មន្ដ្រី​ពន្លត់​អគ្គិភ័យ បាន​ប៉ាន់​ស្មានថា ជនរងគ្រោះ​អាច​ស្លា.ប់ ដោយសារ​ការ​ថ.ប់ដង្ហើម នៅក្នុង​រថយន្ដ​នោះ​។​

​ដោយឡែក​សារព័ត៌មាន BBC បាន​ផ្សាយ​ថា លោក អា​ឡេ​ហ្ស​ង់​ដ្រូ ម៉ា​យ៉ូ​កាស (Alejandro Mayorkas) រដ្ឋមន្ដ្រីក្រសួង​សន្ដិសុខ​មាតុភូមិ​សហរដ្ឋអាមេរិក ដែល​គ្រប់គ្រង​ការស៊ើបអង្កេត​នេះ បាន​អះអាងថា «​អ្នករត់ពន្ធ​មនុស្ស គឺជា​បុគ្គល​អាក្រក់ មិនបាន​យកចិត្តទុកដាក់ ចំពោះ​ជន​ងាយ​រងគ្រោះ​។ ពួកគេ​បាន​កេងប្រវ័ញ្ច និង បង្ក​គ្រោះថ្នាក់​ដល់​ជនរងគ្រោះ ហើយ​គិតតែ​រកប្រាក់​ចំណេញ​ប៉ុណ្ណោះ​»៕​