អស់​រយៈពេល​ជិត ៣​ឆ្នាំ ទីបំផុត​គេ​រកឃើញ​ប្រភព​នៃ​ជំ​ងី​រាតត្បាត​កូ​វីដ ១៩ ហើយ​

វិទ្យាសាស្ត្រ
0
1289
មានការ​សិក្សា​ពីរ​ចេញផ្សាយ​នៅ​ថ្ងៃ​អង្គារ​ទី ២៦​កក្កដា ២០២២ ក្នុង​ទស្សនា​វ​ដ្តី​វិទ្យាសាស្ត្រ Science ដ៏​ល្បីល្បាញ​បាន​សន្និដ្ឋានថា ជំងឺ​រាតត្បាត​សកល​កូ​វីដ​១៩ បាន​ផ្តើមចេញពី​ផ្សារ​លក់​គ្រឿង​សមុទ្ទ​នៅ​ក្រុង​វូ​ហាន ប្រទេស​ចិន​។ លទ្ធផល​នៃ​ការសិក្សា​នេះ ជាការ​បង្អុ​ល​បង្ហាញឱ្យឃើញថា វីរុស​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​១៩ ទំនង​ខ្លាំង​ជាមាន​ប្រភព​ចេញ​មកពី​សត្វ​។​

​ការសិក្សា​ទីមួយ​ជាការ​វិភាគ​ភូមិសាស្ត្រ ដែល​បង្ហាញឱ្យឃើញថា ករណី​កូ​វីដ​រកឃើញ​ដំបូង​បំផុត នៅក្នុង​ខែធ្នូ​២០១៩ ផ្តុំគ្នា​នៅតែ​ជុំវិញ​ផ្សា​រលក់​គ្រឿង​សមុទ្ទ​របស់​ក្រុង​វ៉ូ​ហាន​។ ឯ​ការសិក្សា​ទី​ពីរ ដែល​ផ្តោត​ការវិភាគ​ទៅលើ​ហ្សែ​ន​របស់​វីរុស​ក្នុង​ខ្លួន​អ្នកជំងឺ​កូ​វីដ​ករណី​ដំបូង​គេ​ដែល​បាន​សន្និដ្ឋានថា វា​ហាក់ដូចជា​មិនសូវ​ទំនង​សោះ​ដែលថា​វីរុស Sars-CoV-2 ឆ្លង​រា​ត​ដាល​លើ​មនុស្ស​យ៉ាង​ទូលំទូលាយ​នៅមុន​ខែវិច្ឆិកា​២០១៩​។​



