ការពង្រីក​ឥទ្ធិពល​របស់​ចិន ធ្វើ​ឲ្យ​បណ្ដា​ប្រទេស​នៅ​តំបន់​ប៉ាស៊ីហ្វិក ដេក​ភ័យ​

ព័ត៌មានអន្តរជាតិ
0
82
រាជធានី​កង់​បេ​រ៉ា​៖ ស្របពេល​ចិន​កំពុងតែ​បង្កើន​ឥទ្ធិពល​យោធា នៅក្នុង​តំបន់​ប៉ាស៊ីហ្វិក​នោះ បណ្ដា​ប្រទេស​ដែន​កោះ​ជាច្រើន មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ហើយ​អូស្ត្រាលី នៅតែ​រក្សា​ជា​ជម្រើស​ដៃគូ​សន្តិសុខ សម្រាប់​ប្រជាជាតិ​ទាំងនោះ ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​ចិន កាន់តែ​កើនឡើង ហើយ​វា​នឹង​ក្លាយជា​ប្រធានបទ​យ៉ាងសំខាន់ សម្រាប់​លោក អេ​ន​ធូ​នី អាល់​បា​ណែ​ស (Anthony Albanese) នៅក្នុង​ការចូលរួម​កិច្ចប្រជុំ​មេដឹកនាំ នៅក្នុង​តំបន់ នា​សប្តាហ៍​នេះ​។

​សារព័ត៌មាន Finacial Review បានចេញ​ផ្សាយ កាលពី​ថ្ងៃអាទិត្យ ទី​១០ ខែកក្កដា ថា លោក អេ​ន​ធូ​នី អាល់​បា​ណែ​ស (Anthony Albanese) នាយករដ្ឋមន្ដ្រី​អូស្ដ្រាលី នឹងចូលរួម នៅក្នុង​កិច្ចប្រជុំ​មេដឹកនាំ​តំបន់​ប៉ាស៊ីហ្វិក ចំនួន​១៧​ប្រទេស​ផ្សេងទៀត រួមមាន ប្រទេស​នូវ៉ែល​ហ្សេ​ឡង់​ដ៍ (New Zealand) និង កោះ​សូ​ឡូ​ម៉ុង (Solomon Islands) ។ វេទិកា​កិច្ចប្រជុំ​កោះ​ប៉ាស៊ីហ្វិក​នេះ នឹង​ចាប់ផ្ដើម នៅ​ថ្ងៃ​ពុធ នៅ​កោះ​ហ្វី​ជី (Fiji) ។​

​លោក អេ​ន​ធូ​នី អាល់​បា​ណែ​ស (Anthony Albanese) នាយករដ្ឋមន្ដ្រី​អូស្ដ្រាលី និង សម​ភាគី​នូវ៉ែល​ហ្សេ​ឡង់​ដ៍ លោកស្រី ជេ​ស៊ីន​ដា អើ​ឌឺ​ន (Jacinda Ardern) កាលពី​សប្ដាហ៍​កន្លងទៅ​នេះ បាន​ឯកភាព នៅក្នុង​កិច្ចប្រជុំ​របស់​ពួកគេ នៅ​ទីក្រុង​ស៊ីដនី ដោយ​លើកឡើង អំពី​ផលប៉ះពាល់​ដល់​សន្តិសុខ កើតចេញពី​ការទន្ទ្រាន​របស់​ចិន នៅក្នុង​តំបន់​ចាំបាច់ ត្រូវមាន​នៅក្នុង​របៀប​វារៈ​នៃ​វេទិកា​នេះ​។​

​អូស្ត្រាលី និង នូវ៉ែល​ហ្សេ​ឡង់​ដ៍ តែងតែមាន​ការព្រួយបារម្ភ​អំពី​កិច្ចព្រមព្រៀង​សន្តិសុខ រវាង​ចិន និង កោះ​សូ​ឡូ​ម៉ុង អាច​នាំឱ្យមាន​មូលដ្ឋាន​ទ័ពជើងទឹករ​បស់​ចិន ត្រូវបាន​បង្កើតឡើង នៅ​ភាគខាងត្បូង ប៉ាស៊ីហ្វិក​។​

​លោក អេ​ន​ធូ​នី អាល់​បា​ណែ​ស (Anthony Albanese) នាយករដ្ឋមន្ដ្រី​អូស្ដ្រាលី បាន​បញ្ជាក់ថា «​គ្មានអ្វី​ត្រូវ​ងឿងឆ្ងល់ អំពី​សន្ដិសុខ ហើយ​កិច្ចព្រមព្រៀង​សន្តិសុខ​នេះ នឹង​ក្លាយជា​ប្រធានបទ នៅក្នុង​កិច្ចប្រជុំ PIF នេះ ។ វា​ជា​ហេតុផល​មួយ ក្នុងចំណោម​ហេតុផល​ជាច្រើន​ទៀត ដែល​ខ្ញុំ​ប្តេជ្ញាចិត្ត នៅក្នុង​ការចូលរួម​នេះ ព្រោះ​វា​ជា​ផលប្រយោជន៍​ជាតិ​របស់​អូស្ត្រាលី សម្រាប់​ខ្ញុំ​ត្រូវតែ​ធ្វើ​ដូច្នេះ​»​។​


​លោក អេ​ន​ធូ​នី អាល់​បា​ណែ​ស បាន​សង្កត់ធ្ងន់ថា អូស្ដ្រាលី ចង់​រក្សា​ជា​ជម្រើស​ដៃគូ​សន្ដិសុខ សម្រាប់​ប្រទេសជិតខាង នៅលើ​កោះ​តំបន់​ប៉ាស៊ីហ្វិក​។ ប៉ុន្ដែ​មានការ​ព្រួយបារម្ភ កាន់តែខ្លាំង​ឡើង ជុំវិញ​ឥទ្ធិពល​របស់​ចិន នៅក្នុង​តំបន់ ជាពិសេស នៅ​កោះ​សូ​ឡូ​ម៉ុង ដែល​គំរាមកំហែង​ដល់​កន្លែង​របស់​អូស្ត្រាលី ជា​ដៃគូ​ជម្រើស​ដំបូង​»៕​