ជនសង្ស័យ​ទម្លាយ​រឿង បា​.​ញ់​ស​.​ម្លា​ប់​អតីត​នាយករដ្ឋមន្ដ្រី​ជប៉ុន

ព័ត៌មានអន្តរជាតិ
0
725
រាជធានី​តូ​ក្យូ​៖ ក្រោយពេល​មាន​អំពី​បាញ់​ស​.​ម្លា​ប់​អតីត​នាយករដ្ឋមន្ដ្រី​ដ៏​មាន​ឥទ្ធិពល​បំផុត​មួយរូប​របស់​ជប៉ុន លោក ស៊ិន​ហ្ស៊ូ អា​បេ ភ្លាម មិន​ត្រឹមតែ​ពលរដ្ឋ​ជប៉ុន ប៉ុណ្ណោះ​ទេ គឺ​មនុស្ស​នៅលើ​ពិភពលោក មានការ​រន្ធត់​ចិ​ត្ដ និង​សម្ដែង​នូវ​ការសោកស្ដាយ​យ៉ាងខ្លាំង ហើយ​នៅពេល​នេះដែរ ជនសង្ស័យ ក៏បាន​សារភាព​អំពី​គោលបំណង​របស់គេ នៅក្នុង​ការវាយប្រហារ​នេះ​ផងដែរ​។​


​សារព័ត៌មាន​អិន​ហាស​កា (NHK) របស់​ជប៉ុន បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​សៅរ៍ ទី​៩ ខែកក្កដា ថា ប៉ូលិស នៅក្នុង​ខេត្ត​ណា​រ៉ា (Nara) នា​ភាគ​ខាងលិច ប្រទេស​ជប៉ុន បាន​បញ្ជាក់ថា សមត្ថកិច្ច នឹង​ត្រួតពិនិត្យ​លើ​ការរៀបចំ​បញ្ហា​សន្ដិសុខ​ឡើងវិញ​។ ការអះអាង​របស់​ប៉ូលិស​ខេត្ត​ណា​រ៉ា បានកើត​ឡើង ក្រោយ​មានការ​បាញ់ប្រហារ​ទៅលើ​លោក ស៊ិន​ហ្ស៊ូ អា​បេ អតីត​នាយករដ្ឋមន្ដ្រី​ជប៉ុន ខណៈ​គាត់​កំពុងតែ​ឃោសនា ស្វែងរក​សំឡេងឆ្នោត កាលពី​វេលា​ម៉ោង​១១ និង ៣០​នាទី​ព្រឹក ថ្ងៃ​សុក្រ​។ លោក អា​បេ បានទទួល​មរណភាព នៅក្នុង​ថ្ងៃ​ដដែល​នោះ ក្រោយពេល​បញ្ជូនទៅ​សង្គ្រោះ នៅក្នុង​មន្ទីរពេទ្យ ។​

​ជនសង្ស័យ ឈ្មោះ យ៉ាម៉ា​ហ្គា​មិ តែ​តស៊ូ​យ៉ា (Yamagami Tetsuya) រស់នៅក្នុង​ទីក្រុង​ណា​រ៉ា ត្រូវបាន​ចាប់ខ្លួន ក្រោយ​ការបាញ់ប្រហារ ទៅលើ​លោក អា​បេ ខណៈ​គាត់​ថ្លែង​សុន្ទរកថា ទៅកាន់​ហ្វូងមនុស្ស នៅក្នុង​យុទ្ធនាការ ស្វែងរក​សំឡេងឆ្នោត​។​

​ប៉ូលិស​ខេត្ត​ណា​រ៉ា បានបញ្ជាក់ នៅក្នុង​សន្និសីទកាសែត កាលពី​ល្ងាច ថ្ងៃ​សុក្រ ថា ប៉ូលិស បាន​បង្កើត​ក្រុមការងារ មាន​សមាជិក ចំនួន​៩០​នាក់ ហើយនឹង​ចាប់ផ្ដើម​ស៊ើបអង្កេត ទៅលើ​ករណី​ឃាត​កម្មនេះ​។ ប៉ូលិស​បានដឹង អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោក អា​បេ មកកាន់​ខេត្ត​ណា​រ៉ា (Nara) កាលពី​ល្ងាច ថ្ងៃ​ព្រហស្បតិ៍ ប៉ុន្តែ​នេះ​នៅតែ​មិនមាន​ពេល​គ្រប់គ្រាន់ សម្រាប់​ការរៀប​ចំការ​សន្តិសុខ​ដ៏​ចាំបាច់​នោះឡើយ​។​

