បក្ស​ភឿ​ថៃ​វាយប្រហារ​ចំៗ លើ​នាយករដ្ឋមន្ដ្រី​ថៃ ជុំវិញ​គម្រោង​ទិញ​យន្ដ F-35 និង នាវាមុជទឹក​

ព័ត៌មានអន្តរជាតិ
0
140
រាជធានី​បាងកក​៖ បច្ចុប្បន្ន ដោយសារតែ​ប្រទេស មាន​តម្រូវ​ការចាំបាច់​លើ​ថវិកា សម្រាប់​ជួយ​ដល់​មនុស្ស ក្រោយពេល​ប្រទេស​ងើប​ចេញពី​វិបត្ដិ​ជំងឺ​រាតត្បាត ហើយ​នាយករដ្ឋមន្ដ្រី​ថៃ នៅតែ​ទទូច​ស្នើសុំ​ទិញ​នាវាមុជទឹក និង យន្ដហោះ​បំបាំងកាយ​ដ៏​ទំនើប មកពី​សហរដ្ឋអាមេរិក ហើយ​ដ្រូ​ន​មកពី​ប្រទេស​អ៊ីស្រាអែល ដែល​នឹងត្រូវ​ចំណាយលុយ​ជាតិ​យ៉ាងច្រើន​លើសលប់ ទើប​បក្សប្រឆាំង វាយប្រហារ​ចំៗ ដោយ​ចាត់ទុក​សំណើ​នេះ មិនមែនជា​ការចាំបាច់​។​

​សារព័ត៌មាន​ថៃ Bangkok Post បានចេញ​ផ្សាយ កាលពី​ថ្ងៃ​សៅរ៍ ទី​២៣ ខែកក្កដា ថា នាយករដ្ឋមន្ដ្រី​ថៃ លោក ប្រា​យុទ្ធ ចាន់​អូ​ចា (Prayut Chan-o-cha) បាន​ទទូច​ម្ដង​ហើយ​ម្ដងទៀត ថា រដ្ឋាភិបាល​ថៃ នឹង​ទិញ​នាវាមុជទឹក ហើយ​យន្តហោះ​ចម្បាំង​ដ៏​ទំនើប ប្រភេទ F-35 ជាច្រើន​គ្រឿង ផលិត​នៅ​សហរដ្ឋអាមេរិក​។ លោកនាយក​រដ្ឋមន្ដ្រី បានការ​ពារ​នូវ​ការចំណាយ លើ​វិស័យ​យោធា​របស់​ប្រទេស​ថៃ នៅ​ថ្ងៃ​ចុងក្រោយ នៃ​ការជជែក​ដេញដោល​គ្នា កាលពី​ថ្ងៃ​សុក្រ​។​



​ជាមួយនឹង​ការទទូច​លើ​ការទិញ​គ្រឿង​ចម្បាំង មានតម្លៃ​ដ៏​ច្រើន​លើសលុប​នោះ លោក យុ​ត​ថា​ពុង ចា​រ៉ា​សា​ធៀន (Yuttapong Charasathien) អនុប្រធាន​គណបក្ស​ភឿ​ថៃ (Pheu Thai Party) ដែល​បក្សប្រឆាំង​ដ៏​ធំ នៅក្នុង​ប្រទេស​ថៃ បាន​ផ្តោត​គោលដៅ លើ​ការចំណាយ​យោធា ខណៈ​គាត់​បាន​ថ្កោលទោស ទៅលើ​លោក​ឧ​ត្ត​ម​សេនីយ៍ Prayut នាយករដ្ឋមន្ដ្រី ដែល​កំពុង​កាន់តំណែង ជា​រដ្ឋមន្ត្រី​ការពារជាតិ​ផងដែរ ថា នេះ​ជា​កង្វះខាត​ភាពជា​អ្នកដឹកនាំ ចំពោះ​ការខកខាន​មិនបានកា​ត់​បន្ថយ លើ​ការចំណាយ​ដែល​មិនចាំបាច់​។​

​លោក​អនុប្រធាន​គណបក្ស​ភឿ​ថៃ បាន​បញ្ជាក់ថា លោកនាយក​រដ្ឋមន្ដ្រី គួរតែ​បញ្ជា​ឱ្យ​លុបចោល​នូវ​កិច្ចព្រមព្រៀង​ទិញ​នាវាមុជទឹក​របស់​កង​ទ័ពជើងទឹក​ថៃ ខណៈ​មើលឃើញ​យ៉ាងច្បាស់​ថា ក្រុមហ៊ុន​ផលិត​នាវាមុជទឹក​របស់​ចិន ឈ្មោះ China Shipbuilding & Offshore International Co មិនអាច​ផ្គត់ផ្គង់​ម៉ាស៊ីន​ម៉ា​ស៊ូ​ត ប្រភេទ MTU396 ផលិត​ដោយ​ប្រទេស​អាល្លឺម៉ង់ នៅ​ខែ​ក្រោយនេះ​បាន​។​


