​ប្រធានាធិបតី​ស្រីលង្កាថ្មីឡើងកាន់តំណែងភ្លាម ប្រើ​កម្លាំង​ទា.ហាន​បង្ក្រាប​ភ្លែត​

ព័ត៌មានអន្តរជាតិ
0
172
​រដ្ឋធានី​កូឡុំបូ (Colombo)៖ រហូតមកដល់​ពេលនេះ ប្រទេស​ស្រីលង្កា បានជ្រើសរើស​នាយករ​ដ្ឋ​មន្ដ្រី ធ្លាប់​កាន់តំណែង​ចំនួន​៦​អាណ​ត្ដិ ឲ្យ​ក្លាយ​ប្រធានាធិបតី​ថ្មី ហើយ​កម្លាំង​ទាហាន​របស់​ប្រទេស​នេះ ក៏បាន​ឆ្មក់​ចូលទៅ​បង្ក្រាប លើ​ជំរំ​បាតុកម្ម ដែល​តវ៉ា​ប្រឆាំងនឹង​ការដឹកនាំ​ប្រទេស ឲ្យ​សេដ្ឋកិច្ចជាតិ​ដួលរលំ​។​

​សារព័ត៌មាន The Guardian បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​សុក្រ ទី​២២ ខែកក្កដា ថា កម្លាំងយោធា​ស្រីលង្កា បាន​បង្ក្រាប​ទីតាំង​តវ៉ា Gota Go Gama ហើយ​មនុស្ស ចំនួន​៩​នាក់​ត្រូវបាន​គេ​រាយការណ៍​ថា បាន​ចាប់ខ្លួន​ពី​កន្លែង​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​។​

​ក្រុមអ្នកតវ៉ា បាន​អះអាងថា អំពើហិង្សា​យ៉ាង​ឃោរ​.​ឃៅ បានកើត​ឡើង ក្រោយពេល​កម្លាំង​ទាហាន​បាន​ឆ្មក់​ចូលទៅ​កាន់​ទីតាំង​តវ៉ា​ជាច្រើន​កន្លែង នៅក្នុង​រដ្ឋធានី​កូឡុំបូ កាលពី​ព្រឹក​ព្រលឹម ថ្ងៃ​សុក្រ​។ ជាមួយគ្នានេះដែរ កម្លាំង​ទាហាន​ក៏បាន​ចូលទៅ​គ្រប់គ្រង នៅក្នុង​វិមាន​របស់​ប្រធានាធិបតី បន្ទាប់ពី​មានការ​វាយប្រហារ​យ៉ាង​ព្រៃ​.​ផ្សៃ ទៅលើ​ក្រុមអ្នកតវ៉ា​។​



​ក្រៅពីនេះ ទាហាន​ស្រីលង្កា ក៏បាន​បំផ្លិចបំផ្លាញ​តង់ នៅ​ជំរំ​តវ៉ា GotaGoGama ដែល​នៅជាប់​គ្នា ហើយ​ចាប់ខ្លួន​មេដឹកនាំ​បាតុករ ជាច្រើន​នាក់ និង ឡោមព័ទ្ធ​ជុំវិញ​តំបន់​ទាំងនេះ ដោយ​រួម​ជាមួយនឹង​បាតុករ ប្រហែល​១០០​នាក់​ផងដែរ​។ អំពើហិង្សា​ពី​សំណាក់​កម្លាំង​ទាហាន​ស្រីលង្កា បានកើត​ឡើង តែ​ប៉ុន្មាន​ម៉ោង បន្ទាប់ពី​ក្រុមបាតុករ​បាន​ដកខ្លួន ចេញពី​ជំរំ នៅមុខ​វិមាន Temple Trees ជា​គេហដ្ឋាន​ផ្លូវការ​របស់​នាយករដ្ឋមន្ត្រី​ស្រីលង្កា​។ ក្រុមបាតុករ បានប្រកាស​ពី​ចេតនា ដកខ្លួន​ចេញពី​វិមាន​ប្រធានាធិបតី​រួចហើយ នៅ​ថ្ងៃទី ២២ ខែកក្កដា​។​


​ការវាយប្រហារ​ទៅលើ​កន្លែង​តវ៉ា​នេះ បានកើត​ឡើង ក្រោយពេល​លោក រ៉ានី​ល វិក​ក្រែ​មេ​សិង​ហេ (Ranil Wickremesinghe) ធ្លាប់​ធ្វើជា​នាយករដ្ឋមន្ត្រី ចំនួន​៦​អាណត្តិ បាន​ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​ស្រីលង្កា​។ អ្នក​ស្នង​តំណែង​មុន​របស់គាត់ គឺ លោក ហ្គោ​តា​បា​យ៉ា រ៉ា​ចា​ប៉ាក​សា (Gotabaya Rajapaksa) បាន​រត់​ភៀសខ្លួន ចេញពី​ប្រទេស បន្ទាប់ពី​ការផ្ទុះ​ការតវ៉ា​ដ៏​ធំ អស់​រយៈពេល​ជាច្រើន​សប្តាហ៍ ជុំវិញ​ការដួលរលំ​សេដ្ឋកិច្ច​របស់​ប្រទេស និង​ការកើនឡើង​នូវ​កំហឹង​សាធារណៈ ចំពោះ​ឥទ្ធិពល​នយោបាយ​ដ៏​យូរអង្វែង​របស់​គ្រួសារ Rajapaksa៕​