រដ្ឋគ្រោងកំណត់ឱ្យយានយន្តឯកជនត្រូវតែភ្ជាប់កាតព្វកិច្ចបង់ធានារ៉ាប់រងនៅឆ្នាំ ២០២២ នេះ

ព័ត៌មានជាតិ
0
197
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានឱ្យដឹងថា ​រាជរដ្ឋាភិបាល​កម្ពុជា គ្រោង​នឹង​កំណត់ឱ្យ​រថយន្ត​ឯកជន​គ្រប់​ប្រភេទ​ទាំងអស់ ត្រូវតែមាន​ការធានារ៉ាប់រង​ជា​កាតព្វកិច្ច ដែល​អាច​នឹង​អនុវត្ត​ជា​ផ្លូវការ ចាប់ពី​ឆ្នាំ​២០២២​នេះ​តទៅ​តែម្តង​។

​ឯកឧត្តម រស់ សីល​វ៉ា បាន​ថ្លែង​ក្នុងឱកាស​ចូលរួម​ក្នុង​ទិវា​ធានារ៉ាប់រង កាលពី​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២២ ថា រាជរដ្ឋាភិបាល​កម្ពុជា នឹងដាក់​ឱ្យប្រើ​ប្រាស់​នូវ​ការធានារ៉ាប់រង​យានយន្ត​ឯកជន​ជា​កាតព្វកិច្ច ដែលជា​ការទទួលខុសត្រូវ​របស់​ប្រតិបត្តិ​ករ​ធានារ៉ាប់រង និង​ម្ចាស់​យានយន្ត​ចំពោះ​សង្គមជាតិ តាមរយៈ​ការធានារ៉ាប់រង​ដល់​ជនរងគ្រោះ ដែល​បង្កដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅតាម​ដងផ្លូវ​ក្នុងប្រទេស​កម្ពុជា និង​ក្នុង​គោលបំណង​លើកកម្ពស់​វិស័យ​ធានារ៉ាប់រង​ឱ្យមាន​ការរីកចម្រើន​ថែមទៀត​។​


​ការកំណត់​ជា​កាតព្វកិច្ច​នេះ នឹង​ជួយ​ឱ្យ​ជនរងគ្រោះ​ទទួលបាន​សំណង​សមស្រប​ណាមួយ សម្រាប់​ការព្យាបាល និង​ដោះស្រាយ​បញ្ហា​ផ្នែក​ហិរញ្ញវត្ថុ​របស់ខ្លួន ដែល​បង្កឡើង​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅតាម​ដងផ្លូវ​។ គម្រោង​អាច​នឹង​ដំណើរការ​ក្នុង​ឆ្នាំ​២០២២​នេះ បន្ទាប់ពី​ទីផ្សារ​ធានារ៉ាប់រង​របស់​កម្ពុ​ជា បាននិងកំពុង​បន្ត​រីកចម្រើន​យ៉ាង​ឆាប់ ក្នុង​រយៈពេល ៥​ឆ្នាំ​ចុង​ក្រោយនេះ​។ ឯកឧត្តម បានបញ្ជាក់​បន្ថែម​។​

​ចំណែកឯ​លោក ហ៊ុយ វ៉ា​ថា​រ៉ូ ប្រធាន​សមាគម​ធានារ៉ាប់រង​កម្ពុជា គាំទ្រ​ចំពោះ​គ្រោងការ​ដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ​ធានារ៉ាប់រង​យានយន្ត​ឯកជន​ជា​កាតព្វកិច្ច ខណៈ​បច្ចុប្បន្ន​បាន​អនុវត្ត​ជា​អន្លើរ​តែ​ទៅលើ​យានយន្ត​នៃ​ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរ និង​ក្រុមហ៊ុន​ដឹកទំនិញ​ប៉ុណ្ណោះ​។ ទីផ្សារ​ធានារ៉ាប់រង​នៅ​កម្ពុជា​ក្នុងពេល​បច្ចុប្បន្ន មាន​ក្រុមហ៊ុន​ធានារ៉ាប់រង​សរុប​៣៩ ក្នុងនោះ​ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ​មាន​ចំនួន​១៨ ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ចំនួន​១៤ និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ខ្នាតតូច​ចំនួន​៧ ព្រមទាំង​មាន​ក្រុមហ៊ុន​ធានារ៉ាប់រង​បន្ត​ចំនួន​១​។​