​អនុប្រធាន​គណបក្ស​ភឿ​ថៃ លោក Yuttapong សមាជិកសភា មកពី​ខេត្ត​ម៉ា​ហា​សា​រ៉ា​ខាម (Maha Sarakham) បាន​សង្កត់ធ្ងន់ថា «​លោកនាយក​រដ្ឋមន្ដ្រី ខ្វះ​ភាពជា​អ្នកដឹកនាំ ដែល​តម្រូវ​ឱ្យធ្វើជា​ប្រមុខ​រដ្ឋាភិបាល​។ នៅពេល​កិច្ចព្រមព្រៀង លើ​ការទិញ​នាវាមុជទឹក ជួបប្រទះ​នឹង​បញ្ហា បែរជា​លោកនាយក​រដ្ឋមន្ដ្រី មិន​ហ៊ាន​លុបចោល​នូវ​កិច្ចព្រមព្រៀង​នេះ ហើយ​រឿងនេះ ធ្វើឱ្យ​ខូចខាត​ដល់​ផលប្រយោជន៍​របស់​ប្រទេសជាតិ​»​។​

​អនុប្រធាន​បក្ស​ភឿ​ថៃ បាន​បន្ថែមថា ផែនការ​របស់​កងទ័ព​អាកាស នៅក្នុង​ការទិញ​យន្តហោះ ចម្បាំង​បំបាំងកាយ​ដ៏​ទំនើប ប្រភេទ F-35 ចំនួន​៣​គ្រឿង មកពី​សហរដ្ឋអាមេរិក គួរតែ​រង់ចាំ​មួយរយៈ​សិន ពីព្រោះ​បំណុល​សាធារណៈ​របស់​ប្រទេសជាតិ បាន​កើនឡើង ដល់​ជាង​៦០​ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP)​។ បច្ចុប្បន្ន ប្រទេសជាតិ កំពុងតែ​ត្រូវការ​ថវិកា សម្រាប់​អភិវឌ្ឍន៍ និង​ការផ្តួចផ្តើម​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​បន្ថែម​។ ដោយឡែក ដំណើរ​ការទិញ​យន្តហោះ​របស់​កងកម្លាំង​អាកាស​ថៃ អាច​នឹងត្រូវ​ចំណាយ ពេល​ជិត​២​ឆ្នាំ​ទៀត ដោយសារ​សំណើ​បញ្ជា​ទិញ​នេះ នឹងត្រូវ​តែពិនិត្យ ដោយ​សមាជិកសភា​រប​ស់​សហរដ្ឋអាមេរិក​។​

​លោក Yuttapong បាន​បន្ថែមទៀតថា លោក​ឧត្ដមសេនីយ៍ ប្រា​យុទ្ធ ចាន់​អូ​ចា គួរតែ​បញ្ជា​ឱ្យ​កងទ័ពអាកាស​ថៃ ដក​សំណើ​របស់ខ្លួន​ចេញ សម្រាប់​ការបែងចែក​មូលនិធិ លើ​យន្តហោះ នៅក្នុង​ថវិកា ឆ្នាំ​២០២៣ ដូច្នេះ​ថវិកា​អាច​ចំណាយ ដើម្បី​ជួយ​មនុស្ស​ដែល​ត្រូវការ​ជំនួយ​។​


​ជាមួយគ្នានេះ លោក Yuttapong ក៏បាន​វាយប្រហារ ទៅលើ​ផែនការ​របស់​កងទ័ព​ជើង​ទឹក​ថៃ នៅក្នុង​ការបញ្ជាទិញ​យ​ន្ដ​ហោះ​គ្មាន​មនុស្ស​បើក ឬ​ដ្រូ​ន មានតម្លៃ ៤,១​ពាន់​លាន​បាត (​ប្រាក់​ថៃ​) ឬ​ស្មើនឹង​ជាង ១១១,២៩​លាន​ដុល្លារ​សហរដ្ឋអាមេរិក មកពី​ប្រទេស​អ៊ីស្រាអែល​។ អនុប្រធាន​បក្ស​ភឿ​ថៃ រូបនេះ បាន​ចាត់​ថា វា​ជាការ​ចំណាយ​មិនចាំបាច់ ហើយ​គាត់​ថែមទាំង​ចោទសួរ​ថា បើ​គ្មាន​អាវុធ មានតែ​ដ្រូ​ន (UAV) ប៉ុណ្ណោះ ទើប​អាចធ្វើ​បេសកកម្ម​ឈ្លបយកការណ៍​បាន ៕​