ទ័ព​អាមេរិក រៀបចំ​ទប់ទល់​ការវា.យប្រ.ហារ​របស់​ចិន លើ​យន្ដហោះ​ប្រធានសភា​ទៅកាន់​តៃវ៉ាន់​

ព័ត៌មានអន្តរជាតិ
0
89
រដ្ឋធានី​ប៉េកាំង​៖ ក្រោយពេល​ចិន​បាន​ព្រមាន​អំពី​ផលវិបាក​នានា ប្រឆាំង​តវ៉ា​នឹង​ដំណើរ​ទស្សនកិច្ច ទៅកាន់​តៃវ៉ាន់ នោះ កងទ័ព​សហរដ្ឋ​អាម​រិ​ក កំពុងតែ​រៀបចំ​សេណា​រី​យ៉ូ ទប់​ទល់នឹង​ហេតុការណ៍​ដ៏​អាក្រក់ ដើម្បី​ការពារ​ប្រធានសភា​របស់ខ្លួន គ្រោង​នឹង​ទៅ​បំពេញ​ទស្សនកិច្ច នៅលើ​ដែន​កោះ​មួយ​នេះ​។​

​សារព័ត៌មាន The Times of Israel បានចេញ​ផ្សាយ កាលពី ថ្ងៃទី​២៧ ខែកក្កដា ថា កងទ័ព​សហរដ្ឋអាមេរិក ត្រូវតែ​ធានា អំពី​ការប្រព្រឹត្តទៅ ប្រកបដោយ​សុវត្ថិភាព សម្រាប់​ដំណើរ​ទស្សនកិច្ច នាពេលខាងមុខ​របស់​ប្រធានសភា​សហរដ្ឋអាមេរិក ទៅកាន់​ប្រទេស នៅ​តំបន់​សមុទ្រ​ប៉ាស៊ីហ្វិក ចាប់តាំងពី​ឆ្នាំ​១៩៩៧​មក​។​



​ការលេចឮ អំពី​ផែនការ​របស់លោក​ស្រី ណាន​ស៊ី ផែ​ឡូ​ស៊ី (Nancy Pelosi) ប្រធានសភា​សហរដ្ឋអាមេរិក គ្រោង​នឹង​ដំណើរ​ទៅកាន់​កោះ​តៃវ៉ាន់​នោះ កំពុងតែ​ធ្វើ​ឲ្យ​ចិន​ខឹងសម្បា​យ៉ាងខ្លាំង ហើយ​ព័ត៌មាន​ចចាមអារ៉ាម​នេះ ក៏​ធ្វើ​ឲ្យ​សេត​វិមាន ឈឺក្បាល​ជាមួយនឹង​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​យ៉ាងធ្ងន់ធ្ងរ​នេះ​ផងដែរ​។

​ចិន បាន​ព្រមាន អំពី​ផលវិបាក​យ៉ាងធ្ងន់ធ្ងរ​នានា​ជាច្រើន ប្រ​សិ​បើ​លោកស្រី Pelosi ប្រធានសភា​សហរដ្ឋអាមេរិក ទៅ​បំពេញ​ទស្សនកិច្ច នៅលើ​កោះ​តៃវ៉ាន់​។ ប៉ុន្ដែ​ក្នុង​មួយរយៈ​ចុងក្រោយ​នេះ មន្ដ្រីជាន់ខ្ពស់​សហរដ្ឋ​អាមេរិក ទាំង​នៅក្នុង​ជួរ​រដ្ឋាភិបាល និង សភា តែងតែ​ទៅ​បំពេញ​ទស្សនកិច្ច នៅលើ​ដែន​កោះ​នេះ ជា​ញឹកញាប់ ដោយ​ក្នុងនោះ​មាន​ទាំង លោកស្រី កា​ម៉ា​ឡា ហារី​ស (Kamala Harris) អនុ​ប្រធានាធិបតី ផងដែរ​។ ជាមួយគ្នានេះ មន្ដ្រីជាន់ខ្ពស់​លំដាប់​ទី​២​របស់​សហរដ្ឋអាមេរិក នៅក្នុង​ជួរ​តំណែង​ប្រធានាធិបតី បន្ទាប់ពី​អនុ​ប្រធានាធិបតី លោកស្រី Pelosi ក៏​នឹង​ក្លាយជា​អ្នកនយោបាយ​សហរដ្ឋអាមេរិក​លំដាប់​ខ្ពស់បំផុត ដែល​នឹងធ្វើ​ដំណើរ​ទៅកាន់​ដែន​កោះ​មួយ​នេះ ចាប់តាំងពី​ឆ្នាំ ១៩៩៧​មក​។​


