បុរស​ដើមកំណើត​ឥណ្ឌា រំពឹងថា នឹង​ក្លាយជា​នាយករដ្ឋមន្ដ្រី​ថ្មី​របស់​អង់គ្លេស​

ព័ត៌មានអន្តរជាតិ
0
161
រាជធានី​ឡុង​ដ៍​៖ ការប្រកួតប្រជែង​ដណ្ដើម​តំណែង​នាយករដ្ឋមន្ដ្រី​ចក្រភព​អង់គ្លេស កំពុងតែបន្ដ​យ៉ាង​ស្វិតស្វាញ សម្រាប់​ចូលមក​ជំនួស​លោក បូរី​ស ច​ន​សុន ដែល​បានប្រកាស​លាលែង​ពី​តំណែង ហើយ​រហូតមក​ដល់ពេលនេះ គេ​កំពុងតែ​មើលឃើញថា បុរស​ម្នាក់ ជា​ជនជាតិ​អង់គ្លេស​ដើមកំណើត កំពុងតែ​នាំមុខគេ នៅក្នុង​ការបោះឆ្នោត​ចុងក្រោយ​នេះ​។​


​ទស្សនាវដ្ដី The Week បានចេញ​ផ្សាយ កាលពី​ថ្ងៃ​អង្គារ ទី​១៩ ខែកក្កដា ថា លោក រី​ស៊ី ស៊ូ​ណាក (Rishi Sunak) អតីត​ប្រធាន​រតនាគារ​ចក្រភព​អង់គ្លេស និង ជា​អតីត​រដ្ឋមន្ដ្រីក្រសួង​ហិរញ្ញវត្ថុ ទទួលបាន​សំឡេងគាំទ្រ ចំនួន​១១៨ នៅក្នុង​ការបោះឆ្នោត​ជុំ​ទី​៤​។ គាត់​បាន​ឈរ​នៅ​លំដាប់​កំពូល នៃ​ការបោះឆ្នោត កាលពី​ថ្ងៃ​អង្គារ ដើម្បី​ក្លាយជា​បេក្ខជន​ម្នាក់ នៅក្នុង​ចំណោម​បេក្ខជន​២​នាក់ ដែល​ឈានមុខ​គេ សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ថ្មី នៃ​គណបក្ស​អភិរក្ស និង ជា​នាយករដ្ឋមន្ត្រី​អង់គ្លេស​។​



​អតីត​ប្រធាន​ធនាគារ​ជនជាតិ​អង់គ្លេស ដើមកំណើត​ឥណ្ឌា រូបនេះ បានទទួល​សំឡេងឆ្នោត ចំនួន​១១៨ នៅក្នុង​ការបោះឆ្នោត​ជុំ​ទី​៤ ខណៈ​លោក ផែន​នី ម័​រ​ដោ​ន (Penny Mordaunt) រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម ទទួល​បានខ​៩២​សំ​ឡែ​ង និង លោកស្រី លី​ស ត្រាស់ (Liz Truzz) រដ្ឋមន្ដ្រី​ក្រសួងការបរទេស​របស់លោក ច​ន​សុន ទទួលបាន​៨៦​សំឡេង​។​


​ទោះជា​យ៉ាងណា រហូតមកដល់​ពេលនេះ លោក បូរី​ស ច​ន​សុន (Boris Johnson) នឹង​នៅតែ​បន្ដ​ធ្វើជា​អធិបតី ដឹកនាំ​កិច្ចប្រជុំ​គណៈរដ្ឋមន្ដ្រី​របស់គាត់ ក្នុងនាម​ជា​នាយករដ្ឋមន្ដ្រី​ចាំផ្ទះ នៅ​សប្ដាហ៍​នេះ ហើយ​គេ​រំពឹងថា នាយករដ្ឋមន្ដ្រី​ថ្មី នឹង​មក​ជំនួស​តំណែង​របស់គាត់ នៅក្នុងពេល​ដ៏​ឆាប់ៗ​ខាងមុខនេះ​៕​