ប្រធានាធិបតី​ឥណ្ឌូនេស៊ី ជួប​ពូ​ទីន បញ្ជាក់​ពី​ការធានា​ផ្គត់ផ្គង់​ស្បៀងអាហារ​ពិភពលោក​

ព័ត៌មានអន្តរជាតិ
0
186
​រដ្ឋធានី​មូ​ស្គូ​៖ ស.ង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី កំពុងតែ​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​ការផ្គត់ផ្គង់​ស្បៀងអាហារ​របស់​ពិភពលោក ហើយ​ធ្វើ​ឲ្យ​តម្លៃ​កាន់តែ​ឡើងថ្លៃ ទើប​ប្រធានាធិបតី​ឥណ្ឌូនេស៊ី បានចេញ​មុខ​ទៅ​ជួប​លោក ពូ​ទីន ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងអស់នេះ ក្រោយ​ជំនួប​ជាមួយនឹង​មេដឹកនាំ​អ៊ុយ​ក្រែ​ន​។​

​សារព័ត៌មាន​ឥណ្ឌា​វី​អន (Wion) បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ខែមិថុនា ថា ស្របពេល​សង្គ្រាម​រវាង​រុស្ស៊ី និង អ៊ុយ​ក្រែ​ន កំពុងតែបន្ដ​នោះ លោក ចូ​កូ វី​ដូ​ដូ (Joko Widodo) ប្រធានាធិបតី​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​ទៅ​ជួប​សម​ភាគី​រុស្ស៊ី នៅក្នុង​ទីក្រុង​មូ​ស្គូ ក្រោយ​ជំនួប​ជាមួយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡែ​ន​ស្គី នៅក្នុង​រដ្ឋធានី​គៀវ​។


លោក ចូ​កូ វី​ដូ​ដូ (Joko Widodo) បាន​បញ្ជាក់ថា គាត់​បាន​ជំរុញ​ឲ្យ​មេដឹកនាំ G7 ធានាថា ការដាក់ទ.ណ្ឌក.ម្ម​ទៅលើ​ប្រទេស​រុស្ស៊ី នឹងមិន​ប៉ះពាល់​ដល់​ការផ្គត់ផ្គង់​ស្បៀងអាហារ និង ជី នៅលើ​ពិភពលោក​នោះឡើយ​។

​ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក Widodo បច្ចុប្បន្ន ជា​ប្រធាន G20 បានបញ្ជាក់ នៅក្នុង​សន្និសីទ​សារព័ត៌មាន ជាមួយ​សម​ភាគី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន (Vladimir Putin) បន្ទាប់ពី​មាន​ជំនួប​កំពូល​មួយ នៅក្នុង​ទីក្រុង​មូ​ស្គូ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ថា «​ខ្ញុំ​បានស្នើ​សុំ​ឲ្យ​មានការ​ធានាថា ស្បៀងអាហារ នាំ​ចេញពី​ប្រទេស​អ៊ុយ​ក្រែ​ន តាមផ្លូវ​សមុទ្រ ត្រូវតែមាន​សុវត្ថិភាព​។ ក្រៅពីនេះ ខ្ញុំ​ក៏បាន​ស្នើ​សុំឱ្យ​បណ្ដា​មេដឹកនាំ G7 ធានាថា ទ.ណ្ឌក.ម្ម​របស់​បស្ចិម​លោក នឹង​មិនមាន​ឧបសគ្គ នៅក្នុង​ការនាំចេញ​ស្បៀងអាហារ និង ជី​នោះឡើយ​»​។​


​ប្រធានាធិបតី​ឥណ្ឌូនេស៊ី បាន​បន្ថែមថា «​ខ្ញុំ​សង្ឃឹមថា រុស្ស៊ី​នឹងមិន​បន្ត​ហាមឃាត់ ដល់​ការនាំចេញ​គ្រាប់​ធញ្ញជាតិ រួមទាំង អង្ករ​ស្រូវ​សាលី និង មិន​ដាក់​កម្រិត​កូតា លើ​ជី​នោះដែរ​»​។​

​ជាមួយគ្នានេះ ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន និង សម​ភាគី​ឥណ្ឌូនេស៊ី លោក ចូ​កូ វី​ដូ​ដូ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ខែមិថុនា ក៏បាន​ពិភាក្សាគ្នា អំពី​ស្ថានភាព​បច្ចុប្បន្ន នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន និង ការផ្គត់ផ្គង់​គ្រាប់​ធញ្ញជាតិ ព្រមទាំង​ជី ចំពេល​មាន​កង្វះខាត​ស្បៀងអាហារ​ជាស​កល​។

