ពូ​ទីន​ខ្លាច​អង្គការ​ណា​តូ បន្ដ​ព្រមាន​ស៊ុយអែត និង ហ្វាំ​ង​ឡង់​ដ៍​

ព័ត៌មានអន្តរជាតិ
0
191
ទីក្រុង​ប្រ៊ុ​ស​សែ​លស៍ (Brussels)៖ ប្រធានាធិបតី​រុស្ស៊ី បាន​បន្ដ​គំរាម​ស៊ុយអែត និង ហ្វាំ​ង​ឡង់​ដ៍ ដែលមាន​ព្រំដែន​ជាប់​គ្នា​ជាង​១០០០​គីឡូម៉ែត្រ​ជាមួយនឹង​រុស្ស៊ី ខណៈ​ប្រទេស​ទាំង​២​នេះ ចូលរួម​ជាមួយនឹង​អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង ហៅ​កាត់ NATO (​តាម​ភាសា​អង់គ្លេស ឬ OTAN តាម​ភាសា​បារាំង​) ។​

​សារព័ត៌មាន​ឥណ្ឌា NDTV បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ខែមិថុនា ឆ្នាំ​២០២២ ថា ប្រទេស​ស៊ុយអែត និង ហ្វាំ​ង​ឡង់​ដ៍ ធ្លាប់តែ​ប្រកាន់យក​នូវ​គោលនយោបាយ​អព្យាក្រឹត អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​កន្លងមកហើយ ប៉ុន្ដែ​ចាប់តាំងពី​រុស្ស៊ី បាន​លើក​កងទ័ព ចូលលុកលុយ ទៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២២ នោះមក ប្រទេស​ទាំងនេះ ក៏បាន​បោះបង់​អព្យាក្រឹតភាព​រប​ស់​ខ្លួន​ចោល ហើយ​ដាក់ពាក្យ​សុំចូល​រួមជាមួយ​នឹង​អង្គការ​ណា​តូ​។​

​ទោះជា​យ៉ាងណា កាលពី​ប៉ុន្មាន​សប្ដាហ៍​កន្លងទៅនេះ តួ​ក​គី បាន​រារាំង​ដល់ ប្រទេស​អឺរ៉ុប​ខាងជើង​ទាំង​២​នេះ ប៉ុន្ដែ​ក្រោយពេល​មេដឹកនាំ​ទាំង​៣​ប្រទេស បាន​ព្រមព្រៀង​លើ​កិច្ចការ​សន្ដិសុខ​ទៅវិញទៅមក ក៏​បើកផ្លូវ​ស៊ុយអែត និង ហ្វាំ​ង​ឡង់​ដ៍ ចូលរួម​ជាមួយនឹង​អង្គការ​ណា​តូ​។​

លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន (Vladimir Putin) ប្រធានាធិបតី​រុស្ស៊ី បាន​ថ្កោលទោស ចំពោះ «​មហិច្ឆតា​អធិរាជ​» របស់​អង្គការ​ណា​តូ ដោយ​ចោទប្រកាន់ ដល់​សម្ពន្ធមិត្ត​យោធា​ដ៏​ខ្លាំងក្លា​របស់​ពិភពលោក​មួយ​នេះ​ថា កំពុង​ស្វែងរក​ការអះអាង ពី​«​ឧត្តមភាព​»​របស់ខ្លួន តាមរយៈ​ជម្លោះ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​មេដឹកនាំ​រុស្ស៊ី រូបនេះ ក៏បាន​ថ្លែង កាលពី​ថ្ងៃ​ពុធ ថា គាត់​នឹង​ឆ្លើយតប ដោយ​សប្បុរស ប្រសិនបើ​ណា​តូ​ដាក់ពង្រាយ​កងទ័ព និង កសាង​ហេដ្ឋារចនាសម្ព័ន្ធ​យោធា នៅក្នុង​ប្រទេស​ហ្វាំ​ង​ឡង់​ដ៍ និង ស៊ុយអែត បន្ទាប់ពី​ប្រទេស​ន័​រ​ឌី​ក (Nordic ជា​តំបន់​ភូមិសាស្ដ្រ​នយោបាយ និង​វប្បធម៌ នៅ​អឺរ៉ុប​ខាងជើង និង អា​ត្ល​ង់​ទិ​ក​ខាងជើង​) ទាំង​២​នេះ ចូលរួម​ជាមួយនឹង​អង្គការ​ណា​តូ​។​

​ការធ្វើ​អត្ថាធិប្បាយ​របស់ ពូ​ទីន បានកើត​ឡើង រយៈពេល​១​ថ្ងៃ ក្រោយពេល​តួ​ក​គី ជា​សមាជិក​របស់​អង្គការ​ណា​តូ ដកសិទ្ធិ​វេតូ​របស់ខ្លួន ជុំវិញ​ការរារាំង ដល់​ប្រទេស​ហ្វាំ​ង​ឡង់​ដ៍ និង ស៊ុយអែត ចូលរួម​ជាមួយនឹង​សម្ពន្ធមិត្ត​យោធា​មួយ​នេះ​។ រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា បាន​បើកផ្លូវ​ដល់​ក្រុង​ហែល​ស៊ីន​គី (​ហ្វាំ​ង​ឡង់​ដ៍​) និង ក្រុង​ស្ដុក​ខម (​ស៊ុយអែត​) ចូលរួម​ជាមួយ​អង្គកា​រណា​តូ ក្រោយពេល​ប្រទេស​ទាំង​៣ ព្រមព្រៀង ការពារ​សន្ដិសុខ​ឲ្យ​គ្នា​ទៅវិញទៅមក​។​