​ប៉ូលិស បាន​បន្ថែមទៀត ថា ជនសង្ស័យ បាន​សារភាព អំពី​ការបាញ់សម្លាប់​លោក អា​បេ ។ ប៉ុន្ដែ​ជនសង្ស័យ បាន​អះអាងថា ករណីនេះ មកពី​រូបគេ មានការ​ខឹងសម្បា​នឹង​អង្គការ​មួយ ដែល​ជឿថា អតីត​នាយករដ្ឋមន្ត្រី មាន​ការជាប់​ពាក់ព័ន្ធ​។​

​ជនសង្ស័យ យ៉ាម៉ា​ហ្គា​មិ (Yamagami) បាន​ប្រាប់​ប៉ូលិស​ថា ម្តាយ​របស់គេ បាន​ចូលរួម​យ៉ាងសកម្ម នៅក្នុង​អង្គការ​នេះ ហើយ​បាន​បរិច្ចាគ​ប្រាក់​ជាច្រើន រហូត​បណ្តាលឱ្យមាន​ប​ញ្ហា​ធ្ងន់ធ្ងរ​ដល់​គ្រួសារ​របស់គេ​។

​ប៉ូលិស បាន​ដកស្រង់​សម្ដី​របស់​ជនសង្ស័យ ដោយ​និយាយថា រូបគេ​បានដឹង អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោក អា​បេ មកកាន់​ទីក្រុង​ណា​រ៉ា តាម​បណ្ដាញ​អ៊ិនធើរណេត ហើយក៏​បានធ្វើ​ដំណើរ​ម​ក​កាន់​កន្លែង​នោះ តាម​រថភ្លើង​។ ដោយឡែក​កាំភ្លើង​ផលិត​ដោយ​ដៃ ដែល​ប្រើប្រាស់ ជា​មធ្យោបាយ សម្រាប់​សម្លាប់​លោក អា​បេ នោះ មាន​ប្រវែង​៤០​សង់ទីម៉ែត្រ​។​

​ប៉ូលិស បាន​បន្ថែមថា សមត្ថកិច្ច​បាន​ឆែកឆេរ​លំនៅឋាន​របស់​ជនសង្ស័យ ហើយ​រឹបអូស​បាន​ដែក និង កាំភ្លើង​ឈើ​ជាច្រើន​ដើម មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅនឹង​កាំភ្លើង ប្រើប្រាស់ នៅក្នុង​ការវាយប្រហារ ទៅលើ​លោក អា​បេ​។ ក្រៅពីនេះ ប៉ូលិស ក៏បាន​រឹបអូស​វត្ថុតាង​មួយចំនួនទៀត ជា​របស់​ជនសង្ស័យ រួមមាន កាបូបស្ពាយ​មួយ ស្មា​ត​ហ្វូ​ន និង កាបូប​លុយ ។ ប៉ូលិស​ជឿថា ជនសង្ស័យ បាន​យក​កាំភ្លើង ដាក់​នៅក្នុង​ថង់​ក្រណាត់​ពណ៌​ខៀវ​ទឹកសមុទ្រ មាន​ប្រវែង​៤០​សង់ទីម៉ែត្រ សម្រាប់​យកទៅ​បាញ់ប្រហារ​។​

​ប៉ូលិស បាន​ដកស្រង់​សម្ដី​របស់​ជនសង្ស័យ ឈ្មោះ យ៉ាម៉ា​ហ្គា​មិ ដែល​បាន​អះអាងថា គេ​ធ្លាប់​បម្រើការ​ជាមួយ​កងកម្លាំង​ស្វ័យការពារ អស់​រយៈពេល​៣​ឆ្នាំ រហូតដល់​ឆ្នាំ​២០០៥ ហើយ​បច្ចុប្បន្ន គេ​គ្មាន​ការងារ​ធ្វើ​នោះឡើយ​៕​