របប​យោធា​មី​យ៉ាន់​ម៉ា ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​បន្ដទៀត​

ព័ត៌មានអន្តរជាតិ
0
175
រដ្ឋធានី​ណៃ​ពិដោរ​៖ រហូតមកដល់​ពេលនេះ មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា បានប្រកាស​ដាក់​ប្រទេស ស្ថិតក្នុង​គ្រាអាសន្ន រយៈពេល​៦​ខែ​បន្ថែមទៀត ដើម្បី​បន្ដ​គ្រប់គ្រង​អំណាច នៅក្នុង​ប្រទេស​អាស៊ាន​មួយ​នេះ​។​

​សារព័ត៌មាន Al Jazeera បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ចន្ទ ទី​១ ខែសីហា ថា បើតាម​បណ្ដាញ​ផ្សព្វផ្សាយ​របស់​រដ្ឋ​មី​យ៉ាន់​ម៉ា បានបញ្ជាក់ កាលពី​ព្រឹក ថ្ងៃ​ចន្ទ ថា លោក​ឧត្ដមសេនីយ៍ មីន អ៊ោ​ង​ហ្លា​ង (Min Aung Hlaing) ប្រមុខ​ដឹកនាំ​របប​យោធា​មី​យ៉ាន់​ម៉ា នឹង​ពង្រីក​ការដាក់​ប្រទេស ស្ថិតក្នុង​គ្រាអាសន្ន រយៈពេល​៦​ខែ​បន្ដទៀត​។


​របប​សឹក​មី​យ៉ាន់​ម៉ា បានប្រកាស​ដាក់​ប្រទេស ស្ថិតក្នុង​គ្រាអាសន្ន​លើក​ទី​១ ក្រោយ​ការធ្វើ​រដ្ឋប្រហារ​យោធា រឹបអូស​អំណាច ពី​រដ្ឋាភិបាល​ស៊ីវិល ដែល​ជាប់ឆ្នោត​តាម​លទ្ធិប្រជាធិបតេយ្យ ក្រោម​ការដឹកនាំ​របស់​គណបក្ស​សម្ព័ន្ធជាតិ ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​លោកស្រី អ៊ោ​ង សាន់​ស៊ូ​ជី (Aung San Suu Kyi) កាលពី​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២១​។​

​សារព័ត៌មាន​គ្រប់គ្រង​ដោយ​រដ្ឋ The Global New Light of Myanmar បាន​រាយការណ៍​ថា «​សមាជិក នៃ​ក្រុមប្រឹក្សាសន្តិសុខ បាន​គាំទ្រ​ជា​ឯកច្ឆន្ទ ចំពោះ​សំណើ សម្រាប់​ការបន្ត​ការប្រកាស​ដាក់​ប្រទេស ស្ថិតក្នុង​អាសន្ន រយៈពេល​៦​ខែ​បន្ថែមទៀត​»​។​


​ប្រទេស​មី​យ៉ាន់​ម៉ា បាន​ធ្លាក់​ចូលទៅក្នុង​ភាពវឹកវរ ចាប់តាំងពី​ក្រោយ​ការធ្វើ​រដ្ឋប្រហារ​យោធា និង ការបង្ក្រាប​ទៅលើ​ក្រុមបាតុករ​អហិង្សា​យ៉ាង​សាហាវព្រៃផ្សៃ​។ ដោយឡែក ការ​វាយ​ប្រយុទ្ធ​គ្នា​យ៉ាង​បង្ហូរឈាម រវាង​កម្លាំង​ទាហាន​រដ្ឋាភិបាល និង ក្រុម​ចលនា​តស៊ូ​របស់​ជនជាតិ​ដើម​ភាគតិច ហើយ​ចលនា​ផ្សេងៗ​ទៀត ក៏​តែងតែ​កើតមានឡើង ជា​ញឹកញាប់ នៅ​ទូទាំងប្រទេស​អាស៊ាន​មួយ​នេះ​។​

​នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ ពិភពលោក និង សមាគម​ប្រជាជាតិ​អាស៊ី​-​ភាគ​អាគ្នេយ៍ ហៅ​កាត់ អាស៊ាន បាន​ថ្កោលទោស កាន់តែខ្លាំង​ឡើង ដល់​របប​គ្រប់គ្រង​យោធា​មី​យ៉ាន់​ម៉ា ជុំវិញ​ការកាត់ទោស​ប្រហារជីវិត ទៅលើ​សកម្មជន​នយោបាយ​ដ៏​លេចធ្លោ ចំនួន​៤​នាក់ ដោយ​ក្នុងនោះ​មាន​បុរស​ម្នាក់​ជា​អតីត​តំណាងរាស្ដ្រ មកពី​គណបក្ស​សម្ព័ន្ធជាតិ ដើម្បី​លទ្ធិប្រជាធិបតេយ្យ​។ ដោយឡែក ប្រភពព័ត៌មាន​ផ្សេងទៀត ក៏បាន​រាយការណ៍​ផងដែរ​ថា របប​សឹក គ្រោង​នឹង​ប្រហារជីវិត​សកម្មជន​ជាង​១០០​នាក់​ផ្សេងទៀត នៅក្នុង​បញ្ជី​របស់​ពួកគេ​៕​