ស.ង្គ្រាម​៥​ខែ កម្លាំង​ទ័.ព​រុស្ស៊ី​ចាប់ផ្ដើម​ទន់​ដៃ ចំពេល​អ៊ុយ​ក្រែ​ន​មាន​ទឹកចិត្ត​ប្រ.យុទ្ធ​យ៉ាងខ្លាំង​ក្លា​

ព័ត៌មានអន្តរជាតិ
0
307
រាជធានី​ឡុង​ដ៍​៖ រហូតមកដល់​ពេលនេះ សង្គ្រាម​ឈ្លានពាន​របស់​ប្រធានាធិបតី​រុស្ស៊ី នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន បានអូសបន្លាយ អស់​រយៈពេល​១៤៩​ថ្ងៃ គិត​ត្រឹម ថ្ងៃ​សុក្រ ទី​២២ ខែកក្កដា ហើយ​ទឹកចិត្ត​ប្រយុទ្ធ​របស់​កម្លាំង​ការពារ​ទឹកដី កំពុង​តែមាន​សន្ទុះ​ឡើង​យ៉ាងខ្លាំង​ក្លា ខណៈ​កម្លាំង​ទាហាន​ក្រុង​មូ​ស្គូ ទំនងជា​នឹង​អស់​ថាមពល ដោយ​ប្រឈម​នឹង​ការលំបាក នៅក្នុង​ការបង្កើន​កម្លាំង​ទ័ព និង ភស្ដុភារ​។​

​សារព័ត៌មាន BBC បានចេញ​ផ្សាយ កាលពី​ថ្ងៃ ព្រហស្បតិ៍ ទី​២១ ខែកក្កដា ថា លោក រី​ឆាដ ម័​រ (Richard Moore) នាយក​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ MI6 កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​បញ្ជាក់ថា កម្លាំង​ទាហាន​រុស្ស៊ី ប្រហែលជា​អស់​ថាមពល នៅក្នុង​ការវាយលុក នៅក្នុង​សង្គ្រាម នៅ​អ៊ុយ​ក្រែ​ន​។ ដោយឡែក មេដឹកនាំ​វិមាន​ក្រឹម​ឡាំង លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន (Vladimir Putin) នឹងត្រូវ​ជំរុញ​ឱ្យ​កងទ័ព​របស់ខ្លួន បញ្ឈប់​ការ​លុកលុយ​ជា​បណ្តោះអាសន្ន​មួយរយៈ​សិន​។​


ថ្លែង នៅក្នុង​វេទិកា​សន្តិសុខ Aspen កាលពី​ថ្ងៃ​ព្រហស្បតិ៍ នៅក្នុង​រដ្ឋ​ខូ​ឡូ​រ៉ា​ដូ សហរដ្ឋអាមេរិក ខណៈ​បង្ហាញខ្លួន​ជា​សាធារណៈ​ដ៏​កម្រ​របស់គាត់ នៅ​ខាងក្រៅ​ប្រទេស​នោះ ប្រធាន​ចារកម្ម​របស់​ចក្រភព​អង់គ្លេស រូបនេះ បាន​ព្យាករ​ថា ប្រជាជន​រុស្ស៊ី នឹង​ជួប​នូវ​បញ្ហា​ប្រឈម កាន់តែខ្លាំង​ឡើង នៅក្នុង​ការស្វែងរក​ក​ម្លាំ​ង​ពលកម្ម និង សម្ភារៈ​។ ដោយឡែក កម្លាំង​ទាហាន​រុស្ស៊ី យ៉ាងតិច ប្រហែលជា ១៥ ០០០​នាក់ ត្រូវគេ​ជឿថា បាន​ស្លាប់ នៅក្នុង​សង្គ្រាម នៅ​អ៊ុយ​ក្រែ​ន​។​

​លោក រី​ឆាដ ម័​រ (Richard Moore) នាយក​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ MI6 បាន​បញ្ជាក់ថា «​ខ្ញុំ​គិតថា កម្លាំង​ទាហាន​រុ​ស្ស៉ី អាច​នឹង​ផ្អាក​ការវាយប្រហារ​មួយរយៈ ដោយសារតែ​ពួកគេ អស់ ថាមពល ហើយ​នេះ​ជា​ឱកាសល្អ សម្រាប់​កងទ័ព​អ៊ុយ​ក្រែ​ន វាយបក​តបត​វិញ​។ ដូច្នេះ​កម្លាំងយោធា​រុ​ស្ស៉ី អាច​ប្រឈមមុខ​នឹង​ការលំបាក កាន់តែខ្លាំង​ឡើង នៅក្នុង​ការបង្កើន​កម្លាំង​ទ័ព និង បរិក្ខារ​យោធា នៅក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ខាងមុខនេះ​។​


​ប្រធាន​ចារកម្ម​របស់​ចក្រភព​អង់គ្លេស រូបនេះ បាន​សង្កត់ធ្ងន់ថា ស្ថានភាព​សង្គ្រាម នាពេល​បច្ចុប្បន្ននេះ កំពុងតែ​បង្ហាញ ថា អ៊ុយ​ក្រែ​ន មានលទ្ធភាព យកឈ្នះ​លើ​សង្គ្រាម ព្រោះ​ស្មារតី​ប្រយុទ្ធ​របស់​កងទ័ព​អ៊ុយ​ក្រែ​ន កាន់​តែមាន​សភាព​ខ្លាំង​ក្លា​ឡើង ដោយសារ​មានការ​លើកទឹកចិត្ត ពី​បណ្ដា​ប្រទេស​បស្ចិម​លោក រួមទាំង​ការផ្ដល់​សម្ភារ​សឹក​ទំនើបៗ​បន្ថែម​ទៀតផង​៕​