FBI ធ្វើ​ឲ្យ​គណបក្ស​សាធារណរដ្ឋ​របស់​អតីត​ប្រធានាធិបតីត្រាំផ្ទុះ​កំហឹង​ខ្លាំង​

ព័ត៌មានអន្តរជាតិ
0
164
រដ្ឋធានី​វ៉ាស៊ីនតោន​៖ ការ​ឆ្មក់​ចូលទៅ​ឆែកឆេរ​លំនៅឋាន​របស់​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) ពី​សំណាក់​ទីភ្នាក់ងារ​ការិយាល័យ​ស៊ើបការណ៍​សម្ងាត់​របស់​ស​ហ​ពន្ធន៍ FBI កំពុងតែ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​គណបក្ស​របស់គាត់ បាន​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង និង​ថ្កោលទោស​ដល់​ឧ​ប្ប​ត្ដិ​ហេតុនេះ ខណៈ​អ្នកប្រជាធិបតេយ្យ​និយម បាន​អះអាងថា គ្មាន​អ្នកណាម្នាក់ ស្ថិតនៅ​ពីលើ​ច្បាប់​នោះឡើយ​។​


​សារព័ត៌មាន The Telegraph បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ពុធ ទី​១០ ខែសីហា ថា អ្នកគាំទ្រ​គណបក្ស​សាធារណរដ្ឋ​របស់លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បាននាំគ្នា ទៅ​ការពារ​អតីត​ប្រធានាធិបតី​រូបនេះ ក្រោយពេល​ទីភ្នាក់ងារ FBI បាន​បញ្ជូន​កម្លាំង​សមត្ថកិច្ច​របស់ខ្លួន ចុះ​អនុវត្ដ​នូវ​ការឆែកឆេរ នៅក្នុង​គេហដ្ឋាន​របស់គាត់ ស្ថិតក្នុង​រដ្ឋ​ហ្ល​រី​ដា (Florida) ។ ដោយឡែក សមាជិកសភា​អភិរក្សនិយម​ជាច្រើន បាន​ប្តេជ្ញា​ស៊ើបអង្កេត ទៅលើ​ទីភ្នាក់ងារ​អនុវត្ត​ច្បាប់ ពាក់ព័ន្ធ​នឹង​ឧប្បត្តិ​ហេតុនេះ​។​

​ការខឹង​សម្បា​នេះ បានបង្ហាញ ដោយ​ក្រុមបាតុករ​ស្តាំនិយម ក៏ដូចជា មេដឹកនាំ​សភា មកពី​គណបក្ស​សាធារណរដ្ឋ បាន​អះអាង ដោយ​គ្មាន​ភស្តុតាង​ថា ការ​ឆ្មក់​ចូល​ឆែកឆេរ នៅក្នុង​គេហដ្ឋាន​របស់លោក ដូ​ណា​ល់ ត្រាំ កាលពី​យប់ ថ្ងៃ​ចន្ទ ជា​ហេតុផល​នយោបាយ​។​


​លោក ខេ​វិ​ន មឺ​ក​ខា​ធី (Kevin McCarthy) មេដឹកនាំ​សភា​មតិ​ភាគតិច បានបញ្ជាក់ នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា «​ខ្ញុំ​បាន​យល់​កាន់តែច្បាស់​ថា ក្រសួងយុត្តិធម៌ បាន​ឈានដល់​ស្ថានភាព​មួយ មិនអាច​អត់ឱន​ឲ្យ​បាន ជុំវិញ​ការប្រើប្រាស់​នយោបាយ ធ្វើជា​អាវុធ​។ ប៉ុន្ដែ​នៅពេល​គណបក្ស​សាធារណរដ្ឋ ឈ្នះ​លើ​ការគ្រប់គ្រង​សភាតំណាងរាស្ត្រ ពួកគេ​នឹង​ត្រួតពិនិត្យ​ភ្លាមៗ លើ​ក្រសួង​នេះ ដោយ​ថែមទាំង​បាន​ព្រមាន​ថា លោក ម័​រ​រិ​ក ហ្កា​ឡែ​ន​ដ៍ (Merrick Garland) រដ្ឋមន្ដ្រីក្រសួង​យុត្ដិធម៌ គួរតែ​រក្សា​ឯកសារ​របស់គាត់ និង សម្អាត​ប្រតិទិន​របស់គាត់​។​


​ដោយឡែក លោកស្រី ណាន​ស៊ី ផេ​ឡូ​ស៊ី (Nancy Pelosi) ប្រធានសភា​ដ៏​មាន​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក បាន​រិះគន់​ដល់​សេចក្តីថ្លែងការណ៍​របស់​លោក McCarthy ដោយ​ចាប់ផ្តើម​បដិសេធ​នូវ​ការ​បំផុសគំនិត​របស់គាត់ ថា គណបក្ស​សាធារណរដ្ឋ នឹង​កាន់កាប់​សភាតំណាងរាស្ត្រ បន្ទាប់ពី​ការបោះឆ្នោត ពាក់កណ្តាល​អាណត្តិ នៅក្នុង​ខែវិច្ឆិកា ខាងមុខនេះ​៕​