​មី​យ៉ាន់​ម៉ាកាត់ទោស​ប្រ.ហារជី.វិត​សកម្មជន​នយោបាយ ធ្វើ​ឲ្យ​អាស៊ាន និង​ពិភពលោក​ក្ដី​ស្លឹកត្រចៀក​

ព័ត៌មានអន្តរជាតិ
0
113
បរទេស​៖ បណ្ដា​មេដឹកនាំ​នានា នៅ​ជុំវិញ​ពិភពលោក ជាពិសេស ប្រមុខ​រដ្ឋាភិបាល នៅក្នុង​តំបន់​អាស៊ាន បាន​ស្ដីបន្ទោស​យ៉ាងខ្លាំង​ដល់​របប​យោ​.​ធា​មី​យ៉ាន់​ម៉ា ក្រោម​ការដឹកនាំ​របស់​លោក​ឧត្ដមសេនីយ៍ មីន អ៊ោ​ង​ហ្លាំ​ង (Min Aung Hlaing) មេដឹកនាំ​រដ្ឋប្រហារ ក្រោយ​ការសម្រេច កាត់ទោស​ប្រ​.​ហារ​ជីវិត​លើ​សកម្មជន​នយោបាយ នៅក្នុង​ប្រទេស​អាស៊ាន​មួយ​នេះ​។​

​សារព័ត៌មាន The Straits Times បានចេញ​ផ្សាយ កាលពី​ថ្ងៃ​អង្គារ ទី​២៦ ខែកក្កដា ថា របប​សឹក​មី​យ៉ាន់​ម៉ា បាន​កាត់ទោស​ប្រហារជីវិត​ទៅលើ​សកម្មជន​ន​យោ​បាន​ដ៏​លេចធ្លោ នៅមុន​កិច្ចប្រជុំ​អាស៊ាន ត្រឹម​តែមួយ​សប្ដាហ៍​ប៉ុណ្ណោះ​។ សកម្មភាព​បែបនេះ បានធ្វើ​ឲ្យ​ប្រទេសជិតខាង​របស់​មី​យ៉ាន់​ម៉ា ស្ថិតក្នុង​តំបន់​អាស៊ី​-​អាគ្នេយ៍ ហៅ​កាត់ អាស៊ាន កាលពី​ថ្ងៃ​អង្គារ បានចេញ​ការស្តីបន្ទោស​យ៉ាងខ្លាំង​ក្លា ដល់​របប​គ្រប់គ្រង​យោធា​មី​យ៉ាន់​ម៉ា ជុំវិញ​ការប្រហារជីវិត ទៅលើ​សកម្មជន​នយោបាយ​លេចធ្លោ​របស់​ភូមា ចំនួន​៤​នាក់​។ ប្រជាជាតិ​អាស៊ាន បានចាត់ទុក​ការកាត់ទោស​បែបនេះ ជា​ទង្វើ «​ដ៏​គួរឱ្យ​ស្អប់ខ្ពើម​» ហើយ​វា​ជាការ​បំផ្លិចបំផ្លាញ ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ប្លុក​មួយ​នេះ ដើម្បី​កាត់បន្ថយ​នូវ​វិបត្តិ​នយោបាយ​ដ៏​រ៉ាំរ៉ៃ នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​។​


​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ហៅ​កាត់ អាស៊ាន ដែលមាន​សមាជិក ចំនួន​១០​ប្រទេស រួមទាំង​មី​យ៉ាន់​ម៉ា បាន​សង្កត់ធ្ងន់ថា អាស៊ាន «​បាន​ថ្កោលទោស និង មាន​ខកចិត្ត​យ៉ាងខ្លាំង​» ចំពោះ​ការប្រហារជីវិត លើ​សកម្មជន ដោយ​ការកំណត់​ពេលវេលា​រប​ស់​ពួកគេ នៅមុន​កិច្ចប្រជុំ​លើក​ទី​៥៥​របស់​ប្លុក​នេះ ត្រឹម​តែមួយ​សប្ដាហ៍​ប៉ុណ្ណោះ​។​

​កម្ពុជា ជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន នៅ​ឆ្នាំនេះ បានបញ្ជាក់​យ៉ាង​ធ្ងន់ នៅក្នុង​សេចក្តីថ្លែងការណ៍​មិន​ធ្លាប់មាន ថា «​ស្របពេល​ភាពស្មុគស្មាញ នៃ​វិបត្តិ​នេះ ត្រូវបានគេទទួលស្គាល់​កាន់តែច្បាស់ ហើយ​អារម្មណ៍​ដ៏​ព្រឺព្រួច​ខ្លាំង អាច​ត្រូវបាន​គេ​ដឹង ពី​គ្រប់​ជ្រុង​ទាំងអស់ នៃ​ប្រទេស​មី​យ៉ាន់​ម៉ា នោះ អាស៊ាន​ទាំងមូល បាន​អំពាវនាវ​ឱ្យមាន​ការអត់ធ្មត់​ជាទីបំផុត​»​។​

​សេចក្ដីថ្លែងការណ៍​នោះ បាន​សង្កត់ធ្ងន់ថា «​ការអនុវត្ត​ការកាត់ទោស​ប្រហារជីវិត​នេះ បានកើត​ឡើង ត្រឹម​តែមួយ​សប្តាហ៍ មុនពេល​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​លើក​ទី​៥៥ ហើយ​វា​ជាការ​ប្រមាថ​យ៉ាងខ្លាំងបំផុត ហើយ​ទង្វើ​នេះ​បង្ហាញ​ពី​រដ្ឋាភិបាលយោធា មិនមាន​ឆន្ទៈ​គាំទ្រ​»​។​


