ថៃ នឹង​ដណ្ដើម​តំណែង​នាំចេញ​អង្ករ​ច្រើនជាងគេ នៅលើ​ពិភពលោក ពី​វៀតណាម​

ព័ត៌មានអន្តរជាតិ
0
179
រាជធានី​បាងកក​៖ រហូត​ម​ដល់ពេលនេះ ថៃ បាន​តាំងចិត្ត នឹង​ដណ្ដើម​តំណែង ជា​ប្រទេស​នាំចេញ និង ផ្គត់ផ្គង់​អង្ករ​ដ៏​ច្រើន លំដាប់​លេខ​២ នៅលើ​ពិភពលោក ពី​ប្រទេស​វៀតណាម ត្រឡប់មក​គ្រប់គ្រង​វិញ ហើយនឹង​ជួយ​បង្កើន​តម្លៃ​អង្ករ សម្រាប់​ប្រជាជន​របស់ខ្លួន​។​

​សារព័ត៌មាន​ថៃ The Nation បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ចន្ទ ទី​៨ ខែសីហា ថា ការនាំចេញ​អង្ករ​របស់​ប្រទេស​ថៃ នៅក្នុង​រយៈពេល​៦​ខែ​ដំបូង នៃ​ឆ្នាំ​២០២២ បាន​កើនឡើង ដល់​៥៦,៦​ភាគរយ ស្មើនឹង​៣,៥​លាន​តោន​។ ចំនួន​នេះ ធ្វើ​ឲ្យ​ព្រះរាជាណាចក្រ​អាស៊ាន​មួយ​នេះ រកបាន​ប្រាក់ចំណូល បាន​ចំនួន​៦០,៩៣​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ឬ​កើនឡើង​៤២,៩​ភាគរយ បើ​ធៀប​នឹង​ឆ្នាំមុន​។​


​លោក ឆា​ឡើ​ម​ចៃ ស្រ៊ី​អន (Chalermchai Sree-on) រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម និង សហ​ប្រតិ​ប​ត្ដិ​ការ​ថៃ បានបញ្ជាក់ កាលពី​ថ្ងៃ​សៅរ៍ ទី​៦ ខែសីហា ថា នេះ​ជា​ដំណឹង​ដ៏​ល្អ សម្រាប់​កសិករ​ថៃ​។ ការបង្កើន​នូវ​ការនាំចេញ​អង្ករ នឹង​ជួយ​បង្កើន​នូវ​តម្លៃ​អង្ករ នៅក្នុង​ប្រទេស​អាស៊ាន​មួយ​នេះ​។​

​លោក​រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម និង សហ​ប្រតិ​ប​ត្ដិ​ការ​ថៃ បាន​បញ្ជាក់ថា នៅ​ឆ្នាំ​២០២២ នេះ ថៃ​នឹងមាន​លទ្ធភាព យកឈ្នះ​លើ​វៀតណាម ហើយ​ក្លាយជា​ប្រទេស​នាំចេញ​អង្ករ​លំដាប់​លេខ​២ នៅលើ​ពិភពលោក ប្រសិន​ថៃ​នាំចេញ​អង្ករ បាន​កើនឡើង រហូតដល់​ជាង​៧​លាន​តោន​។​


​បើតាម​ទិន្នន័យ​របស់​សមាគម​នាំចេញ​អង្ករ​ថៃ និង នាយកដ្ឋាន​គយ​ថៃ បាន​ឲ្យ​ដឹងថា ប្រទេស​ថៃ បាន​នាំចេញ​អង្ករ ចំនួន ៧៦៤ ១៣១​តោន ដែលមាន​តម្លៃ ១៣,១២​ពាន់​លាន​បាត (​ប្រាក់​ថៃ​) ឬ​ស្មើនឹង ៣៦៧,៩៨​លាន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់តែ​ខែមិថុនា​ប៉ុណ្ណោះ គឺ​កើនឡើង ៦៩,៤ ភាគរយ និង ៥៧,១​ភាគរយ បើ​ធៀប​នឹង ៤៥០ ៩៧៣​តោន ដែលមាន​តម្លៃ ៨,៣៥​ពាន់​លាន​បាត (​លុយ​ថៃ​) ឬ​ស្មើនឹង​២៦២,២៤​លាន​ដុល្លារ សម្រាប់តែ​ខែឧសភា​។​

​លោក​រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម​ថៃ ក៏បាន​បញ្ជាក់ទៀតថា គាត់​រំពឹងទុក​ថា ប្រទេស​អូស្ដ្រាលី មី​យ៉ាន់​ម៉ា កម្ពុជា តំបន់​អឺរ៉ុប ប៉ា​រ៉ា​ហ្គា​យ អ៊ុយ​រ៉ា​ហ្គា​យ និង ការនាំចេញ​អង្ករ​របស់​ថៃ នឹង​កើនឡើង​។ ចំណែក​ការនាំចេញ​អង្ក​ពី​កម្ពុជា អេ​ក្ខា​ទ័​រ ឥណ្ឌា អ៊ីរ៉ាក់ ម៉ា​ដា​ហ្កា​ស្ការ (Madagascar) ហ្វីលីពីន ស្រីលង្កា សហរដ្ឋអាមេរិក និង វៀតណាម នឹង​ធ្លាក់ចុះ​។​

