មេដឹកនាំ​រដ្ឋ​ប្រ​.​ហារ​យោធា​មី​យ៉ាន់​ម៉ា កាត់ទោស​ប្រ​.​ហារ​ជីវិត​អតីត​តំណាងរាស្ដ្រ​

ព័ត៌មានអន្តរជាតិ
0
459
រដ្ឋធានី​ណៃ​ពិដោរ​៖ ចាប់តាំងពី​មាន​អំពើ​រដ្ឋប្រហារ​យោធា នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា កាលពី​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២១ រហូតមកដល់​ចុងខែ​កក្កដា ឆ្នាំ​២០២២ មាន​សេចក្ដីរាយការណ៍ មនុស្ស​យ៉ាងតិច ជាង ២ ១០០​នាក់ ត្រូវបាន​កម្លាំង​សន្ដិសុខ នៃ​ប្រទេស​អាស៊ាន​មួយ​នេះ សម្លាប់ ហើយ​របប​សឹក​មួយ​នេះ កំពុងតែ​ប្រើប្រាស់​ប្រព័ន្ធតុលាការ បន្ដ​កាត់ទោស​ប្រហារជីវិត​មនុស្ស ជាច្រើន​នាក់​បន្ថែមទៀត​។​

​សារព័ត៌មាន​ភូមា The Irrawaddy បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ចន្ទ ទី​២៥ ខែកក្កដា ថា របប​យោធា​មី​យ៉ាន់​ម៉ា បាន​ប្រហារជីវិត​លោក កូ ភី​យូ ហ្សេ​យ៉ា សៅ (Ko Phyo Zeya Thaw) អតីត​សមាជិកសភា មកពី​គណបក្ស​សម្ព័ន្ធជាតិ ដើម្បី​លទ្ធិប្រជាធិបតេយ្យ ហៅ​កាត់ NLD និង​សកម្មជន​ប្រជាធិបតេយ្យ​ជើងចាស់​លោក កូ ជី​មមី (Ko Jimmy) កាលពី​ចុង​សប្តាហ៍ សម្រាប់​សកម្មភាព​រប​ស់​ពួកគេ ប្រឆាំងនឹង​របប​យោធា​។​


​បើតាម​បណ្ដាញ​ផ្សព្វផ្សាយ​របស់​រដ្ឋ បានបញ្ជាក់ នៅ​ថ្ងៃ​ចន្ទ​ថា អាជ្ញាធរ​យោធា​មី​យ៉ាន់​ម៉ា បាន​កាត់ទោស​ប្រហារជីវិត លើ​សកម្មជន​ប្រជាធិបតេយ្យ ចំនួន​៤​នាក់ ក្រោម​ការចោទប្រកាន់ថា បាន​ជួយ​អនុវត្ត «​អំពើ​ភេរវកម្ម​»​។ នេះ​ជាការ​ប្រហារជីវិត​លើកដំបូង នៅក្នុង​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ ចាប់តាំងពី​ទសវត្សរ៍ ឆ្នាំ​១៩៨០​មក​។​

​កាសែត គ្រប់គ្រង ដោយ​រដ្ឋ​មី​យ៉ាន់​ម៉ា Global New Light of Myanmar បាន​រាយការណ៍ កាលពី​ថ្ងៃ​ចន្ទ ថា បុរស​៤​នាក់ រួមទាំង អតីត​សមាជិកសភា​ម្នាក់ មកពី​គណបក្ស​ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព គឺ​លោកស្រី អ៊ោ​ង សាន់​ស៊ូ​ជី ក៏​ត្រូវបាន​ប្រហារជីវិត ក្រោម​ការចោទប្រកាន់​ពី​ការចូលរួម​របស់​ពួកគេ នៅក្នុង​ការរៀបចំ «​អំពើ​ភេរវកម្ម​ដ៏​ព្រៃផ្សៃ និង​អមនុស្សធម៌​»​។ បុរស​ទាំង​៤​នាក់​នេះ កាលពី​ខែមករា ត្រូវបាន​កាត់ទោស​ប្រហារជីវិត នៅក្នុង​ការជំនុំជម្រះ​បិទទ្វារ ក្រោម​ការចោទប្រកាន់ ថា ពួកគេ​បាន​ជួយ​ដល់​កងជីវពល នៅក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​កងទ័ព ដែល​បាន​ដណ្តើម​អំណាច នៅក្នុង​រដ្ឋប្រហារ កាលពី​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២១ ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ មីន អ៊ោ​ង​ហ្លា​ង (Min Aung Hlaing) ។​


