ក្រុម​អ្នកនយោបាយ​អាមេរិក​បង្កើត​បក្ស​ថ្មី ចង់​ប្ដូរ​ជម្រើស​ដឹកនាំបច្ចុប្បន្ន​

ព័ត៌មានអន្តរជាតិ
0
233
រដ្ឋធានី​វ៉ាស៊ីនតោន​៖ រហូតមកដល់​ពេលនេះ ក្រុម​អ្នកនយោបាយ​របស់​សហ​រដ្ឋ​អាមេរិក មកពី​បក្ស​ផ្សេងៗ បាន​ព្រមព្រៀងគ្នា​បង្កើត​បក្ស​ថ្មី សម្រាប់​ការផ្លាស់ប្ដូរ​របត់​ដឹកនាំ ចេញពី​ប្រព័ន្ធ​បក្សនយោបាយ​របស់​ប្រជាធិបតេយ្យ និង សាធារណរដ្ឋ​។

​ទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែកក្កដា ថា អតីតមន្ត្រី មកពី​គណបក្ស​សាធារណរដ្ឋ និង ប្រជាធិបតេយ្យ រាប់សិប​នាក់ នៅ​ថ្ងៃ​ព្រហស្បតិ៍ នឹង​ប្រកាស ពី​គណបក្សនយោបាយ​ជាតិ​ថ្មី​មួយទៀត ដើម្បី​អំពាវនាវ​ដល់​អ្នកបោះឆ្នោត រាប់លាន​នាក់ ដែល​ស្រងាកចិត្ត​ជាមួយនឹង​ប្រព័ន្ធគ្រប់គ្រង​របស់​គណបក្ស ចំនួន​២ នៅ​សហរដ្ឋអាមេរិក​។​

​សមាជិក​ស្ថាបនិក​គណបក្សនយោបាយ​ថ្មី​នេះ បាន​ប្រាប់​ដល់​ទីភ្នាក់ងារសារព័ត៌មាន​របស់​អង់គ្លេស Reuters ថា គណបក្ស​ថ្មី ទើបនឹង​បង្កើត​ថ្មី​នេះ ឈ្មោះ «​ដំណើរ​ឆ្ពោះទៅមុខ​» (Forward) នឹងមាន​សហប្រធាន​ជា​លើកដំបូង ដោយ​អតីត​បេក្ខជន​ប្រធានាធិបតី នៃ​គណបក្ស​ប្រជាធិបតេយ្យ គឺ លោក អេ​ន​ឌ្រូ យ៉ាង (Andrew Yang) និង លោកស្រី គ្រីស្ទី​ន ថូត វីត​មេន (Christine Todd Whitman) អតីត​អភិបាលរដ្ឋ​ញូ​វ​ជើ​ស៊ី (New Jersey) មកពី​គណបក្ស​សាធារណរដ្ឋ​។ គណបក្ស​ថ្មី​ទី​៣​របស់​សហរដ្ឋអាមេរិក នេះ នឹង​ក្លាយជា​ក្តីសង្ឃឹម ជា​ជម្រើស​ថ្មី ចេញពី​គណបក្ស​សាធារណរដ្ឋ និង ប្រជាធិបតេយ្យ ដែល​គ្រប់គ្រង​សហរដ្ឋអាមេរិក នាពេលនេះ​។​


​មេដឹកនាំ​គណបក្ស នឹង​រៀបចំ​ព្រឹត្តិការណ៍ ជា​បន្តបន្ទាប់ នៅក្នុង​ទីក្រុង ចំនួន​២ នា​រដូវ​ស្លឹកឈើ​ជ្រុះ ដើម្បី​ចាប់ផ្តើម​វេទិកា​របស់ខ្លួន ទាក់ទាញ​ការគាំទ្រ ហើយ​រៀបចំ​ការសម្ពោធ​ជា​ផ្លូវការ នៅ​ទីក្រុង​ហ៊ូ​ស្តុ​ន (Houston) នៅ​ថ្ងៃទី​២៤ ខែកញ្ញា ហើយក៏​ជា​សន្និបាត​ថ្នាក់ជាតិ លើកដំបូង នៅក្នុង​ទីក្រុង​ធំ​មួយ របស់​សហរដ្ឋអាមេរិក នៅ​រដូវក្តៅ​ឆ្នាំក្រោយ​៕​