កងទ័ព​ក្រុង​មូ​ស្គូ បាញ់​មី​ស៊ី​ល​ស្រោច​លើ​កំពង់ផែ ស​.​ម្លា​ប់​សេដ្ឋី​នាំចេញ​គ្រាប់​ធញ្ញជាតិ​ដ៏​ធំ​ផុត​របស់​អ៊ុយ​ក្រែ​ន​

ព័ត៌មានអន្តរជាតិ
0
275
រដ្ឋធានី​គៀវ​៖ នៅក្នុង​សង្គ្រាម អស់​រយៈពេល​ជាង​៥​ខែ​កន្លងមកនេះ បើទោះជា​ក្រុង​មូ​ស្គូ កាលពី​ថ្ងៃទី​២៣ ខែកក្កដា បាន​ចុះ​កិច្ចព្រមព្រៀង​ដ៏​សំខាន់​ជាមួយនឹង​ក្រុង​គៀវ លើ​ផែនការ​របស់​អង្គការសហប្រជាជាតិ ដើម្បី​ដោះស្រាយ​បញ្ហា​អសន្ដិសុខ​ស្បៀង​របស់​ពិភពលោក ក្រោម​វត្ដ​មាន​របស់លោក អង់​តូ​នី​ញ៉ូ ហ្គូ​ទែ​រ​រ៉េ​ស (António Guterres) ប្រមុខ UN និង លោក រេ​សេប តា​យ​យី​ប អេ​ដូ​ហ្គេ​ន (Recep Tayyip Erdoğan) ប្រធានាធិបតី​តួ​ក​គី ហើយ​ក្ដី ប៉ុន្ដែ​រហូតមកដល់​ថ្ងៃទី​៣១ ខែកក្កដា កម្លាំង​ទាហាន​រុស្ស៊ី កំពុងតែ​បង្កើន​នូវ​វាយប្រហារ​ជា​បន្ដបន្ទាប់ ទៅលើ​គោលដៅ​នានា នៅ​តំបន់​កំពង់ផែ​របស់​ប្រទេស​អ៊ុយ​ក្រែ​ន ស្ថិតក្នុង​សមុទ្រ​ខ្មៅ​ដដែល​។​


​សារព័ត៌មាន Al Jazeera បានចេញ​ផ្សាយ កាលពី​ថ្ងៃអាទិត្យ ទី​៣១ ខែកក្កដា ថា ប្រធាន​តំបន់​របស់​អ៊ុយ​ក្រែ​ន បា​នះ​អាង​ថា កម្លាំង​ទាហាន​រុស្ស៊ី បាន​វាយប្រហារ​យ៉ាងខ្លាំង​ទៅលើ​ទីក្រុង​កំពង់ផែ មី​កូ​ឡែ​វ (Mykolaiv) នា​ភាគខាងត្បូង ប្រទេស​អ៊ុយ​ក្រែ​ន​។ ចំណែក​កាល​វាយប្រហារ​នេះ បានសម្លាប់​ម្ចាស់​ក្រុមហ៊ុន​ផលិត និង នាំចេញ​គ្រាប់​ធញ្ញជាតិ​ដ៏​ធំ​បំផុត​ម្នាក់​របស់​ប្រទេស​អ៊ុយ​ក្រែ​ន ផងដែរ​។​