​លោក ពូ​ទីន បញ្ជាក់ថា គាត់​បាន​ជូនដំណឹង​ដល់​លោក វី​ដូ​ដូ ដោយ​លម្អិត អំពី​ស្ថានភាព​នៅ​អ៊ុយ​ក្រែ​ន​។ និយាយ​អំពី​អតុល្យភាព នៅក្នុង​ទីផ្សារ​ស្បៀងអាហារ​ពិភពលោក​វិញ លោក ពូ​ទីន បានចាត់ទុក​បញ្ហា​នេះ​ថា ជា​បញ្ហា​ជាច្រើន​ឆ្នាំ​មកហើយ នៃ​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច​ដែល​មិនមាន​ការទទួលខុសត្រូវ នៃ​បណ្ដា​ប្រទេស​លោកខាងលិច​មួយចំនួន​។​

​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ក៏បាន​សង្កត់ធ្ងន់ អំពី​សារៈសំខាន់ នៃ​ការលើកកម្ពស់​នូវ​ដំណោះស្រាយ ដោយ​សន្តិវិធី ជុំវិញ​វិបត្តិ នៅ​អ៊ុយ​ក្រែ​ន​។ ជាមួយគ្នានេះ លោក​ប្រធានាធិបតី ក៏បាន​នាំសារ ពី​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ទៅកាន់​សម​ភាគី​រុស្ស៊ី ហើយ​គាត់​បាន​ត្រៀមខ្លួន​រួចជាស្រេច នៅក្នុង​ការបង្កើត​ទំនាក់ទំនង រវាង​មេដឹកនាំ ដែល​កំពុងតែ​ឈ្លោះ​គ្នា​ទាំងពីរ​នេះ​។​

​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន បានធ្វើឱ្យ​កើតមាន​វិបត្តិ​ស្បៀងអាហារ នៅ​ពិភពលោក កាន់តែ​ធ្ងន់ធ្ងរ​ឡើង ហើយ​ធ្វើឱ្យ​តម្លៃ​គ្រាប់​ធញ្ញជាតិ ប្រេងឆា ប្រេងឥន្ធនៈ និង​ជី កាន់តែ​ឡើងថ្លៃ​។ ប្រទេស​រុស្ស៊ី និង អ៊ុយ​ក្រែ​ន តែងតែ​ផ្គត់ផ្គង់​អង្ករ​ស្រូវ​សាលី ជិត​១​ភាគ​៣ នៃ​ការផ្គត់ផ្គង់​ស្រូវ​សាលី នៅលើ​ពិភពលោក ខណៈ​រុស្ស៊ី ក៏​ជា​ប្រទេស​នាំចេញ​ជី ដ៏​ធំ​មួយ នៅលើ​ផែនដី​នេះ ហើយ​អ៊ុយ​ក្រែ​ន ក៏​ជា​ប្រទេស​នាំចេញ​ពោត និង ប្រេង​ផ្កាឈូករ័ត្ន​ដ៏​ធំ​បំផុត​មួយ​ផងដែរ​។​

​ចាប់តាំងពី​ក្រុង​មូ​ស្គូ បានធ្វើ​សង្គ្រាម​ឈ្លានពាន ប្រឆាំងនឹង​ក្រុង​គៀវ កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ នោះមក ការដឹកជញ្ជូន​គ្រាប់​ធញ្ញជាតិ​របស់​អ៊ុយ​ក្រែ​ន ចេញពី​កំពង់ផែ​សមុទ្រ​ខ្មៅ​របស់​ប្រទេស​អឺរ៉ុប​ខាងកើត​មួយ​នេះ បាន​ជាប់គាំង ខណៈ​គ្រាប់​ធញ្ញជាតិ​រាប់លាន​តោន ត្រូវ​ជាប់គាំង នៅក្នុង​ស៊ីឡូ​។ ដោយឡែក ក្រុង​មូ​ស្គូ បាន​អះអាងថា ទំនួល​ខុសត្រូវ គឺ​ស្ថិតនៅលើ​រដ្ឋាភិបាល​ក្រុង គៀវ (Kyiv) មិន​ព្រម​ដោះមីន ចេញពី​កំពង់ផែ​សមុទ្រ ដើម្បី​រំដោះ​ផ្លូវ​ដឹកជញ្ជូន ទៅកាន់​ពិភពលោក​៕