មន្ដ្រីជាន់ខ្ពស់​ក្រុង​គៀវ​អះអាងថា រុស្ស៊ី​បាត់បង់​ទ័ព​ជិត​៤​ម៉ឺន​នាក់ ក្នុង​ស.ង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​

ព័ត៌មានអន្តរជាតិ
0
79
រដ្ឋធានី​គៀវ​៖ សង្គ្រាម​ឈ្លានពាន​របស់​ប្រធានាធិបតី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន (Vladimir Putin) បាន​អូ​អស់​រយៈពេល​ជាង​៥​ខែ​កន្លងមកនេះ នៅតែ​មិនមាន​សញ្ញា​បញ្ចប់​ជម្លោះ​នេះ ហើយ​មន្ដ្រី​ក្រុង​គៀវ បាន​អះអាងថា រុស្ស៊ី បាន​បាត់បង់​កម្លាំង​ទ័ព កើនឡើង​ដល់​ជិត​៤​ម៉ឺន​នាក់ និង ខូចខាត​គ្រឿង​សឹក​ចម្បាំង​គ្រប់​ប្រភេទ មានតម្លៃ​មិនអាច​គណនា​បាន​។

​សារព័ត៌មាន Ukrinform បាន​ផ្សាយ​ថា អគ្គសេនាធិការ​កងទ័ព​អ៊ុយ​ក្រែ​ន បាន​បង្ហោះ នៅលើ​បណ្ដាញ​សង្គម កាលពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ចន្ទ ទី​២៥ ខែកក្កដា ថា គិត​ត្រឹម​វេលា​នេះ កម្លាំង​កងទ័ព​អ៊ុយ​ក្រែ​ន បាន​វាយប្រហារ​យ៉ាង​សន្ធាប់ រុញច្រាន​ទាហាន​រុស្ស៊ី ឲ្យ​ដកថយ​ក្រោយ​វិញ នៅក្នុង​ទិសដៅ​ក្រា​ម៉ា​ទូ​ស្ក (Kramatorsk) និង តំបន់​លូ​ហាន​ស្ក (Luhanske ) នៅក្នុង​ទិសដៅ​បា​ខ្មូត (Bakhmut) ។ ចំណែក​ស្ថានការណ៍​សមរភូមិ នៅ​ទិសដៅ​វូ​លីន (Volyn) ប៉ូលីស​ស្យា (Polissya) និង ស៊ី​វើ​ស ( Siversk) ក៏​មិនមាន​អ្វី​ប្រែប្រួល​ធំដុំ​នោះឡើយ​។​


​មន្ដ្រីជាន់ខ្ពស់​កងទ័ព​អ៊ុយ​ក្រែ​ន បាន​បន្ថែម ថា រុស្ស៊ី បាន​បាត់បង់​កម្លាំង​ទ័ព ចំនួន ៣៩ ៧០០​នាក់ រួចមកហើយ ចាប់តាំងពី​ការផ្ទុះ​សង្គ្រាម កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២ រហូតមកដល់​ថ្ងៃទី​២៥ ខែកក្កដា​។ ក្រៅពីនេះ រុស្ស៊ី បាន​ខូចខាត​គ្រឿង​ចម្បាំង​ជាច្រើន នៅក្នុង​ការប្រយុទ្ធ​នេះ រួមមាន រថក្រោះ ១ ៧៣០​គ្រឿង , រថ​ចម្បាំង ចំនួន ៣ ៩៥០​គ្រឿង​, ប្រព័ន្ធ​កាំភ្លើង​ធំ ចំនួន​៨៧៦​គ្រឿង​, ប្រព័ន្ធ​បាញ់​រ៉ុក្កែត ចំនួន ២៥៧​គ្រឿង​, ប្រព័ន្ធ​កាំភ្លើង​បាញ់​យន្ដហោះ​ចម្បាំង ចំនួន​១១៦​គ្រឿង​, យន្ដហោះ​ចម្បាំង ២២២​គ្រឿង​, ឧទ្ធម្ភាគចក្រ ចំនួន ១៨៨​គ្រឿង​, យានយន្ដ ចំនួន ២ ៨៣២​គ្រឿង​, នាវាចម្បាំង​តូចធំ ចំនួន​១៥​គ្រឿង​, ដ្រូ​ន ចំនួន​៧១៩​គ្រឿង​, គ្រឿងចក្រ​ពិសេស ចំនួន​៧៣​គ្រឿង និង គ្រឿង​សឹក​ជាច្រើន​ផ្សេងទៀត​៕​