វៀតណាម ឈប់​បារម្ភ​រឿង​សំរាម​រាប់លាន​តោន ច្នៃ​មក​ធ្វើ​ទៅជា​អគ្គិសនី​

ព័ត៌មានអន្តរជាតិ
0
113
រដ្ឋធានី​ហាណូយ​៖ រហូតមកដល់​ពេលនេះ នៅលើ​ពិភពលោក កំពុងតែ​ឈឺក្បាល​វិលមុខ ពី​ការ​ទុកដាក់​សំរាម ប៉ុន្ដែ​ប្រទេស​វៀតណាម លែង​គិត​បញ្ហា​នេះ ជា​កង្វល់​បន្ដទៅ​ទៀតហើយ ព្រោះ​កាកសំណល់​ឥតប្រយោជន៍​ទាំងនេះ អាច​យកទៅ​កែច្នៃ បង្កើតជា​អគ្គិសនី​ប្រើប្រាស់​បាន​។​

​សារព័ត៌មាន​វៀតណាម VN Express បានចេញ​ផ្សាយ កាលពី​ថ្ងៃ​អង្គារ ទី​២៦ ខែកក្កដា ថា វៀតណាម បាន​បង្កើត​រោងចក្រ​ដ៏​ធំ​មួយ នៅក្នុង​រដ្ឋធានី​ហាណូយ ដោយ​ចំណាយ​ថវិកា ចំនួន​៣០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ រោងចក្រ​នេះ អាច​ផលិត​អគ្គិសនី ចេញពី​សំរាម ហើយ​វា​អាច​គ្រប់គ្រង​សំរាម រហូតដល់​៤០០០​តោន ក្នុង​១​ថ្ងៃ​។ ចំណែក​ការផលិត​អគ្គិសនី ចេញពី​សំរាម សម្រាប់​ត​ភ្ជាប់​ទៅកាន់​បណ្ដាញ​អគ្គិសនី​របស់​ជាតិ ស្ថិតក្នុង​រដ្ឋធានី​ហាណូយ បានដាក់​ឲ្យ​ដំណើរការ កាលពី​ថ្ងៃ​ចន្ទ ក្រោយ​ការពន្យារពេល អស់​រយៈពេល​ជាច្រើនលើក​រួចមក​។​


​រោងចក្រ​ផលិត​ថាមពល ពី​សំរាម​ដ៏​ធំ Soc Son នេះ អាចជួយ​សម្រួល​ដល់​ប​ន្ទុ​ក​កាកសំណល់​សំរាម នៅក្នុង​ទីក្រុង​ហាណូយ យ៉ាងច្រើន ដោយសារ​ក្នុង​រយៈពេល​១​ថ្ងៃៗ វា​អាច​នឹង​ដុត​កាកសំណល់​ស្ងួត រហូតដល់ ៤ ០០០​តោន​។ រោងចក្រ​ដ៏​ធំ​បំផុត​របស់​វៀតណាម​មួយ​នេះ ត្រូវគេ​រំពឹងថា នឹង​អាច​ផលិត​អគ្គិសនី​បាន រហូតដល់​៧៥​មី​ហ្គា​វ៉ា​ត់ (៧៥ MW) ក្នុង​១​ម៉ោង​។​

​លោកស្រី ង្វៀន ធី ហុង វ៉ាន់ (Nguyen Thi Hong Van) អគ្គនាយិកា នៃ​អភិវឌ្ឍន៍​ទីផ្សារ នៅ​អាស៊ីអាគ្នេយ៍ នៃ​ក្រុមហ៊ុន​ថាមពល​បរិស្ថាន​ធៀន វ៉ា​យ (Thien Y Environmental Energy JSC) ជា​អ្នកវិនិយោគ​គម្រោង​ដ៏​សំខាន់​នេះ បាន​បញ្ជាក់ថា ចាប់តាំងពី​ពេលនេះ រហូតដល់​ចុងខែ​កញ្ញា ខាងមុខ រោងចក្រ Soc Son នេះ នឹង​ដំណើរការ​នូវ​ឡ​ដុត​សំរាម ដោយ​វា​មាន​សមត្ថភាព​គ្រប់គ្រង​កាកសំណល់ រហូតដល់ ៨០០​តោន ក្នុង​១​ថ្ងៃ​។​


