ប្រធានាធិបតី​ស្រីលង្កា នឹង​ចេញពី​ម៉ា​ឌី​វ មកសុំ​សិទ្ធិ​ជ្រកកោន​នៅ​ប្លុក​អាស៊ាន​

ព័ត៌មានអន្តរជាតិ
0
108
រដ្ឋធានី​កូឡុមបូ (Colombo)៖ ប្រធានាធិបតី​ស្រីលង្កា ក្រោយ​លើក​បន្តុប​គ្រួសារ​ឲ្យ​ដឹកនាំ​ប្រទេស រហូត​វណ្ឌ​ក​នឹង​បំណុល​បរទេស កើនឡើង​ដល់​៥១​ពាន់​លាន​ដុល្លារ និង ធ្វើ​ឲ្យ​សេដ្ឋកិច្ចជាតិ​ដួលរលំ​នោះមក បាន​នាំ​ក្រុមគ្រួសារ រត់​ភៀសខ្លួន ចេញពី​ប្រទេស​របស់ខ្លួន ទៅដល់​ប្រទេស​ម៉ា​ឌី​វ តាំងពី​ថ្ងៃ​ពុធ ទី​១៣ ខែកក្កដា ហើយ​បន្ដ​មកសុំ​សិទ្ធិ​ជ្រកកោន នៅ​ប្លុក​អាស៊ីអាគ្នេយ៍​។​

​សារព័ត៌មាន​ឥណ្ឌា Republic World បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែកក្កដា ថា ប្រធានាធិបតី​ស្រីលង្កា លោក ហ្គោ​តា​បា​យ៉ា រ៉ា​ចា​ប៉ាក​សា (Gotabaya Rajapaksa) កាលពី​ថ្ងៃ​ពុធ នាំ​ប្រពន្ធ តាម​យន្ដហោះ​យោធា​របស់​ប្រទេស​ដែន​កោះ នៃ​អាស៊ី​ខាងត្បូង​មួយ​នេះ ភៀសខ្លួន​ទៅកាន់​ប្រទេស​ម៉ា​ឌី​វ​។ ប៉ុន្ដែ​បើតាម​សេចក្ដីរាយការណ៍​ថ្មី អះអាង លោក​ប្រធានាធិបតី នឹង​បន្ដ​ភៀសខ្លួន ទៅកាន់​ប្រទេស​សិង្ហ​បុរី នៅ​ល្ងាច​ថ្ងៃនេះ​។​

​ទោះជា​យ៉ាងណា សំណើសុំ​សិទ្ធិ​ជ្រកកោន​របស់​ប្រធានាធិបតី​ស្រីលង្កា នៅក្នុង​ប្រទេស​សិង្ហ​បុរី កំពុងស្ថិត​ក្រោម​ការចរចា ខណៈ​មេដឹកនាំ​រូបនេះ កំណត់ពេល នឹង​មកដល់​ប្រទេស​សិង្ហ​បុរី នៅ​ថ្ងៃ​ព្រហស្បតិ៍​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន បាន​រាយការណ៍​ថា «​ប្រធានាធិបតី​រូបនេះ មានការ​ភ័យខ្លាច នៅក្នុង​ការធ្វើដំណើរ​ជាមួយ​សាធារណជន​ទូទៅ ក្រោម​ហេតុផល​សុវត្ថិភាព ទើប​គាត់​ចង់បាន​យន្តហោះ​ផ្ទាល់ខ្លួន​»​។​

​ប្រភពព័ត៌មាន​ជាច្រើន បាន​រាយការណ៍​ថា អតីត​ប្រធានាធិបតី​ម៉ា​ឌី​វ លោក ម៉ូ​ហា​មេ​ដ ណា​ស៊ីដ (Mohamed Nasheed) ជា​អ្នកសម្របសម្រួល ដល់​ការរត់​ភៀសខ្លួន​របស់​ប្រធានាធិបតី​ស្រីលង្កា​។ ជាមួយគ្នានេះដែរ ប្រជាជាតិ​ស្រីលង្កា ក៏​កំពុងតែ​ទន្ទឹងរង់ចាំ​នូវ​ការប្រកាស​លាលែង​ពី​តំណែង​របស់​ប្រធានាធិបតី​រូបនេះ​។​



​រយៈពេល​១​ថ្ងៃ ក្រោយពេល​ប្រធានាធិបតី​ស្រីលង្កា រូបនេះ បាន​ភៀសខ្លួន គេច​ចេញពី​ការបះបោរ ប្រឆាំងនឹង​វិបត្តិ​សេដ្ឋកិច្ច ដែល​ត្រូវបាន​ស្តីបន្ទោស ទៅលើ​ការគ្រប់គ្រង​មិន​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល​របស់គាត់​។ ដោយឡែក ក្រុមបាតុករ និង សកម្មជន ក៏ដូចជា ក្រុម​មេធាវី​ស្រីលង្កា បាន​អំពាវនាវ សុំ​ឲ្យ​នាំខ្លួន​ប្រធានាធិបតី លោក ហ្គោ​តា​បា​យ៉ា រ៉ា​ចា​ប៉ាក​សា និង ក្រុមគ្រួសារ​របស់គាត់​ជាច្រើន​នាក់​ផ្សេងទៀត យកមក​កាត់ទោស ក្រោម​ការចោទប្រកាន់ ពីបទ​ពុករលួយ និង ការរំលោភ​សិទ្ធិមនុស្ស​។​

​ទោះជា​យ៉ាងណា រហូតមកដល់​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រធាន​សភាជាតិ​ស្រីលង្កា នៅតែ​មិនទាន់​ទទួលបាន​លិខិត​លាលែង​តំណែង ពី​ប្រធានាធិបតី លោក Gotabaya Rajapaksa នៅឡើយ​។​


​ស្របពេល​ប្រទេស​ស្រីលង្កា កំពុងតែ​ធ្លាក់ចូល​វិបត្ដិ​យ៉ាងធ្ងន់ធ្ងរ​នោះ លោកស្រី ជូ​លី ជុង (Julie Chung) ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​នៅ​រដ្ឋធានី​កូឡុមបូ បាន​ជំរុញ​ឲ្យ​មានការ​ផ្ទេរអំណាច​ដោយ​សន្ដិវិធី ស្របតាម​រដ្ឋធម្មនុញ្ញ នៃ​ប្រទេស​នេះ​។ ជាមួយគ្នានេះដែរ សហរដ្ឋអាមេរិក ក៏បាន​ថ្កោលទោស​ដល់​គ្រប់​ទម្រង់ នៃ​អំពើហិង្សា​ទាំងអស់ ហើយ​អំពាវនាវ​ឲ្យ​មាន​នីតិរដ្ឋ នៅក្នុង​ប្រទេស​ដែន​កោះ ដែល​រងគ្រោះ ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​នេះ​៕​