អាមេរិក​បញ្ចុះបញ្ចូល​ប្រទេស​អារ៉ាប់មិន​សម្រេច បារាំង​ហៅ​ទៅ​និយាយ​គ្នា​ម្ដង​

ព័ត៌មានអន្តរជាតិ
0
225
​រដ្ឋធានី​ប៉ារីស​៖ ក្រោយពេល​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃ​ដិ​ន បាន​បរាជ័យ នៅក្នុង​ការបញ្ចុះ​បញ្ចូល ដល់​បណ្ដា​ប្រទេស​អារ៉ាប់ ដើម្បី​ជំរុញ​ឲ្យ​បង្កើន​នូវ​ការផលិត សម្រាប់​ការបញ្ចុះ​តម្លៃ​ថាមពល​នោះ មេដឹកនាំ​អារ៉ាប់​រួម ក៏បាន​ធ្វើដំណើរ ទៅ​បំពេញ​ទស្សនកិច្ច​ជា​លើកដំបូង​របស់គាត់នៅក្នុង​ប៉ារីស ប្រទេស​បារាំង ដោយ​ផ្តោតរ​បៀប​វារៈ​យ៉ាងសំខាន់ លើ​ទំនាក់ទំនង​ការទូត និង កិច្ចព្រមព្រៀង​ថាមពល​។​



​សារព័ត៌មាន 124 News បាន​ផ្សាយ កាលពី​ថ្ងៃ​ចន្ទ ទី​១៨ ខែកក្កដា ឆ្នាំ​២០២២ ថា លោក សេក ម៉ូ​ហា​មេ​ដ ប៊ី​ន ហ្សា​យេ​ដ អាល់​ណា​យ៉ាន (Sheikh Mohamed bin Zayed Al-Nahyan) ប្រធានាធិបតី​អារ៉ាប់​អេ​មី​រ៉េត (United Arab Emirates) បាន​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ នៅក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង កាលពី​ថ្ងៃអាទិត្យ​។ នៅក្នុង​ដំណើរ​ទស្សនកិច្ច​ជា​លើកដំបូង​របស់គាត់ ទៅ​ក្រៅប្រទេស​នោះ គឺ​ផ្ដោត​យ៉ាងសំខាន់​ទៅលើ​កិច្ចព្រមព្រៀង​ថាមពល និង ការដឹកជញ្ជូន​។​

​ដំណើរ​បំពេញ​ទស្សនកិច្ច​នៅក្រៅ​ប្រទេស​របស់​ប្រធានាធិបតី​អារ៉ាប់​រួម បានកើត​ឡើង ក្រោយពេល​លោក ចូ បៃ​ដិ​ន ប្រធានាធិបតី​សហរដ្ឋអាមេរិក បាន​ទៅ​បំពេញ​ទស្សនកិច្ច ជា​លើកដំបូង​របស់គាត់ នៅក្នុង​តំបន់​មជ្ឈិមបូព៌ា រួមទាំង​ប្រទេស​អ៊ីស្រាអែល និង អា​រ៉ា​ប៊ី​សា​អូឌីត ខណៈ​មហាអំណាច​លោកខាងលិច នៅតែ​អស់សង្ឃឹម​នឹង​ក្រុង​រី​យ៉ា​ដ (Riyadh) និង អារ៉ាប់​រួម នៅក្នុង​ការបង្កើន​ទិន្នផល​ប្រេង សម្រាប់​ទប់ស្កាត់​នឹង​តម្លៃ​ថាមពល​កំពុងតែ​កើនឡើង បណ្តាលមកពី​ការឈ្លានពាន​របស់​រុស្ស៊ី នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ ប្រធានាធិបតី​អារ៉ាប់​រួម នឹង​ជួប​ជាមួយ​សម​ភាគី​បារាំង លោក អែម​ម៉ា​ញ៉ែ​ល ម៉ា​ក្រុង (Emmanuel Macron) នៅ​ថ្ងៃ​ចន្ទ ទី​១៨ ខែកក្កដា នៅ​វិមាន​អេ​លី​សេ (Elysee)​។​


​ទីប្រឹក្សា នៃ​វិមាន Elysee របស់​ប្រធានាធិបតី​បារាំង បាន​ប្រាប់​ដល់​ទីភ្នាក់ងារសារព័ត៌មាន AFP ដោយ​សំដៅលើ​ការផ្គត់ផ្គង់​ប្រេងម៉ាស៊ូត ថា ចំណុច​សំខាន់ នៃ​ដំណើរ​ទស្សនកិច្ច​នេះ ទំនងជា​ការបង្ហាញ អំពី​«​ការធានា ដោយ​អារ៉ាប់​រួម (UAE) លើ​បរិមាណ នៃ​ការផ្គត់ផ្គង់​អ៊ី​ដ្រូ​កាបូន ជួយ​ដល់​ប្រទេស​បារាំង​៕​