សហរដ្ឋអាមេរិក ឃើញ​រុស្ស៊ី​ចង់​អស់​ថាមពល ផ្ដល់ជំនួយ​យោ.ធា​បន្ថែម​ដល់​អ៊ុយ​ក្រែ​ន​

ព័ត៌មានអន្តរជាតិ
0
220
រដ្ឋធានី​វ៉ាស៊ីនតោន​៖ រហូតមកដល់​ពេលនេះ ប្រធាន​ចារកម្ម​របស់លោក​ខាងលិច បាន​មើលឃើញ​កម្លាំង​ទាហាន​រុស្ស៊ី ហាក់បីដូចជា​អស់​ថាមពល មិនអាច​វាយ​រុល ចូល​ទៅមុខ​បន្ដទៀត​ធ្វើ​ឲ្យ​សហរដ្ឋអាមេរិក កាន់តែដឹង​ច្បាស់ អំពី​ស្ថានភាព​សង្គ្រាម​នេះ ក៏បាន​ប្រកាស អំពី​កញ្ចប់​ជំនួយ​យោធា​បន្ថែម ជួយ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន ធ្វើ​ឲ្យ​កញ្ចប់​ជំនួយ​យោធា​របស់​ក្រុង​វ៉ាស៊ីនតោន កើន​ដល់​៨​ពាន់​លាន​ដុល្លារ ចាប់តាំងពី​ការផ្ទុះ​សង្គ្រាម កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ រហូតមកដល់​ពេលនេះ​។​

​សារព័ត៌មាន CBS19 News បានចេញ​ផ្សាយ កាលពី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២២ ថា សហរដ្ឋអាមេរិក កំពុងតែ​បញ្ជូន​ជំនួយ​ផ្នែក​សន្តិសុខ ចំនួន​២៧០​លាន​ដុល្លារ​បន្ថែមទៀត ជួយ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន​។ កញ្ចប់​ជំនួយ​ថ្មី​នេះ នឹង​រាប់​រួមបញ្ចូល​ទាំង​ប្រព័ន្ធ​បាញ់​រ៉ុក្កែត រយៈ​ចម្ងាយ​មធ្យម​បន្ថែម និង ដ្រូ​ន​យុទ្ធសាស្ត្រ​។​

 
​សេត​វិមាន បានប្រកាស កាលពី​ថ្ងៃ​សុក្រ ទី​២២ ខែកក្កដា ថា សហរដ្ឋអាមេរិក នឹង​បញ្ជូន​កញ្ចប់​ជំនួយ​បន្ថែម មាន​ទំហំ​ទឹកប្រាក់​២៧០​លាន​ដុល្លារ ជួយ​ដល់​អ៊ុយ​ក្រែ​ន​។ កញ្ចប់​ជំនួយ​ថ្មី​នេះ នឹងធ្វើ​ឲ្យ​ជំនួយ​សន្ដិសុខ​របស់​ហ​រដ្ឋ​អាមេរិក បញ្ជូន​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន ដោយ​រដ្ឋបាល​របស់លោក ចូ បៃ​ដិ​ន ប្រធានាធិបតី​សហរដ្ឋអាមេរិក កើន​ដល់​៨,២​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ ជំនួយ​យោធា​ដ៏​មហាសាល​នេះ ស្ថិតក្នុង​កញ្ចប់​ជំនួយ​សេដ្ឋកិច្ច និង សន្ដិសុខ មាន​ទឹកប្រាក់ ៤០​ពាន់​លាន​ដុល្លារ ត្រូវបាន​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក អនុម័ត នៅក្នុង​អំឡុង​ខែឧសភា កន្លងមកនេះ​។​