​វីរុស​ផ្តុំ​នៅ​ជុំវិញ​ផ្សារ​

​ការសិក្សា​វិភាគ​ភូមិសាស្ត្រ មាន​ពាក់ព័ន្ធ​នឹង​អ្នកជំងឺ​កូ​វីដ​ដំបូង នៅ​ខែធ្នូ​២០១៩ ចំនួន ១៥៥​ករណី​។ អ្នកស្រាវជ្រាវ រកឃើញថា​អ្នក​ទាំងអស់នោះ សុទ្ធតែ​រស់នៅ​ជុំវិញ​ផ្សារ មិន​ដូច​អ្នកជំងឺ​នៅ​ខែ​បន្ទាប់ៗ ដែល​រស់នៅក្នុង​សង្កាត់​មាន​ដង់ស៊ីតេ​ចង្អៀត​គ្នា​ខ្លាំង ហើយ​ទើប​ធ្វើឱ្យមាន​ផ្ទុះ​ការឆ្លង​រីក​រាលដាល​ទេ​។​
​ជាងនេះទៅទៀត ពួកគេ​ជាម​នុស្ស​ដែល​គ្មាន​ពាក់ព័ន្ធ​ដោយផ្ទាល់​នឹង​ផ្សារ (​មិនមែនជា​អ្នកលក់ ជា​អ្នកធ្វើការ នៅក្នុង​ផ្សារ ឬ​បាន​ទៅ​ផ្សារ​ថ្មី​)​ទេ តែមាន​ផ្ទះ​ស្នាក់នៅ​ជិត​ផ្សារ​ខ្លាំងជាងគេ ជាង​អ្នកលក់ អ្នកធ្វើការ អ្នក​ទៅ​ផ្សារ ទៅទៀត​។ នេះ​ស​ឱ្យឃើញថា អ្នកជំងឺ​បាន​ឆ្លង ទំនង​ដោយហេតុតែ​រស់នៅ​ក្បែរ​ក​ន្លែ​ង​មាន​មេរោគ​។ នេះ​បើតាម​ការពន្យល់​របស់​ក្រុម​អ្នកស្រាវជ្រាវ ដោយបាន​ធ្វើការ​វិភាគ សំណាក​មេរោគ ផ្តិត​យកមក​ពី​វត្ថុ​ផ្សេងៗ ដូចជា​កន្ត្រក រទេះរុញ នៅ​ផ្សារ​វ៉ូ​ហាន​កាលពី​ខែមករា​ឆ្នាំ​២០២០​ទៀត​។ ជា​លទ្ធផល វត្ថុ​មាន​ជាប់​មេរោគ Sars Cov-2 ឬ​សំណាក​វិជ្ជមាន មាន​ផ្តុំ​នៅតែ​ផ្នែក​ខាង​នីរ​តី​នៃ​ផ្សារ ត្រង់​ផ្នែក​ដែលមាន​លក់​សត្វ​រស់​។ គ្រាន់តែ​ថា សត្វ​រស់​ដែលជា​អ្នកចម្លង​មេរោគ​ពី​សត្វ​ប្រចៀវ​ហើយ​ត​មក​ចម្លង​ដល់​មនុស្ស មិនដឹង​ជាស​ត្វ​អ្វី​ឱ្យ​ប្រាកដ​។​
​ការសិក្សា​ទី​ពីរ ដែល​វិភាគ​អំពី ហ្សែ​ន​របស់​វីរុស កើត​លើ​អ្នកជំងឺ​កូ​វីដ​ករណី​ដំបូង​គេ​បំផុត​ដែរ បានបង្ហាញ​ឱ្យឃើញថា ហ្សែ​ន​របស់​វីរុស មាន​ពីរ​ជួរ A និង​B តាំងពីដើម​មក មិនមែន​ដូច​ការសិក្សា​មុនៗ ដែលថា ហ្សែ​ន​របស់​វីរុស មាន​ពីរ​ជួរ អា និង​បេ ហើយ​បេ ជា​វិវឌ្ឍន៍​របស់​អា​ទេ​។ ហ្សែ​ន​ពីរ​ជួរ អា និង​បេ ទំនងជា​លទ្ធផល​នៃ​ការ​ហេតុការណ៍​ពី​ដាច់ដោយឡែក​ពីគ្នា នៅពេល​ចម្លង​មក​មនុស្ស តែ​ទាំងពីរ​មាន​ប្រភព​មកពីផ្សារ​វ៉ូ​ហាន​ដូចគ្នា​។ នេះ​បើតាម​ការពន្យល់​របស់​ក្រុម​អ្នកស្រាវជ្រាវ​។​



​រារាំង​រោគរាតត្បាត​ថ្មី​

​តាំងពី​ផ្ទុះ​ជំងឺ​កូ​វីដ​១៩​រាតត្បាត​ពិភពលោក​ដំបូង​ភ្លាម និង​ជិត​បី​ឆ្នាំ​មកនេះ អ្នកជំនាញ​នៅតែ​បន្ត​ប្រទាញប្រទង់​គ្នា​ខ្លាំងណាស់​ក្នុងការ​ស្វែងរក​ប្រភពដើម​នៃ​ជំងឺ មក​បំភ្លឺ​មនុស្សជាតិ​។ អ្នកស្រាវជ្រាវ​ម្នាក់ ក្នុងចំណោម​អ្នកស្រាវជ្រាវ​ដែល​ចេញផ្សាយ​ការសិក្សា​នេះ​ផ្ទាល់ គឺ​លោក Michael Worobey មេរោគ​វិទូ​ជាតិ នៅ​សកល​វិទ្យាល័យ​Arizona​អាមេរិក ធ្លាប់បាន​ចុះហត្ថលេខា​លើ​លិខិត​មួយ​កាលពី​ឆ្នាំ​២០២១ អំពាវនាវ​ឱ្យ​អ្នកស្រាវជ្រាវ​គិតគូរ​មែនទែន​អំពី​សម្មតិកម្ម ថា​មេរោគ​កូ​វីដ​១៩​ធ្លាយ​ចេញពី​មន្ទីរពិសោធន៍​នៅ​ក្រុង​វ៉ូ​ហាន​។ ប៉ុន្តែ​នៅថ្ងៃនេះ នៅក្នុង​សន្និសីទកាសែត លោក​បាន​បញ្ជាក់ថា ទិន្នន័យ​នៃ​ការវិភាគ បានធ្វើឱ្យ​លោក​ប្តូរផ្លាស់ ការវាយតម្លៃ ហើយ​ផ្តល់​ការសន្និដ្ឋាន គិត​នៅត្រឹម​ថ្ងៃនេះ​ថា វា​មិន​សម​ទំនង​សោះ​ដែលថា​វីរុស​ត្រូវបាន​គេ​បញ្ចូល ដោយ​វិធី​ណាមួយ តាមរយៈ​ការលក់ដូរ​សត្វ​នៅ​ទីផ្សារ​នោះ​។​



