ប្រធានាធិបតី​រុស្ស៊ី ចេញ​ក្រឹត្យ​ផ្ដល់​សញ្ញា​តិ ដល់​ប្រជាជន​អ៊ុយ​ក្រែ​ន​ទាំងអស់​

ព័ត៌មានអន្តរជាតិ
0
97
រដ្ឋធានី​មូ​ស្គូ​៖ នៅមុន​ការផ្ទុះ​សង្គ្រាម​ឈ្លានពាន កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២​នោះ ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​សរសេរ​អត្ថបទ​មួយ ដោយ​អះអាងថា ជនជាតិ​រុស្ស៊ី និង អ៊ុយ​ក្រែ​ន ជា​ប្រជាជន​តែមួយ ហើយ​សកម្មភាព​របស់​គាត់ មាន​ចេតនា​ដកហូត​ភាពស្របច្បាប់​របស់​អ៊ុយ​ក្រែ​ន ជា​រដ្ឋ​ឯករាជ្យ ប៉ុន្ដែ​រហូតមក​ដល់ពេលនេះ គាត់​ថែមទាំង បានចេញ​ក្រឹត្យ​ថ្មី​មួយ​ផ្សេងទៀត ផ្ដល់​សញ្ជាតិ​រុស្ស៊ី ដល់​ប្រជាជន​អ៊ុយ​ក្រែ​ន ទាំងអស់​។​

​សារព័ត៌មាន The New Indian Express បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ចន្ទ ទី​១១ ខែកក្កដា ឆ្នាំ​២០២២ ថា ស្របពេល​មី​ស៊ី​ល​របស់​ក្រុង​មូ​ស្គូ បាន​វាយប្រហារ ទៅលើ​ទីក្រុង​ដ៏​សំខាន់​មួយចំនួន​របស់​អ៊ុយ​ក្រែ​ន ភ្លាម ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន (Vladimir Putin) កាលពី​ថ្ងៃ​ចន្ទ បាន​ពង្រីក​នីតិវិធី​យ៉ាង​លឿន​បំផុត​មួយ សម្រាប់​ការផ្ដល់​សញ្ជាតិ​រុស្ស៊ី ទៅដល់​ប្រជាជន​អ៊ុយ​ក្រែ​ន​ទាំងអស់​។ នេះ​ជា​កិច្ចខិតខំ​ប្រឹងប្រែង​ថ្មី​មួយទៀត ដើម្បី​ពង្រឹង​ឥទ្ធិពល​របស់​ក្រុង​ម៉ូស្គូ ទៅលើ​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​កំពុងតែ​ហែកហួរ ដោយសារ​សង្គ្រាម​ឈ្លានពាន​នេះ​។​


​ទោះជា​យ៉ាងណា រហូតមក​ដល់ពេល​ថ្មីៗ​នេះ មានតែ​អ្នករស់នៅ​តំបន់​ដូ​ណែ​ត​ស្ក៍ (Donetsk) និង លូ​ហាន់​ស្ក៍ (Luhansk) នា​ភាគ​ខាងកើត ប្រទេស​អ៊ុយ​ក្រែ​ន ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ក្រុម​ផ្ដាច់ខ្លួន គាំទ្រ ដោយ​រុស្ស៊ី ក៏ដូចជា អ្នកស្រុក​រស់នៅ​ភាគខាងត្បូង ទីក្រុង​ហ្សា​ប៉ូ​រី​ស​ហ្ស៊ា ( Zaporizhzhia) និង តំបន់​ឃើ​រ​សុន (Kherson) ដែលជា​ផ្នែក​ដ៏​ធំ​មួយ ស្ថិតក្រោម​ការគ្រប់គ្រង​របស់​រុស្ស៊ី មាន​សិទ្ធិ​ដាក់ពាក្យ​ស្នើសុំ​លិខិតឆ្លងដែន​ធម្មតា​។​

​ដោយឡែក ក្រុមមន្ដ្រី​អ៊ុយ​ក្រែ​ន នៅ​មិនទាន់មាន​ប្រតិកម្ម​ភ្លាមៗ ចំពោះ​ការប្រកាស​របស់លោក ពូ​ទីន ប្រធានាធិបតី​រុស្ស៊ី ដែលថា គាត់​បាន​ចុះហត្ថលេខា​លើ​ក្រឹត្យ ស្តីពី​លិខិតឆ្លងដែន ដែល​អនុវត្ត ចំពោះ​ជន​គ្មាន​សញ្ជាតិ​ណាមួយ​ក៏ដោយ ហើយ​បច្ចុប្បន្ន​រស់នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​