​ទោះជា​យ៉ាងណា មន្ត្រី​សហរដ្ឋអាមេរិក បាន​អះអាងថា ពួកគេ​មានការ​ភ័យខ្លាច​តិចតួច​ថា ចិន​នឹង​វាយប្រហារ​លើ​យន្តហោះ​របស់លោក​ស្រី Nancy Pelosi ប្រសិនបើ​លោកស្រី ហោះហើរ​ទៅកាន់​កោះ​តៃវ៉ាន់​។ ប៉ុន្តែ​ប្រធានសភា​អាមេរិក នឹង​ចូលទៅក្នុង​ចំណុចក្តៅ​បំផុត​មួយ​របស់​ពិភពលោក អាច​បង្ក​គ្រោះថ្នាក់​ដល់​សុវត្ថិភាព​របស់​របស់​លោកស្រី​។ ដូច្នេះ​មន្ទីរ​បញ្ច​កោណ​កំពុង​បង្កើត​ផែនការ សម្រាប់​គ្រោះអាសន្ន​ណាមួយ កើតឡើង​ជាយថាហេតុ​។​

​រហូតមកដល់​ពេលនេះ ចិន តែងតែ​ចាត់ទុក​កោះ​តៃវ៉ាន់ គ្រប់គ្រង​តាមបែប​ប្រជាធិបតេយ្យ ដោយ​ខ្លួនឯង ជា​អាណាខេត្ត​របស់ខ្លួន មិនអាច​បំបែក​បាន​។ លើសពីនេះទៅទៀត រដ្ឋាភិបាល​ក្រុង​ប៉េកាំង តែងតែ​បញ្ជូន​យន្ដហោះ និង នាវាចម្បាំង​ជាច្រើន​ប្រភេទ ហោះ និង ធ្វើ​នាវាចរណ៍ ជា​ញឹកញាប់ ចូលទៅ​ជិត​ដែន​កោះ​មួយ​នេះ ដើម្បី​គំរាម​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​តៃប៉ិ ព្រម​ទទួលយក​នូវ​ដែន​អធិបតេយ្យភាព​របស់ខ្លួន​។ ចិន បាន​គំរាមកំហែង​ជា​ញឹកញាប់ ពី​ការប្រើប្រាស់​កម្លាំងយោធា វាយលុក ចូលកាន់​កាប់​ដែន​កោះ​មួយ​នេះ ប្រសិនបើ​ក្រុង​តៃប៉ិ ហ៊ាន​ប្រកាស អំពី​ឯករាជភាព​របស់ខ្លួន កាត់ផ្ដាច់​ចេញពី​ការគ្រប់គ្រង​របស់​ចិន​។​


​លោក ចូ បៃ​ដិ​ន (Joe Biden) ប្រធានាធិបតី​សហរដ្ឋអាមេរិក កាលពី​សប្តាហ៍​មុន បាន​ប្រាប់​ដល់​ក្រុម​អ្នកយកព័ត៌មាន ជុំវិញ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានសភា លោក ស្រី Pelosi ថា «​យោធា​គិតថា វា​មិនមែនជា​គំនិតល្អ​» ប៉ុន្តែ​សេត​វិមាន​របស់គាត់ បាន​ហៅ​វោហារសាស្ត្រ​របស់​ចិន ដែល​ប្រឆាំងនឹង​ដំណើរ​ទស្សនកិច្ច​បែបនេះ​ថា «​វា​ជា​រឿង​មិនមាន​ប្រយោជន៍ និង មិនចាំបាច់​»​នោះឡើយ ។​

​ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក បាន​បញ្ជាក់ថា លោកស្រី Pelosi មិនបាន​ប្រកាស អំពី​ដំណើរ​ទស្សនកិច្ច​ណាមួយ​នោះឡើយ ហើយ​វិធីសាស្ត្រ​របស់​សហរដ្ឋអាមេរិក ទៅកាន់​កោះ​តៃវ៉ាន់ នៅតែ​មិនមាន​ការផ្លាស់ប្តូរ​នោះដែរ​។​

​ទោះជា​យ៉ាងណា រហូតមកដល់​ពេលនេះ សហរដ្ឋអាមេរិក នៅ​រក្សា​នូវ​អ្វីដែល​ក្រុង​វ៉ាស៊ីនតោន ហៅ «​ទំនាក់ទំនង​មិន​ផ្លូវការ​ដ៏​រឹងមាំ​»​ជាមួយ​តៃវ៉ាន់ បើទោះជា​ក្រុង​វ៉ាស៊ីនតោន មាន​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ ជាមួយ​ប្រទេស​ចិន ហើយ​មិនមែន​ក្រុង​តៃប៉ិ យ៉ាងណាក៏ដោយ​។​


​ប្រសិនបើ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Pelosi ទៅកាន់​តៃវ៉ាន់ កើតឡើង​មែន​នោះ វា​នឹងធ្វើ​ឲ្យ​មាន​ភាព​តានតឹង កាន់តែខ្លាំង​ឡើង រវាង​ក្រុង​វ៉ាស៊ីនតោន និង ក្រុង​ប៉េកាំង នៅក្នុង​ការហៅ​ទូរស័ព្ទ រវាង​ប្រធានាធិបតី​អាមេរិក Joe Biden និង មេដឹកនាំ​ចិន ស៊ី ជិន​ពីង (Xi Jinping)​នាពេលខាងមុខ​ផងដែរ​៕​