​សហ​និពន្ធ​ការសិក្សា​លោក Kristan Andersan នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​Scripps បានប្រកាសថា តើ​យើង​បាន​បដិសេធ​ទ្រឹស្តី​ធ្លាយ​មេរោគ​ពី​មន្ទីរពិសោធន៍ ? ចម្លើយ​គឺ​ទេ ! តើ​យើង​នឹង​អាចធ្វើ​ដូច្នេះ​នៅ​ថ្ងៃ​ណាមួយ ? ចម្លើយ​គឺ​ទេ ! ប៉ុន្តែ​យើង​ត្រូវ​យល់​ទាំងអស់គ្នា​ថា អាចមាន​សេណា​រី​យ៉ូ​ច្រើន ហើយ​សេណា​រី​យ៉ូ​ខ្លះ​ទំនង​ជាង​។ តែ “​អាច​” មិនមែន​មានន័យថា “​ទំនង​” ទេ​។​
​សម្រាប់​អ្នកស្រាវជ្រាវ​ទាំងពីរ គេ​មិនត្រូវ​ការចង្អុល​ឬ​រកមុខ​អ្នកទទួលខុសត្រូវ​នាំឱ្យមាន​ជំងឺ​រាតត្បាត​ទេ ប៉ុន្តែ​នៅពេល​មាន​រោគរាតត្បាត គេ​ចាំបាច់​ត្រូវ​ស្វែងយល់ និង​ដឹងថា​តើ​មេរោគ​ចាប់ផ្តើម​ពី​ណា​។ ដឹងថា​សត្វ​លក់​នៅ​ផ្សារ​វ៉ូ​ហាន​មួយណា​ជា​អ្នកចម្លង​មេរោគ​កូ​វីដ​១៩​មក​មនុស្ស សំខាន់​ខ្លាំងណាស់ ក្នុងការ​កាត់បន្ថយ​គ្រោះ​ហានិភ័យ​នៅ​ថ្ងៃមុខ​។ សម្រាប់ ក្រុម​អ្នកស្រាវជ្រាវ​ដឹង ពី​ចំណុច​ចាប់ផ្តើម​ទើប​អាចជួយ​ការពារ​ពិភពលោក​ពី​ហេតុការណ៍​ស្រដៀង​គ្នា​នេះ នៅពេល​អនាគត និង​ទើប​អាចមាន​សក្តានុពល​ជួយសង្គ្រោះ​ជីវិត​មនុស្ស​បាន​ច្រើន មិនមែនជា​ស្រាវជ្រាវ​ដើម្បី​ទម្លាក់កំហុស​ដាក់​នរណា​ទេ​។​

​បើតាម​អ្នកស្រាវជ្រាវ​ក្រុម​នេះ ថ្វីបើ​នៅមាន​ចំណុច​អាថ៌កំបាំង​មែន ប៉ុន្តែ​គេ​មាន​ព័ត៌មាន​យ៉ាង​លម្អិត​ទាក់ទង​នឹង​ដើមដំបូង​នៃ​ជំងឺ​រាតត្បាត មិន​ដូច​គំនិត​ទូទៅ​ដែល​ស្មាន​ទេ​៕

ប្រភព៖ RFI