ក្រុម​អ្នកជំនាញ​គ្រឿង​សព្វាវុធ ៖ កាំ​.​ភ្លើង ប្រើ​ធ្វើ​ឃា​.​ត​អតីត​នាយករដ្ឋមន្ដ្រី​ជប៉ុន ស្រួល​បង្កើត​

ព័ត៌មានអន្តរជាតិ
0
91
រាជធានី​តូ​ក្យូ​៖ ក្រោយពេល​ពិភពលោក មានការ​ភ្ញាក់ផ្អើល និង រន្ធត់ចិត្ត​យ៉ាងខ្លាំង ជុំវិញ​ករណី​បាញ់​ស​.​ម្លា​ប់​អតីត​នាយករដ្ឋមន្ដ្រី​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ជប៉ុន នោះមក ក្រុម​អ្នកជំនាញ​គ្រឿង​សព្វាវុធ បាន​អះអាងថា កាំភ្លើង​យកមក​ធ្វើ​ឃា​.​ត​លោក អា​បេ គឺ​ងាយស្រួល​បង្កើត ជាទីបំផុត​។​

​សារព័ត៌មាន Colors of India បានចេញ​ផ្សាយ កាលពី​ថ្ងៃអាទិត្យ ទី​១០ ខែកក្កដា ថា ក្រុម​អ្នកជំនាញ​ខាង​គ្រឿង​សព្វាវុធ បាន​អះអាងថា អាវុធ​ធ្វើ​ដោយ​ដៃ ដែល​ប្រើ​ជា​ឧបករណ៍ សម្រាប់​ការធ្វើឃាត​ទៅលើ​លោក ស៊ិន​ហ្សូ អា​បេ (Shinzo Abe) អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន អាច​ផលិត​បាន​យ៉ាង​ងាយស្រួល ដោយ​ប្រើ​សមាសធាតុ​ស្រួលៗ​បំផុត​។ ជាមួយគ្នានេះ ក៏មាន​ការលើកឡើង អំពី​សំណួរ អំពី​អ្វីដែល​អាចធ្វើ​បាន ដើម្បី​ទប់ស្កាត់​នូវ​ការបាញ់ប្រហារ​បែបនេះ​បន្ដទៅទៀត​។​


​ស្របពេល​មាន​មនុស្ស​តិចតួច ដឹង​អំពី​អាវុធ ដែល​ជនសង្ស័យ ឈ្មោះ តែ​តស៊ូ​យ៉ា យ៉ាម៉ា​ហ្គា​មិ ( Tetsuya Yamagami) អាយុ​៤១​ឆ្នាំ​ប្រើ សម្រាប់​ធ្វើឃាត​លោក អា​បេ ។ ប៉ុន្ដែ​ការវិភាគ​ជាបឋម​រប​ស់​ក្រុម​អ្នកជំនាញ បង្ហាញថា អាវុធ​នោះ គ្រាន់តែ​យក​សម្ភារ ដែល​អាច​រក​ទិញ​បាន លក់​នៅតាម​ហាង​លក់​គ្រឿង​រឹង រួមទាំង​ឈើ សម្រាប់ធ្វើ​ស៊ុម និង ដែក​បំពង់​។ បំពង់​សម្រាប់​ធ្វើជា​កាណុង ឧបករណ៍​អគ្គិសនី ថ្ម​សម្រាប់​បញ្ឆេះ និង​ខ្សែភ្លើង​។ វា​មិនមាន​ធាតុ ដែល​អាច​មើលឃើញ​ពី​ខាងក្រៅ នៃ​អាវុធ ហាក់បីដូចជា​បោះពុម្ព 3D នោះទេ ប៉ុន្ដែ​វា​មាន​រូបរាង​ដូច​ស្នាប់​កាំភ្លើង​។​

​អតីត​នាយករដ្ឋមន្ដ្រី​ជប៉ុន​រូបនេះ ត្រូវបាន​ខ្មាន់កាំភ្លើង បាញ់ប្រហារ កាលពី​វេលា​ម៉ោង​១១ និង ៣០​នាទី​ព្រឹក ថ្ងៃ​សុក្រ ខណៈ​គាត់​កំពុងតែ​ឃោសនា ស្វែងរក​សំឡេងឆ្នោត នៅក្នុង​ទីក្រុង​ណា​រ៉ា នា​ភាគ​ខាងលិច ប្រទេស​ជប៉ុន​។ លោក អា​បេ បានទទួល​មរណភាព ក្រោយពេល​បញ្ជូនទៅ​សង្គ្រោះ នៅក្នុង​មន្ទីរពេទ្យ នា​ថ្ងៃ​ដដែល​នោះ​។​

​ប្រ​វ​ត្ដិ​ស​ងេ្ខ​បរ​បស់​អតីត​នាយករដ្ឋមន្ដ្រី​ជប៉ុន លោក អា​បេ ដែល​ត្រូវគេ​ធ្វើឃាត​