​លោក ហ្វី​យូ ហ្សេ​យ៉ា ថាវ (Phyo Zeya Thaw) អតីត​តំណាងរាស្ដ្រ មកពី​គណបក្ស​សម្ព័ន្ធជាតិ ដើម្បី​លទ្ធិប្រជាធិបតេយ្យ ហៅ​កាត់ NLD របស់លោក​ស្រី អ៊ោ​ង សាន់​ស៊ូ​ជី (Aung San Suu Kyi) និង សកម្មជន​ប្រជាធិបតេយ្យ​ដ៏​លេចធ្លោ លោក ខ្យៅ មិន យូ (Kyaw Min Yu) ត្រូវបាន​តុលាការ​របប​សឹក​មី​យ៉ាន់​ម៉ា ចោទប្រកាន់ថា មាន​ពិរុទ្ធ ពីបទ​ល្មើស ក្រោម​ច្បាប់​ប្រឆាំងនឹង​អំពើ​ភេរវកម្មរ នៅក្នុង​របប​គ្រប់គ្រង​របស់លោក​ឧត្ដមសេនីយ៍ មីន អ៊ោ​ង ហ្លា​ង​។ ដោយឡែក​បុរស​២​នាក់ ទៀត រួមមាន លោក ហ្លា មី​យូ​អ៊ោ​ង (Hla Myo Aung) និង អ៊ោ​ង ធូ​រ៉ា ហ្សៅ ((Aung Thura Zaw) ក៏​ត្រូវបាន​ប្រហារជីវិត​ផងដែរ​។​

​ការកាត់ទោស​ប្រហារជីវិត​របស់​របប​សឹក​មី​យ៉ាន់​ម៉ា បាន​នាំ​ឲ្យ​មានការ​ថ្កោលទោស​យ៉ាងខ្លាំង ពី​ក្រុម​អង្គការសិទ្ធិមនុស្ស សហរដ្ឋអាមេរិក បារាំង និង អង្គការសហប្រជាជាតិ ដោយ​រួមទាំង​លោក អង់​តូ​នី​ញ៉ូ ហ្គូ​ទែ​រ​រ៉ែ​ស (Antonio Guterres) អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ដោយបាន​ពណ៌នា​ពី​ការប្រហារជីវិត ដែល​បាន​គ្រោងទុក​នេះ​ថា ជា​«​ការរំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ ដល់​សិទ្ធិ​រស់រានមានជីវិត​»​។​


​បើតាម​សមាគម​ជំនួយការ​អ្នកទោសនយោបាយ ហៅ​កាត់ AAPP បាន​ឲ្យ​ដឹងថា ការកាត់ទោស​តាមផ្លូវ​តុលាការ​ចុងក្រោយ នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា បានកើត​ឡើង នៅ​ចុង​ទសវត្សរ៍ ឆ្នាំ​១៩៨០​។ ប៉ុន្ដែ​ចាប់តាំងពី​ការធ្វើ​រដ្ឋប្រហារ​យោធា កាលពី​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២១ រហូតមកដល់​ចុងខែ​កក្កដា ឆ្នាំ​២០២២ មាន​មនុស្ស យ៉ាងហោចណាស់ ជាង ២ ១០០​នាក់ ត្រូវបាន​កម្លាំង​សន្ដិសុខ នៃ​របប​សឹក​មី​យ៉ាន់​ម៉ា សម្លាប់​៕​