​លោក​រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម​ថៃ បាន​បន្ថែមថា «​យើង​នឹងមាន​លទ្ធភាព​នាំចេញ​អង្ករ យ៉ាងតិច ចន្លោះ​ពី ៧ ទៅ​៧,៥​លាន​តោន នៅ​ឆ្នាំ​២០២២​នេះ​។ ចំនួន នៃ​ការនាំចេញ​អង្ករ​របស់​ថៃ នឹងធ្វើ​ឲ្យ​ប្រទេស​អាស៊ាន​មួយ​នេះ ក្លា​ជា​អ្នក​នាំចេញ​អង្ករ​ដ៏​ច្រើនជាងគេ​បំផុត លំដាប់​លេខ​២ នៅលើ​ពិភពលោក ដោយ​នាំមុខ​ប្រទេស​វៀតណាម​។​


​ទោះជា​យ៉ាងណា លោក​រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម​ថៃ បាន​ព្រមាន​ថា មាន​កត្ដា​ជាច្រើន អាច​នឹង​ប៉ះពាល់​ដល់​ការនាំចេញ​អង្ករ​របស់​ថៃ នៅក្នុង​ឆមាស​ទី​២ នៃ​ឆ្នាំនេះ ដូចជា តម្លៃ​ប្រាក់​បាត​របស់​ថៃ​, ផលិតភាព នៃ​ក្រុមហ៊ុននាំចេញ​ធំៗ​, ផលប៉ះពាល់​លើ​ការចំណាយ នៅក្នុង​សង្គ្រាម រវាង​រុស្ស៊ី និង អ៊ុយ​ក្រែ​ន និង វិបត្ដិ​សេដ្ឋកិច្ច បង្កឡើង ដោយសារ​ជំងឺ​កូ​វីដ​-១៩​។​

​លោក​រដ្ឋមន្ដ្រី បាន​រំពឹងទុក​ថា ពាណិជ្ជកម្ម​អង្ករ នៅ​ពិភពលោក នា​ឆ្នាំនេះ នឹង​កើន​ឡើងដល់ ៤៦,៤ លាន​តោន ពោលគឺ​កើនឡើង ចំនួន​១០​ម៉ឺន​តោន បើ​ធៀប​នឹង​ឆ្នាំ​២០២១​។ ចំណែក​ទិន្នផល​អង្ករ​ជាស​កល នៅក្នុង​អំឡុង​វដ្ដ​ផលិតកម្ម ចន្លោះ​ពិ​ឆ្នាំ​២០២១-២០២២ នឹងមាន​ចំនួន​ប្រមាណ ៥០៥,៤​លាន​តោន ដោយ​កើនឡើង ១,៩​លាន​តោន បើ​ធៀប​នឹង​វដ្ត​ផលិតកម្ម​លើក​មុន​។​

​វៀតណាម បាន​នាំចេញ​អង្ករ ចំនួន ២,៧៧​លាន​តោន ដែលមាន​តម្លៃ ១,៣៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក នៅក្នុង​រយៈពេល​៥​ខែ​ដំបូង នៃ​ឆ្នាំ​២០២២ ពោលគឺ​កើនឡើង ៦,៩៥​ភាគរយ និង កើនឡើង​៤,២៦​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​កន្លងទៅ​។​

​បើតាម​គេហទំព័រ Statista បាន​ផ្សាយ​ថា ប្រទេស​នាំចេញ​អង្ករ នៅលើ​ពិភពលោក ចន្លោះ​ពី​ឆ្នាំ​២០២១ ដល់​២០២២ រួមមាន ឥណ្ឌា នាំចេញ​អង្ករ ចំនួន ១៨,៧៥​លាន​តោន​, វៀតណាម នាំចេញ​អង្ករ ចំនួន ៦,៥​លាន​តោន​, ថៃ នាំចេញ​អង្ករ ចំនួន ៦,៥​លាន​តោន​, ប៉ា​គី​ស្ថាន នាំចេញ​អង្ករ ចំនួន ៤​លាន​តោន​, សហរដ្ឋអាមេរិក នាំចេញ​អង្ករ ចំនួន ២,៨៥​លាន​តោន​, ចិន នាំចេញ​អង្ករ ចំនួន​២,២​លាន​តោន​, ភូមា នាំចេញ​អង្ករ ចំនួន​១,៩​លាន​តោន​, កម្ពុជា នាំចេញ​អង្ករ ចំនួន​១,៤​លាន​តោន​៕​