​លោក ពូ​ទីន ប្រធានាធិបតី​រុស្ស៊ី បាន​ប្រាប់​ដល់​បណ្ដាញ​ទូរទស្សន៍​រដ្ឋ​រុស្ស៊ី បន្ទាប់ពី​មាន​កិច្ចពិភាក្សា​ជាមួយនឹង​មេដឹកនាំ​ក្នុង​តំបន់ នៅ​ប្រទេស​ធឺ​មិន​នី​ស្ថាន (Turkmenistan) ធ្លាប់ជា​រដ្ឋ ភាគ​កណ្ដាល នៃ​អតីត​សហភាពសូវៀត ថា «​ជាមួយនឹង​ប្រទេស​ស៊ុយអែត និង ហ្វាំ​ង​ឡង់​ដ៍ នោះ យើង​មិនមាន​បញ្ហា ដូច​អ្វីដែល​យើង​មាន ជាមួយនឹង​អ៊ុយ​ក្រែ​ន នោះទេ​។ ប្រទេស​ទាំង​២​នេះ ចង់​ចូលរួម​ជាមួយ​អង្គការ​ណា​តូ សូម​បន្តដំណើរ​ទៅមុខ​ចុះ​»​។​

​ប្រធានាធិបតី​រុស្ស៊ី បាន​បន្ថែមថា «​ទំនាក់ទំនង​របស់​ក្រុង​មូ​ស្គូ ជាមួយនឹង​ហែល​ស៊ីន​គី និង ស្ដុក​ខម នឹងមាន​ភាពច្របូកច្របល់​ខ្លាំង នាពេលខាងមុខ ខណៈ​ប្រទេស​ទាំងនេះ ចូល​ជា​សមាជិក​របស់​អង្គការ​ណា​តូ​។ អ្វីៗ​គ្រប់យ៉ាង​ទាំងអស់ គឺ​មិនមាន​បញ្ហា រវាង​យើង​នោះទេ ប៉ុន្ដែ​ឥឡូវ​វា​អាច​នឹងមាន​ភាព​តានតឹង​ខ្លះ ហើយ​វា​នឹង​ពិតជា​មាន​ភាព​តានតឹង​»​។​

​ដោយឡែក លោក ឌី​មី​ទ្រី មេ​ដ​វេ​ដេ​វ (Dmitry Medvedev) អតីត​ប្រធានាធិបតី​រុស្ស៊ី ហើយ​បច្ចុប្បន្ន ជា​អនុប្រធាន​ក្រុមប្រឹក្សាសន្ដិសុខ​រុស្ស៊ី និង ជា​ប្រធាន​បក្ស​រួបរួម​រុស្ស៊ី បាន​ប្រាប់​ដល់​សារព័ត៌មាន Moscow កាលពី​ថ្ងៃ​ចន្ទ ទី​២៧ ខែមិថុនា ថា ឧបទ្វីប​គ្រី​មៀ នឹង​ជា​ផ្នែក​មួយ​របស់​រុស្ស៊ី ជា​រៀងរហូត​។ ប្រសិនបើ​មានការ​ប៉ុនប៉ង​ណាមួយ ដោយ​រដ្ឋ​ជា​សមាជិក​របស់​អង្គការ​ណា​តូ ចូល​ទៅលើ​ឧបទ្វីប​គ្រី​មៀ (Crimea) នឹង​នាំទៅដល់​ការផ្ទុះ​សង្គ្រាមលោក លើក​ទី​៣​។ សង្គ្រាម​នេះ នឹង​រាលដាល​ដល់​ពាសពេញ​ទ្វីបអឺរ៉ុប​តែ​ម្ដ​។​

​ក្រោយពេល​អតីត​ប្រមុខរដ្ឋ​រុស្ស៊ី គំរាម​ពី​ការផ្ទុះ​សង្គ្រាមលោកលើកទី​៣ មិនបាន​ប៉ុន្មាន​ផង ប្រ​ធានា​អង្គការ​ណា​តូ ក៏បាន​បញ្ជាក់​ផងដែរ​ថា អង្គការ​សម្ពន្ធមិត្ត​យោធា​ដ៏​ខ្លាំងក្លា​របស់​ពិភពលោក​មួយ​នេះ បានដាក់​កម្លាំង​ទ័ព ជាង ៣០០ ០០០​នាក់ ឲ្យ​ស្ថិត​ក្នុងការ​ប្រុង​ជើងការ​រួចជាស្រេច​ហើយ​៕​