ប្រធានាធិបតី បៃ​ដិ​ន ចុះហត្ថលេខា​ផ្ដល់​សច្ចាប័ន​ដល់​ហ្វាំ​ង​ឡង់​ដ៍ និង ស៊ុយអែត ចូល​អង្គការ​ណា​តូ​

ព័ត៌មានអន្តរជាតិ
0
181
រដ្ឋធានី​វ៉ាស៊ីនតោន​៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​អង្គារ បាន​ចុះហត្ថលេខា លើ​ឯកសារ​ផ្ដល់​សច្ចាប័ន សម្រាប់​បើកផ្លូវ ដល់​ប្រទេស​ហ្វាំ​ឡង់​ដ៍ និង ស៊ុយអែត ចូលមក​រួមរស់​ជាមួយនឹង​អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង ហៅ​កាត់ ណា​តូ (NATO តាម​ភាសា​អង់គ្លេស ឬ OTAN តាម​ភាសា​បារាំង​)​។​

សារព័ត៌មាន CNBC បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ពុធ ទី​១០ ខែសីហា ថា លោក ចូ បៃ​ដិ​ន (Joe Biden) ប្រធានាធិបតី​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​អង្គារ បាន​ចុះហត្ថលេខា លើ​ឯកសារ​ផ្ដល់​សច្ចាប័ន សម្រាប់​បើកផ្លូវ​ដល់​ប្រទេស​ហ្វាំ​ង​ឡង់​ដ៍ និង ស៊ុយអែត ចូល​ជា​សមាជិក​របស់​អង្គការ​ណា​តូ​។ នេះ​ជា​កព​ង្រី​សម្ពន្ធមិត្ត​យោធា​ដ៏​សំខាន់បំផុត ចាប់តាំងពី​ទសវត្សរ៍ ១៩៩០​មក ដើម្បី​ជាការ​ឆ្លើយតប នឹង​ការឈ្លានពាន​របស់​រុស្ស៊ី ទៅលើ​ប្រទេស​អ៊ុយ​ក្រែ​ន ចាប់តាំងពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២​ផងដែរ​។​


​ការចុះហត្ថលេខា លើ​ឯកសារ​ធ្វើ​សច្ចាប័ន​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក ក៏​ជាការ​បោះជំហាន​ថ្មី​មួយ​បន្ថែមទៀត បង្ហាញ​ពី​ការគាំទ្រ កាន់តែខ្លាំង​ឡើង នៅក្នុង​ការពង្រីក និង ពង្រឹងកម្លាំង​សម្ពន្ធមិត្ត​របស់លោក​ខាងលិច ប្រឆាំងនឹង​សកម្មភាព​យោធា​របស់​ក្រុង​មូ​ស្គូ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​លោក ចូ បៃ​ដិ​ន ប្រធានាធិបតី​សហរដ្ឋអាមេរិក បាន​បញ្ជាក់ថា ប្រទេស​នៅ​តំបន់​អឺរ៉ុប​ខាងជើង​ទាំង​២​នេះ នឹង​ក្លាយជា​«​សម្ពន្ធមិត្ត​ដ៏​រឹងមាំ​ថ្មី និង អាច​ជឿ​ទុកចិត្តបាន​» ដោយ​បង្កើត​ឲ្យ​មាន «​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​» សម្រាប់​កិច្ចការពារ​គ្នា​ទៅវិញទៅមក ដល់​សម្ពន្ធមិត្ត​អន្ត​រអា​ត្ល​ង់​ទិ​ក ដឹកនាំ ដោយ​សហរដ្ឋអាមេរិក​។ ប្រទេស​ទាំង​២​នេះ មាន​ស្ថាប័ន​ប្រជាធិបតេយ្យ​រឹងមាំ យោធា​ខ្លាំងក្លា សេដ្ឋកិច្ច​រឹងមាំ និង មាន​តម្លាភាព ហើយ​ឥឡូវនេះ​នឹងមាន​ការជំរុញ​កាន់តែខ្លាំង ពី​អង្គការ​ណា​តូ បន្ថែមទៀត​»​។​


​ប្រទេស​ហ្វាំ​ឡង់​ដ៍ និង ស៊ុយអែត បាន​បោះបង់ចោល​នូវ​គោលនយោបាយ​អព្យាក្រឹតរ​បស់​ខ្លួន ដែល​ធ្លាប់​ប្រកាន់យក អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​កន្លងមកហើយ ក្រោយពេល​រុស្ស៊ី បានសម្រេច​លើក​កងទ័ព ចូល​ឈ្លានពាន នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ចាប់តាំងពី​ថ្ងៃទី​២៤ ខែកុម្ភៈ មក​។ ព្រឹទ្ធសភា​របស់​សហរ​ដ្ឋ​អាមេរិក កាលពីដើម ខែសីហា បាន​បោះឆ្នោត​គាំទ្រ នៅក្នុង​សំឡេង ៩៥ ទល់ ១​សំឡេង​ជំទាស់ សម្រាប់​ការបើកផ្លូវ​ដល់​ប្រទេស​អឺរ៉ុប​ខាងជើង​ទាំង​២​នេះ ចូល​ជា​សមាជិក​អង្គការ​ណា​តូ​។ សហរដ្ឋអាមេរិក បាន​ក្លាយជា​ប្រទេស​ទី​២៣ ក្នុងចំណោម​ប្រទេស​ទាំង​៣០​របស់​អង្គការ​ណា​តូ បាន​យល់ព្រម​ជា​ផ្លូវការ ខណៈ​សមាជិកភាព​ថ្មី​របស់​អង្គការ​សម្ពន្ធមិត្ត​យោធា​ដ៏​ខ្លាំងក្លា​របស់​ពិភពលោក​មួយ​នេះ ត្រូវតែមាន​ការគាំទ្រ​ជា​ឯកច្ឆន្ទ ពី​ប្រទេស ជា​សមាជិក​ទាំងអស់រ​បស់​ណា​តូ​៕​