​នៅ​ចន្លោះ​ពី​ឆ្នាំ​២០១៩​រហូតមក ក៏មាន​ការណែនាំ អំពី​នីតិវិធី សម្រាប់​អ្នករស់នៅ​តំបន់ Donetsk និង Luhansk ក្រោម​ការគ្រប់គ្រង​រប​ស់​ក្រុម​ផ្ដាច់ខ្លួន គាំទ្រ​ដោយ​រុស្ស៊ី ហើយ​នៅ​ឆ្នាំ​នេះដែរ ក៏មាន​មនុស្ស​ជាង ៧២០ ០០០​នាក់ រស់នៅក្នុង​តំបន់​ទាំង​២​នេះ ដែល​ស្មើនឹង​ប្រហែល​១៨​ភាគរយ នៃ​ចំនួន​ប្រជាជន​សរុប បានទទួល​លិខិតឆ្លងដែន​រុស្ស៊ី​។​

​នៅ​ចុងខែ​ឧសភា ពោលគឺ​៣​ខែ បន្ទាប់ពី​រុស្ស៊ី​បាន​ឈ្លានពាន នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន នោះ ក៏មាន​នីតិវិធី​យ៉ាង​លឿន ត្រូវ​ផ្តល់ជូន​ដល់​ប្រជាជន​រស់នៅ​ទីក្រុង Zaporizhzhia និង តំបន់ Kherson ផងដែរ​។​

​សកម្មភាព​ផ្ដល់​លិខិតឆ្លងដែន​របស់​រុស្ស៊ី ហាក់ដូចជា ផ្នែក​មួយ នៃ​យុទ្ធសាស្ត្រ​ដ៏​មាន​ឥទ្ធិពល នៅក្នុង​គោលនយោបាយ​របស់លោក ពូ​ទីន ពាក់ព័ន្ធ​នឹង​ការបញ្ចូល​រូបិយប័ណ្ណ​រូពី (Ruble) របស់​រុស្ស៊ី នៅលើ​ទឹកដី​ប្រទេស​អ៊ុយ​ក្រែ​ន ស្ថិតក្រោម​ការកាន់កាប់​របស់​ក្រុង​មូ​ស្គូ ហើយ​នៅ​ទីបំផុត វា​អាច​បណ្តាលឱ្យមាន​ការបញ្ចូល​ទឹកដី​របស់​អ៊ុយ​ក្រែ​ន បន្ថែមទៀត ចូលទៅក្នុង​សហព័ន្ធន៍​រុស្ស៊ី​។ នេះ​ជា​សកម្មភាព​ថ្មី​មួយទៀត​របស់​ក្រុង​មូ​ស្គូ ក្រោយ​រុស្ស៊ី​បាន​បញ្ចូល​ឧបទ្វីប​គ្រី​មៀ (Crimea) របស់​អ៊ុយ​ក្រែ​ន ស្ថិតនៅ​សមុទ្រ​ខ្មៅ ចូលទៅក្នុង​ទឹកដី​របស់​រុស្ស៊ី កាលពី​អំឡុង​ឆ្នាំ ២០១៤​។​

​មុនពេល​ការឈ្លានពាន​របស់​រុស្ស៊ី ទៅលើ​ប្រទេស​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២​នោះ ប្រធានាធិបតី​រុស្ស៊ី លោក ពូ​ទីន បាន​សរសេរ​អត្ថបទ​មួយ កាលពី​រដូវក្តៅ ឆ្នាំមុន ដោយ​អះអាងថា ជនជាតិ​រុស្ស៊ី និង អ៊ុយ​ក្រែ​ន ជា​ប្រជាជន​តែមួយ​។ នេះ​ជា​មហិច្ឆតា​របស់លោក ពូ​ទីន នៅក្នុង​ការប៉ុនប៉ង កាត់បន្ថយ​ភាពស្របច្បាប់​របស់​អ៊ុយ​ក្រែ​ន ជា​ប្រទេស​ឯករាជ្យ​។ របាយការណ៍​នេះ បាន​លេចចេញ ពី​អាជ្ញាធរ​រុស្ស៊ី ដែល​បាន​រឹបអូស​លិខិតឆ្លងដែន​អ៊ុយ​ក្រែ​ន ពី​ពលរដ្ឋ​មួយចំនួន​។


​រដ្ឋអាជ្ញា និង​មន្ត្រី​ក្នុង​តំបន់ បាន​បញ្ជាក់ថា សេចក្តីប្រកាស​អំពី​ការផ្ដល់​លិខិតឆ្លងដែន​របស់​រុស្ស៊ី​នេះ បានកើត​ឡើង តែ​ប៉ុន្មាន​ម៉ោង បន្ទាប់ពី​កងទ័ព​របស់​ក្រុង​មូ​ស្គូ​បាន​បាញ់​ផ្លោង ដាក់​ទីក្រុង​ធំ​ទី​២​របស់​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃ​ចន្ទ ដោយបាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់​៦​នាក់ និង របួស​៣១​នាក់ ។ ទាហាន​រុស្ស៊ី បាន​បើក​ការវាយប្រហារ ដោយ​កាំជ្រួច​ចំនួន​៣​លើក ទៅលើ​ទីក្រុង​ខា​គី​វ (Kharkiv) ជាទី​ក្រុង​ធំ​ទី​២​របស់​អ៊ុយ​ក្រែ​ន​៕​