​លោក វី​តា​លី​យ គីម (Vitaly Kim) អភិបាល​ទីក្រុង​មី​កូ​ឡែ​វ (Mykolaiv) បានបញ្ជាក់ នៅលើ​បណ្ដាញ​សង្គម​តេ​ឡេ​ក្រាម កាលពី​ថ្ងៃអាទិត្យ ទី​៣១ ខែកក្កដា ថា លោក អូ​ឡែ​ស៊ី​យ វ៉ា​ដា​ទើរ​ស្គី (Okesiy Vadatursky) ជា​ស្ថាបនិក និង ជា​ម្ចាស់​ក្រុមហ៊ុន​កសិកម្ម​នី​ប៊ូ​ឡុ​ន (Nibulon) ដែលមាន​ជំនាញ​ខាង​ការផលិត និង នាំចេញ​ស្រូវ​សាលី ស្រូវ Barley និង គ្រាប់​ធញ្ញជាតិ​ផ្សេងៗ​ទៀត បាន​ស្លាប់​ជាមួយនឹង​ប្រពន្ធ​របស់គាត់ នៅក្នុង​ផ្ទះ​របស់​ពួកគាត់ ដោយ​ការវាយប្រហារ ពី​គ្រាប់​មី​ស៊ី​ល​របស់​កម្លាំង​ទាហាន​រុស្ស៊ី​។​


​លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡែ​ន​ស្គី (Volodymyr Zelensky) ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បាន​រៀបរាប់ថា ការស្លាប់​របស់​ម្ចាស់​ក្រុមហ៊ុននាំចេញ​ដ៏​ធំ​បំផុត​មួយ​របស់​អ៊ុយ​ក្រែ​ន លោក Vadatursky គឺជា​ការបាត់បង់​ដ៏​ធំធេង​បំផុត​មួយ​របស់​ប្រជាជាតិ​អ៊ុយ​ក្រែ​ន​។ ពាណិជ្ជករ​រូបនេះ កំពុងតែ​ដំណើរការ​សាងសង់​ទីផ្សារ​គ្រាប់​ធញ្ញជាតិ​ដ៏​ទំនើប ពាក់ព័ន្ធ​នឹង​បណ្តាញ​ស្ថានីយ​ដឹកជញ្ជូន និង ជណ្តើរយន្ត​។​

​លោក វ៉ា​ឡែ​នទី​ន រែ​ស្និ​ចេ​ន​កូ (Valentyn Reznichenko) អភិបាល​តំបន់​ឌី​នី​ប្រ៉ូ​ផេ​ត្រូវ​ស្ក៍ (Dnipropetrovsk) បានបញ្ជាក់ នៅលើ​បណ្ដាញ​សង្គម​តេ​ឡេ​ក្រាម​ថា គ្រាប់​រ៉ុក្កែត​របស់​រុស្ស៊ី ចំនួន​៥០​គ្រាប់ បាន​វាយប្រហារ​ទៅលើ​តំបន់​លំនៅឋាន នា​ភាគខាងត្បូង ទីក្រុង​នី​កូ​ប៉ូល (Nikopol) ដោយបាន​បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​រងរបួស ផងដែរ​។​


​រុស្ស៊ី និង អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២២ បាន​ជួបប្រជុំគ្នា នៅក្នុង​ទីក្រុង​អ៊ី​ស្ដង់​ប៊ូល ប្រទេស​តួ​ក​គី ក្រោម​ការសម្របសម្រួល ពី​ប្រធានាធិបតី​តួ​ក​គី និង ប្រមុខ​អង្គការ​សហរ​ប្រជាជាតិ​។ ភាគី​ទាំង​២ បាន​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ដ៏​សំខាន់បំផុត គាំទ្រ​ដោយ​អង្គការសហប្រជាជាតិ សម្រាប់​ការនាំចេញ​គ្រាប់​ធញ្ញជាតិ ពី​កំពង់ផែ​របស់​អ៊ុយ​ក្រែ​ន នៅ​សមុទ្រ​ខ្មៅ ដើម្បី​ដោះស្រាយ​ដល់​គ្រោះ​អត់ឃ្លាន​របស់​ប្រជាជន ប្រហែល​១៨១​លាន​នាក់ នៅក្នុង​ចំណោម​ប្រទេស​៤១ នៅលើ​ពិភពលោក​។ ការនាំចេញ​គ្រាប់​ធញ្ញជាតិ​របស់​អ៊ុយ​ក្រែ​ន បាន​ត្រូវ​រាំងស្ទះ ចាប់តាំងពី​ការផ្ទុះ​សង្គ្រាម កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២ រហូតមក​៕​