​សារព័ត៌មាន​ភូមា The Irrawaddy បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ចន្ទ ទី​២៥ ខែកក្កដា ថា របប​យោធា​មី​យ៉ាន់​ម៉ា បាន​ប្រហារជីវិត​លោក កូ ភី​យូ ហ្សេ​យ៉ា សៅ (Ko Phyo Zeya Thaw) អតីត​សមាជិកសភា មកពី​គណបក្ស​សម្ព័ន្ធជាតិ ដើម្បី​លទ្ធិប្រជាធិបតេយ្យ ហៅ​កាត់ NLD និង​សកម្មជន​ប្រជាធិបតេយ្យ​ជើងចាស់​លោក កូ ជី​មមី (Ko Jimmy) កាលពី​ចុង​សប្តាហ៍ សម្រាប់​សកម្មភាព​រប​ស់​ពួកគេ ប្រឆាំងនឹង​របប​យោធា​។​

​កាសែត គ្រប់គ្រង ដោយ​រដ្ឋ​មី​យ៉ាន់​ម៉ា Global New Light of Myanmar បាន​រាយការណ៍ កាលពី​ថ្ងៃ​ចន្ទ ថា បុរស​៤​នាក់ រួមទាំង អតីត​សមាជិកសភា​ម្នាក់ មកពី​គណបក្ស​ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព គឺ​លោកស្រី អ៊ោ​ង សាន់​ស៊ូ​ជី ក៏​ត្រូវបាន​ប្រហារជីវិត ក្រោម​ការចោទប្រកាន់​ពី​ការចូលរួម​របស់​ពួកគេ នៅក្នុង​ការរៀបចំ «​អំពើ​ភេរវកម្ម​ដ៏​ព្រៃផ្សៃ និង​អមនុស្សធម៌​»​។ បុរស​ទាំង​៤​នាក់​នេះ កាលពី​ខែមករា ត្រូវបាន​កាត់ទោស​ប្រហារជីវិត នៅក្នុង​ការជំនុំជម្រះ​បិទទ្វារ ក្រោម​ការចោទប្រកាន់ ថា ពួកគេ​បាន​ជួយ​ដល់​កងជីវពល នៅក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​កងទ័ព ដែល​បាន​ដណ្តើម​អំណាច នៅក្នុង​រដ្ឋប្រហារ កាលពី​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២១ ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ មីន អ៊ោ​ង​ហ្លា​ង (Min Aung Hlaing) ។​


​លោក ហ្វី​យូ ហ្សេ​យ៉ា ថាវ (Phyo Zeya Thaw) អតីត​តំណាងរាស្ដ្រ មកពី​គណបក្ស​សម្ព័ន្ធជាតិ ដើម្បី​លទ្ធិប្រជាធិបតេយ្យ ហៅ​កាត់ NLD របស់លោក​ស្រី អ៊ោ​ង សាន់​ស៊ូ​ជី (Aung San Suu Kyi) និង សកម្មជន​ប្រជាធិបតេយ្យ​ដ៏​លេចធ្លោ លោក ខ្យៅ មិន យូ (Kyaw Min Yu) ត្រូវបាន​តុលាការ​របប​សឹក​មី​យ៉ាន់​ម៉ា ចោទប្រកាន់ថា មាន​ពិរុទ្ធ ពីបទ​ល្មើស ក្រោម​ច្បាប់​ប្រឆាំងនឹង​អំពើ​ភេរវកម្មរ នៅក្នុង​របប​គ្រប់គ្រង​របស់លោក​ឧត្ដមសេនីយ៍ មីន អ៊ោ​ង ហ្លា​ង​។ ដោយឡែក​បុរស​២​នាក់ ទៀត រួមមាន លោក ហ្លា មី​យូ​អ៊ោ​ង (Hla Myo Aung) និង អ៊ោ​ង ធូ​រ៉ា ហ្សៅ ((Aung Thura Zaw) ក៏​ត្រូវបាន​ប្រហារជីវិត​ផងដែរ​។​

​ការកាត់ទោស​ប្រហារជីវិត​របស់​របប​សឹក​មី​យ៉ាន់​ម៉ា បាន​នាំ​ឲ្យ​មានការ​ថ្កោលទោស​យ៉ាងខ្លាំង ពី​ក្រុម​អង្គការសិទ្ធិមនុស្ស សហរដ្ឋអាមេរិក បារាំង និង អង្គការសហប្រជាជាតិ ដោយ​រួមទាំង​លោក អង់​តូ​នី​ញ៉ូ ហ្គូ​ទែ​រ​រ៉ែ​ស (Antonio Guterres) អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ដោយបាន​ពណ៌នា​ពី​ការប្រហារជីវិត ដែល​បាន​គ្រោងទុក​នេះ​ថា ជា​«​ការរំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ ដល់​សិទ្ធិ​រស់រានមានជីវិត​»​។​


​បើតាម​សមាគម​ជំនួយការ​អ្នកទោសនយោបាយ ហៅ​កាត់ AAPP បាន​ឲ្យ​ដឹងថា ការកាត់ទោស​តាមផ្លូវ​តុលាការ​ចុងក្រោយ នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា បានកើត​ឡើង នៅ​ចុង​ទសវត្សរ៍ ឆ្នាំ​១៩៨០​។ ប៉ុន្ដែ​ចាប់តាំងពី​ការធ្វើ​រដ្ឋប្រហារ​យោធា កាលពី​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២១ រហូតមកដល់​ចុងខែ​កក្កដា ឆ្នាំ​២០២២ មាន​មនុស្ស យ៉ាងហោចណាស់ ជាង ២ ១០០​នាក់ ត្រូវបាន​កម្លាំង​សន្ដិសុខ នៃ​របប​សឹក​មី​យ៉ាន់​ម៉ា សម្លាប់​៕​