​បើតាម​លោក ច​ន ឃើ​រ​ប៊ី (John Kirby) អ្នកសម្របសម្រួល សម្រាប់​ទំនាក់ទំនង​យុទ្ធសាស្ដ្រ​របស់​ក្រុមប្រឹក្សាសន្ដិសុខ​ជាតិ​សហរដ្ឋអាមេរិក បាន​ឲ្យ​ដឹងថា កញ្ចប់​ជំនួយ​ថ្មី​បន្ថែម​នេះ រួមបញ្ចូល​ទាំង​ប្រព័ន្ធ​បាញ់​រ៉ុក្កែត HIMARS ចំនួន​៤​គ្រឿង ហើយ​ក្រុង​វ៉ាស៊ីនតោន ក៏​នឹង​អនុញ្ញាត​ឲ្យ​ក្រុង​គៀវ អាច​ទិញ​ដ្រូ​ន​បិសាច​ហ្វូ​នី​ក ប្រភេទ​៥៨០ (580 Phoenix Ghost) ជាច្រើន​គ្រឿង​ផងដែរ​។ ប្រព័ន្ធ​អាវុធ​ដ៏​សំខាន់​ទាំង​២​ប្រភេទ​នេះ នឹង​ជួយ​ដល់​កងទ័ព​អ៊ុយ​ក្រែ​ន​មានលទ្ធភាព​ប្រយុទ្ធ​យ៉ាងខ្លាំង​ក្លា​បាន ថ្វីបើ​រុស្ស៊ី​មាន​កាំភ្លើង​ធំ​ច្រើនយ៉ាង​ណាក៏ដោយ​។ ជំនួយ​យោធា​ចុងក្រោយ​នេះ ក៏​រាប់បញ្ចូល ទាំង​គ្រាប់កាំភ្លើង​ផ្លោង ចំនួន​៣៦ ០០០​គ្រាប់ និង ប្រព័ន្ធ​បាញ់​រ៉ុក្កែត HIMARS បន្ថែមទៀត ។​


​លោក រី​ឆាដ ម័​រ (Richard Moore) នាយក​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ MI6 របស់​ចក្រភព​អង់គ្លេស បាន​ថ្លែង នៅក្នុង​វេទិកា​សន្តិសុខ Aspen រៀបចំឡើង​ក្នុង រដ្ឋ​ខូ​ឡូ​រ៉ា​ដូ កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​បញ្ជាក់ថា «​ខ្ញុំ​គិតថា កម្លាំង​ទាហាន​រុ​ស្ស៉ី នឹង​ផ្អាក​ការវាយប្រហារ​មួយរយៈ​សិន ដោយសារតែ​ពួកគេ​អស់ ថាមពល ហើយ​នេះ​ជា​ឱកាស សម្រាប់​កងទ័ព​អ៊ុយ​ក្រែ​ន វាយបក​វិញ​។ បច្ចុប្បន្ន កម្លាំងយោធា​រុ​ស្ស៉ី អាច​នឹង​ប្រឈមមុខ កាន់តែ​ពិបាក ក្នុងការ​បង្កើន​កម្លាំង​កងទ័ព និង គ្រឿង​បរិក្ខារ​យោធា​។ ស្ថានភាព​បែបនេះ អ៊ុយ​ក្រែ​ន មានលទ្ធភាព​ឈ្នះ​សង្គ្រាម ព្រោះ​កងទ័ព​ការពារ​ទឹកដី​របស់​ក្រុង​គៀវ មាន​ស្មារតី​ប្រយុទ្ធ និង មានការ​លើកទឹកចិត្ត ពី​បណ្ដា​ប្រទេស​លោកខាងលិច ហើយ​បន្ត​ផ្ដល់នូវ​កិច្ចការ​គាំទ្រ ទាំង​ផ្លូវចិត្ត និង​គ្រឿង​សឹក​ទំនើបៗ​បន្ថែម​ទៀតផង​។​


​លោក វីល្លៀម ប៊ឺ​នស៍ (William Burns) ប្រធាន CIA កាលពី​ថ្ងៃ​ពុធ បាន​បញ្ជាក់ថា សហរដ្ឋអាមេរិក បាន​ប៉ាន់ប្រមាណ​ថា កម្លាំង​ទាហាន​រុស្ស៊ី ប្រហែល ១៥ ០០០​នាក់ ត្រូវបាន​សម្លាប់ នៅក្នុង​សង្គ្រាម​នេះ​។ ចំនួន​ស្លាប់​របស់​កងទ័ព​រុស្ស៊ី នាពេលនេះ ស្មើនឹង​កម្លាំង​ទាហាន​សូ​វៀត បាន​បាត់បង់ នៅក្នុង​សង្គ្រាម នា​ទសវត្សរ៍ ១៩៨០ នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​បាន​ចំណាយពេល​ជិត​១​ទសវត្សរ៍​៕​