អង្គការ​សុខភាព​ពិភពលោក​ប្រកាសអាសន្ន​កំរិត​ខ្ពស់​អំពី​ជំងឺ​អុត​ស្វា

ព្រឹត្តិការណ៍ថ្មីៗ
0
323
អង្គការ​សុខភាព​ពិភពលោក​បាន​ទាញ​សញ្ញា​អាសន្ន​ខ្ពស់បំផុត​របស់ខ្លួន ប្រឈម​នឹង​គ្រោះ​ហានិភ័យ​បង្កឡើង​ដោយ​ជំងឺ​អុត​ស្វា​។ អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក លោក​តេ​ដ្រូ​ស អា​ដា​ណុ​ម ហ្កេ​ប្រេ​យេស៊ូ​ស បានប្រកាស​នៅ​ថ្ងៃ​សៅរ៍​ទី​២៣​កក្កដា ២០២២ ចាត់ទុក ជំងឺ​អុត​ស្វា ជា​គ្រោះអាសន្ន​ពិភពលោក​ដែល​គំរាមកំហែង​សុខភាព​សាធារណៈ​យ៉ាងខ្លាំង​ក្លា​ពិសេសនៅ​តំបន់​អឺរ៉ុប​។​

​លោក តេ​ដ្រូ​ស អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក ក្នុង​សន្និសីទកាសែត តាម​ប្រព័ន្ធ​វីដេអូ​ពី​ទីក្រុង​ហ្សឺ​ណែវ បាន​មានប្រសាសន៍ថា ជំងឺ​អុត​ស្វា​មាន​សន្ទុះ​នៃ​ការរីក​រាលដាល​ចម្លង​ខ្លាំង និង​មាន​ហានិភ័យ​និង​ការគំរាមកំហែង​ពិភពលោក មាន​កំរិត​មធ្យម​ទេ លើកលែងតែ​ទ្វីបអឺរ៉ុប​មួយ​ចេញ​ដែលមាន​កំរិត​ហានិភ័យ​អុត​ស្វា​ឡើង​ខ្ពស់​ខ្លាំង ទើប​លោក​សម្រេចចិត្ត​ប្រកាសអាសន្ន​សុខភាព​កំរិត​អន្តរជាតិ (Global Health Emergency)​។​



​ការប្រកាស​ចាត់ទុក​ជំងឺ​មួយ​ជា​អាសន្ន​សុខាភិបាល​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ​កំរិត​អន្តរជាតិ ត្រូវបាន​ធ្វើឡើង​នៅពេល​មាន​ស្ថានភាព​ធ្លាក់​ធ្ងន់ធ្ងរ​ខុស​ប្រក្រតី ឬ​លើសពី​ការរំពឹងទុក​។ សម្រាប់​អង្គការ​សុខភាព​ពិភពលោក ស្ថានភាព​ជំងឺ​នេះ ជាហេតុ​ការណ៍​ចម្លែក ហើយ​ការរីក​រាលដាល​នៃ​ជំងឺ​ជា​តំណាង​ហានិភ័យ​សុខភាព​សាធារណៈ​សម្រាប់​ប្រទេស​ផ្សេងទៀត និង​ដែល​អាច​តម្រូវ​ជា​ចាំបាច់​ឱ្យមាន​សកម្មភាព​សម្រប​សម្រួល​អន្តរជាតិ​។ នេះ​ជា​លើក​ទី​៧​ហើយ ដែល​អង្គការ​សុខភាព​ពិភពលោក​បានប្រកាស​អាសន្ន​សុខាភិបាល​កំរិត​ខ្ពស់បំផុត​ដូច្នេះ​។​


​សូមបញ្ជាក់ថា អុត​ស្វា​មិន​ស្ថិតនៅក្នុង​ចង្កោម​ក្រុម​ជំងឺ​ផ្លូវភេទ​មែន ប៉ុន្តែ​អ្នកជំងឺ​ភាគច្រើន ជា​បុរស​ដែល​ស្រលាញ់​ភេទ​ដូចគ្នា​។ ល្បឿន​ចម្លង​ហាក់​ចាប់​ថយ តែ​ករណី​ឆ្លង​នៅ​កើនឡើង​យ៉ាង​លឿន​រហ័ស​។ តាំងពី​លេចឡើង​នៅ​ដើមខែ​ឧសភា​ឆ្នាំ​២០២២ អុត​ស្វា​បានសម្លាប់​ជីវិត​មនុស្ស​អស់ ៥​នាក់ និង​ចម្លង​លើ​មនុស្ស​ជាង ១៦៨៣៦​នាក់ ក្នុងប្រទេស​ចំនួន​៧៤ គិត​ត្រឹម​ថ្ងៃទី ២២​កក្កដា​២០២២ ទល់នឹង​១៥៨០០​នាក់ ក្នុង​៧២​ប្រទេស កាលពី​ថ្ងៃទី ២០​កក្កដា​៕



​ប្រភព​៖ CNBC