អ៊ីស្រាអែល ចុះ​កិច្ចព្រមព្រៀង​ឈប់​បា.ញ់​គ្នា ជាមួយ​ប៉ា​ឡេ​ស្ទី​ន​

ព័ត៌មានអន្តរជាតិ
0
107
រដ្ឋធានី​គៀវ​៖ ប្រទេស​អេ​ហ្ស៊ី​ប បាន​បញ្ចុះបញ្ចូល​អ៊ីស្រាអែល និង ប៉ា​ឡេ​ស្ទី​ន រហូត​ឈានដល់​ការចុះ​កិច្ចព្រមព្រៀង លើ​បទ​ឈប់​បាញ់​គ្នា​មួយ ហើយ​ភាគី​ទាំង​២ នឹង​បញ្ឈប់​នូវ​ការ​វាយ​ប្រយុទ្ធ​គ្នា​បន្ដទៀត​។​

​សារព័ត៌មាន Middle East Eye បានចេញ​ផ្សាយ កាលពី​ថ្ងៃអាទិត្យ ទី​៧ ខែសីហា ថា អ៊ីស្រាអែល និង ប៉ា​ឡេ​ស្ទី​ន បាន​ព្រមព្រៀងគ្នា លើ​បទ​ឈប់​បាញ់​មួយ ក្រោយ​ការទម្លាក់​គ្រាប់បែក នៅ​តំបន់​ហ្គា​ហ្សា អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​។ កិច្ចព្រមព្រៀង​នេះ​បានធ្វើ​ឡើង ក្រោម​ការសម្របសម្រួល ពី​ប្រទេស​អេ​ហ្ស៊ី​ប បន្ទាប់ពី​អ៊ីស្រាអែល បាន​ទម្លាក់​គ្រាប់បែក​ជាច្រើនលើក នៅ​ទូទាំង​តំបន់​ឡោមព័ទ្ធ កាលពី​ថ្ងៃអាទិត្យ ដោយបាន​សម្លាប់​កុមារ​ប៉ា​ឡេ​ស្ទី​ន ចំនួន​៩​នាក់ និង មនុស្ស​ជាច្រើន​នាក់​ទៀត បាន​រងរបួស​។​



អ៊ីស្រាអែល និង ក្រុម​សកម្មប្រយុទ្ធ​ជី​ហាដ​អ៊ីស្លាម​ប៉ា​ឡេ​ស្ទី​ន បានប្រកាស​បទ​ឈប់​បាញ់​កាលពី​រាត្រី ថ្ងៃអាទិត្យ​។ កិច្ចព្រមព្រៀង​នេះ សង្ឃឹមថា ភាគី​ទាំង​២​នឹង​បញ្ចប់​នូវ​ជម្លោះ នៅតាម​ព្រំដែន នៃ​តំបន់​ហ្គា​ហ្សា​។​

​សារព័ត៌មាន​ល្បីៗ នៅលើ​ពិភពលោក បាន​រាយការណ៍​ថា កងទ័ព​អ៊ីស្រាអែល បាន​វាយប្រហារ តាមផ្លូវ​អាកាស ទៅលើ​ទឹកដី​ប៉ា​ឡេ​ស្ទី​ន កាលពី​ចុង​សប្តាហ៍​កន្លងទៅ​។ ប៉ុន្ដែ​ជាការ​សងសឹក​វិញ​នោះ ក្រុម​សកម្មប្រយុទ្ធ​ប៉ា​ឡេ​ស្ទី​ន ក៏បាន​បាញ់​គ្រាប់​រ៉ុក្កែត ទៅលើ​ទីក្រុង​ជាច្រើន​របស់​អ៊ីស្រាអែល​។


​អ៊ីស្រាអែល និង ប៉ា​ឡេ​ស្ទី​ន បានសម្រេច​បង្កើត​ឲ្យ​មាន​បទ​ឈប់​បាញ់​មួយ ដោយ​ចូល​ជា​ធរមាន នៅត្រឹម​វេលា​ម៉ោង​១១ និង ៣០​នាទី (​ម៉ោង​ក្នុង​តំបន់​)​។ បទ​ឈប់​បាញ់​នេះ ត្រូវបាន​ប្រកាស នៅក្នុង​សេចក្តីថ្លែងការណ៍​រៀងៗ​ខ្លួន ដោយ​ក្រុម​សកម្មប្រយុទ្ធ​ប៉ា​ឡេ​ស្ទី​ន និង​អ៊ីស្រាអែល​។ រីឯ​ភាគី​ជម្លោះ​ទាំង​២​នេះ បាន​អរគុណ​ដល់​អេ​ហ្ស៊ី​ប នៅក្នុង​ការសម្របសម្រួល ជំរុញ​ឲ្យ​មាន​បទ​ឈប់​បាញ់​គ្នា​នេះ​ផងដែរ​។​

​អ៊ីស្រាអែល និង ប៉ា​ឡេ​ស្ទី​ន បាន​ប៉ះទង្គិច​គ្នា​កាន់តែខ្លាំង នៅក្នុង​រយៈពេល​៣​ថ្ងៃ​ចុង​ក្រោយនេះ ដោយបាន​សម្លាប់​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន ចំនួន​៤៤​នាក់ ដោយ​ក្នុងនោះ​មាន ប្រហែល​ពាក់កណ្ដាល​ជា​ជន​ស៊ីវិល និង កុមារ​។ ប៉ា​ឡេ​ស្ទី​ន និង អ៊ីស្រាអែល បាន​ផ្ទុះ​ជម្លោះ​នឹង​គ្នា​ជាច្រើនលើក​ច្រើនសា​មកហើយ រួមមាន នៅ​ឆ្នាំ​២០០៨ រហូតដល់​ឆ្នាំ​២០០៩, ឆ្នាំ​២០១២, ឆ្នាំ​២០១៤ និង ឆ្នាំ​២០២១​។​



​លោក ហ្សី​យ៉ា​ដ ណា​ខ្លា (Ziyad Nakhla) ប្រធាន​ចលនា​ជី​ហាដ​អ៊ិ​ស្លាម​ប៉ា​ឡេ​ស្ទី​ន ហៅ​កាត់ PIJ បាន​បញ្ជាក់ថា បទ​ឈប់​គ្នា​នេះ បាន​ចូល​ជា​ធរមាន នៅត្រឹម​វេលា​ម៉ោង ១១ និង ៣០​នាទី​យប់ ថ្ងៃអាទិត្យ ទី​៧ ខែសីហា​។ កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​គ្នា​នេះ ក៏​នឹងត្រូវ​បានផ្តល់​លក្ខខណ្ឌ​ដល់​ការដោះលែង​មន្ត្រី PIJ ចំនួន​២​នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន នៅ​តំបន់ West Bank គ្រប់គ្រង ដោយ​អ៊ីស្រាអែល ផងដែរ​៕​