​លោក Shinzo Abe កើត​នៅ​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​១៩៥៤ ហើយ​បានទទួល​មរណភាព នៅ​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២២ ដោយ​ឃាតកម្ម​។ លោក អា​បេ ជា​អ្នកនយោបាយ​ដ៏​មាន​ឥទ្ធិពល​បំផុត នៅក្នុង​ប្រទេស​ជប៉ុន​។ គាត់​ធ្លាប់​ធ្វើជា​នាយករដ្ឋមន្ដ្រី​ជប៉ុន និង ជា​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​សេរីនិយម (LDP) លើក​ទី​១ ចន្លោះ​ពី​ឆ្នាំ​២០០៦​ដល់ ២០០៧ និង លើក​ទី​២​ចន្លោះ​ពី​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០២០​។​

​លោក អា​បេ ក្លាយជា​នាយករដ្ឋមន្ដ្រី​ជប៉ុន កាន់តំណែង​បានយូរ​ជាងគេ​បំផុត នៅក្នុង​ប្រទេស​អាស៊ី​បូព៌ា​មួយ​នេះ​។ ក្រៅពី​តំណែង​កំពូល​នេះ គាត់​ក៏​ធ្លាប់​ធ្វើជា​ប្រធាន​ខុទ្ទកាល័យ ចន្លោះ​ពី​ឆ្នាំ​២០០៥​ដល់​២០០៦ ក្រោម​រដ្ឋាភិបាល​របស់​លោក ជូ​នី​ជី​រ៉ូ កូ​អ៊ី​ហ្ស៊ូ​មី (Junichiro Koizumi) ។​

​លោក អា​បេ កើត នៅក្នុង​គ្រួសារ​អ្នកនយោបាយ​ដ៏​លេចធ្លោ​មួយ​របស់​ជប៉ុន ដោយ​ជីតា ឈ្មោះ ណូ​ប៊ូ​ស៊ូ​កេ គី​ស៊ី (Nobusuke Kishi) អតីត​នាយករដ្ឋមន្ដ្រី​។ បន្ទាប់ពី​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ ពី​សាកលវិទ្យាល័យ​សេ​កេ (Seikei) រួចមក គាត់​បាន​បន្ដទៅ​ចូលរៀន នៅ​សកល​វិទ្យាល័យ Southern California មួយរយៈ​ខ្លី ហើយ​លោក អា​បេ បាន​ជាប់​ជា​តំណាងរាស្ត្រ នៅក្នុង​ការបោះឆ្នោត​ឆ្នាំ​១៩៩៣​។ នៅក្នុង​ឆ្នាំ​២០០៥ លោក Abe ត្រូវបានតែងតាំង​ជា​ប្រធាន​ខុទ្ទកាល័យ​របស់លោក កូ​អ៊ី​ហ្ស៊ូ​មី (Koizumi) ហើយ​ក្លាយជា​នាយករដ្ឋមន្ត្រី និង ជា​ប្រធាន LDP នៅ​ឆ្នាំ​បន្ទាប់​។​

​លោក អា​បេ ក្លាយជា​នាយករដ្ឋមន្ត្រី ក្មេង​ជាងគេ ក្រោយ​សង្គ្រាម​របស់​ប្រទេស​ជប៉ុន និង ជា​អ្នក​ដំបូង​ដែល​បានកើត ក្រោយ​សង្គ្រាមលោកលើកទី​ពីរ​។ លោក អា​បេ បាន​លាលែង​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី បន្ទាប់ពី​កាន់តំណែង​រយៈពេល​មួយឆ្នាំ ដោយសារ​បញ្ហា​សុខភាព បង្កឡើង ដោយ​ជំងឺ​រលាក​ពោះវៀនធំ​។​


​លោក អា​បេ ត្រូវបាន​គេ​ធ្វើឃាត នៅ​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២២ ដោយ​អតីត​កម្លាំង​ស្វ័យការពារ​កង​ម៉ា​រី​ន​ជប៉ុន​។ បើ​យោងតាម​ការស៊ើបអង្កេត​របស់​ប៉ូលិស បាន​ឲ្យ​ដឹងថា លោក Abe ត្រូវបាន​ជនសង្ស័យ កំណត់​គោលដៅ ដោយសារតែ​ទំនាក់ទំនង​របស់គាត់ ជាមួយនឹង​ព្រះវិហារ​បង្រួបបង្រួម ជា​ចលនា​សាសនា​ថ្មី​មួយ ត្រូវបាន​បង្កើតឡើង នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​។​

​លោក អា​បេ មាន​ឪពុក​ឈ្មោះ ស៊ីន​តា​រ៉ូ អា​បេ ( Shintaro Abe) និង ម្ដាយ​ឈ្មោះ យ៉ូ​កូ គី​ស៊ី (Yoko Kishi) ហើយ​មាន​ប្រពន្ធ​ឈ្មោះ អា​គេ ម៉ា​តស៊ូ​ហ្សា​គិ (Akie Matsuzaki) ដោយ​រៀបការ នៅក្នុង​ឆ្នាំ​១៩៨៧៕​