ចិន ប្ដេជ្ញា​មិន​អត់ឱន​ដល់​សកម្មភាព​បំបែក​ខ្លួននៅ​តៃវ៉ាន់​

ព័ត៌មានអន្តរជាតិ
0
111
រដ្ឋធានី​ប៉េកាំង​៖ ចាប់តាំងពី​មានដំណើរ​ទស្សនកិច្ចរ​បស់​ប្រធានសភា​ដ៏​មាន​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក មកកាន់​ទីក្រុង​តៃប៉ិ កាលពី​ថ្ងៃទី​២ ខែសីហា នោះមក រដ្ឋាភិបាល​ក្រុង​ប៉េកាំង នៅតែ​ខឹងសម្បា​យ៉ាងខ្លាំង ហើយ​ចេញ​សៀវ​ស ស្ដីពី​តៃវ៉ាន់ ដោយបាន​ព្រមាន​ថា ចិន​នឹងមិន​អត់ឱន ដល់​សកម្មភាព​បំបែក​ទឹកដី​នោះឡើយ​។​

​សារព័ត៌មាន World News បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ពុធ ទី​១០ ខែសីហា ថា ចិន កាលពី​ថ្ងៃ​ពុធ បាន​ប្ដេជ្ញា មិន​អត់ឱន ចំពោះ​«​សកម្មភាព​បំបែក​ខ្លួន​» នៅ​តៃវ៉ាន់ ហើយ​ថែមទាំង បានបញ្ជាក់​ជាថ្មី​ថា ក្រុង​ប៉េកាំង នឹង​ប្រើប្រាស់​កម្លាំង​ទ័ព វាយ​ដណ្ដើម​កាន់កាប់​ដែន​កោះ គ្រប់គ្រង​ដោយ​ខ្លួនឯង​មួយ​នេះ ប្រសិនបើ​ចាំបាច់​។​


​ចិន បានចេញ​ការព្រមាន​បែបនេះ ដោយសារតែ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង តែងតែ​ចាត់ទុក​តៃវ៉ាន់​ជា​ទឹកដី​របស់ខ្លួន​។ ការគំរាមកំហែង​ជាថ្មី​នេះ បានកើត​ឡើង ក្រោយពេល​ចិន បានធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ មិន​ធ្លាប់មាន​ពីមុនមក ឡោមព័ទ្ធ​ជុំវិញ​ដែន​កោះ​មួយ​នេះ ដោយ​ការខឹង​សម្បា​នឹង​ដំណើរ​បំពេញ​ទស្សនកិច្ច​របស់លោក​ស្រី ណាន​ស៊ី ផេ​ឡូ​ស៊ី ប្រធានសភា​សហរដ្ឋអាមេរិក មកកាន់​ទីក្រុង​តៃប៉ិ កាលពី​សប្ដាហ៍​មុន​។​

​លោកស្រី ណា​ស៊ី ផេ​ឡូ​ស៊ី ក្លាយជា​មន្ដ្រីជាន់ខ្ពស់រ​បស់​សហរដ្ឋអាមេរិក លើកដំបូង បានមក​បំពេញ​ទស្សនកិច្ច នៅ​តៃវ៉ាន់ នៅក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ​។ ដំណើរ​របស់​លោកស្រី បានធ្វើ​ឲ្យ​ចិន ផ្ទុះ​កំហឹង​យ៉ាងខ្លាំង ហើយ​ធ្វើ​សមយុទ្ធ​យោធា ជាច្រើន​ថ្ងៃ ដើម្បី​ប្រឆាំង​តវ៉ា​នឹង​ប្រធានសភា​រូបនេះ​។​


​ការិយាល័យ​កិច្ចការ​តៃវ៉ាន់​របស់​ប្រទេស​ចិន កាលពី​ថ្ងៃ​ពុធ បានចេញ​សៀវភៅ​ស​មួយ បង្ហាញ​ពី​របៀប ដែល​ក្រុង​ប៉េកាំង មាន​គោលបំណង​ទាមទារ​ដែន​កោះ​នេះ ត្រឡប់មកវិញ តាមរយៈ​ការលើកទឹកចិត្ត​ផ្នែក​សេដ្ឋកិច្ច និង ដាក់​សម្ពាធ​ខាង​យោធា ឲ្យ​កាន់តែខ្លាំង​ឡើង បន្ថែមទៀត​។​

​សៀវភៅ​ស​នោះ បាន​បញ្ជាក់ថា «​យើង​បាន​ត្រៀមខ្លួន​រួចជាស្រេច សម្រាប់​ការបង្កើន​នូវ​បរិយាកាស​យ៉ាង​ទូលំទូលាយ ដើម្បី​បង្រួបបង្រួម ដោយ​សន្ដិវិធី​។ ប៉ុន្ដែ​យើង​នឹងមិន​ទុក​កន្លែង សម្រាប់​សកម្មភាព​បំបែក​ខ្លួន នៅក្នុង​ទម្រង់​ណាមួយ​នោះឡើយ​។ ចិន នឹងមិន​បោះបង់ចោល​នូវ​ការប្រើប្រាស់​កម្លាំងយោធា​នោះទេ ហើយ​យើង​នឹង​រក្សា​ជម្រើស នៅក្នុង​ការចាត់វិធានកា​រ​គ្រប់យ៉ាង ប្រសិនបើ​ចាំបាច់​។​
បើទោះជា​យ៉ាងណា លោកស្រី សៃ អ៊ីង​វ៉ឹ​ន (Tsai Ing-wen) ប្រធានាធិបតី​តៃវ៉ាន់ និង គណបក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ​របស់លោក​ស្រី មិនដែល​ចាត់ទុក​តៃវ៉ាន់ ជា​ផ្នែក​មួយ នៃ​ប្រទេស​ចិន ម្ដងណា​ឡើយ​៕​