​លោកស្រី​អគ្គនាយិកា បាន​បន្ថែមថា «​ម៉ាស៊ីនភ្លើង​ទី​១ នៃ​រោងចក្រ Soc Son មាន​សមត្ថភាព​អាច​ផលិត​អគ្គិសនី បាន​រហូតដល់​១៥​មេ​ហ្គា​វ៉ា​ត់​ម៉ោង (MWH) ។ ដូច្នេះ វា​មាន​ត្រូវ​ចំហេះ​កាកសំណល់ ប្រហែល ១០០០​តោន ឬ​ស្មើនឹង​ប្រហែល ១​ភាគ​៥ នៃ​បរិមាណ​សំរាម​ផលិត នៅក្នុង​រដ្ឋធានី​ហាណូយ ជា​រៀងរាល់ថ្ងៃ ដើម្បី​បំពេញតម្រូវការ​ផលិត​អគ្គិសនី​នេះ​។ ប៉ុន្ដែ​បើ​និយាយ អំពី​រោងចក្រ​ទាំងមូល រំពឹងថា នឹង​អាច​ផលិត​អគ្គិសនី​បាន រហូតដល់​៧៥ MWH ។ ចំណែក​អគ្គិសនី ប្រហែល​២០ MW ដែល​បង្កើត ក្នុងអំឡុងពេល​ដំណើរការ​ចំហេះ​នេះ នឹងត្រូវ​ប្រើប្រាស់ សម្រាប់​ចិញ្ចឹម​ប្រតិបត្តិការ នៅក្នុង​រោងចក្រ ខណៈ​អគ្គិសនី​ប្រហែល ៥០ MW ផ្សេងទៀត នឹងត្រូវ​ផ្គត់ផ្គង់ ទៅកាន់​បណ្តាញ​អគ្គិសនី​របស់​ជាតិ​។​

​លោកស្រី​អគ្គនាយិកា បាន​បន្ដទៀត ថា ក្រុមហ៊ុន​របស់​អ្នកស្រី កំពុងតែ​បញ្ចប់​នីតិវិធី សម្រាប់​បញ្ចប់​ដំណាក់កាល​ទី​២ និង​ទី​៣ នៅក្នុង​កា​រឡ​ដុត ចំនួន​៤​។ ក្រុមហ៊ុន​រំពឹងថា ឡ​ដុត​ទី​៥ នឹង​ដាក់ឱ្យ​ដំណើរការ នៅក្នុង​រយៈ​ប៉ុន្មាន​ខែ នា​ឆ្នាំ​២០២២ ខាងមុខ ដើម្បី​បង្កើន​សមត្ថភាព​ដុត​សំរាម សរុប​កើន​ដល់ ៥ ០០០​តោន ក្នុង​មួយថ្ងៃ ហើយ​វា​អាចជួយ​សម្រាល ដល់​ការដោះស្រាយ​កាកសំណល់ នៅក្នុង​រដ្ឋធានី​ហាណូយ រហូតដល់​ប្រហែល ចន្លោះ​ពី​៦០-៧០​ភាករយ​ផងដែរ​។ រោងចក្រ​នេះ នឹង​ប្រើប្រាស់​អគ្គិសនី ប្រហែល​តែ​ចន្លោះ​ពី​១៥-២០​ភាគរយ​ប៉ុណ្ណោះ ហើយ​បរិមាណ​អគ្គិសនី ដែល​នៅ​សេសសល់ នឹង​លក់​ទៅ​សាជីវកម្ម​អគ្គិសនី​វៀតណាម គ្រប់គ្រង​ដោយ​រដ្ឋ​៕​