តួ​ក​គីលេងមួយក្បាច់ធ្វើ​ឲ្យ​រុស្ស៊ី​កាន់តែ​ភ័យ

ព័ត៌មានអន្តរជាតិ
0
366
រដ្ឋធានី​កៀវ​៖ ស្របពេល​សង្គ្រាម​វាយ​ប្រយុទ្ធ​គ្នា រវាង​កម្លាំង​ការពារ​ទឹកដី​របស់​ក្រុង​កៀវ និង កម្លាំង​ទាហាន​របស់​ក្រុង​មូ​ស្គូ កំពុងតែបន្ដ​ឥត​ស្រាកស្រាន្ដ​នោះ ក៏មាន​សេចក្ដីរាយការណ៍​ថា តួ​ក​គី នឹង​សាងសង់​រោងចក្រ​ផលិត​ដ្រូ​ន​ដ៏​កំណាច​នេះ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​ព័ត៌មាន​នេះ រឹតតែ​ធ្វើ​ឲ្យ​រុស្ស៊ី កាន់តែ​ប្រឈមមុខ​នឹង​ការ​ចាញ់​សង្គ្រាម​ឈ្លានពាន​របស់ខ្លួន​។​



សារព័ត៌មាន The Switzerland Times បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ចន្ទ ទី​៨ ខែសីហា ថា លោក វ៉ា​ស៊ី​ល បូដ​ណា (Vasyl Bodnar) ឯកអគ្គរដ្ឋទូត​អ៊ុយ​ក្រែ​ន ប្រចាំ​នៅ​ប្រទេស​តួ​ក​គី បាន​បញ្ជាក់ថា លោក រេ​សេប តា​យ​យី​ប អេ​ដូ​ហ្គេ​ន (Recep Tayyip Erdogan) ប្រធានាធិបតី​តួ​ក​គី កំពុងតែ​ប្រើប្រាស់​ឥទ្ធិពល​របស់ខ្លួន ទៅលើ​សម​ភាគី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន ដើម្បី​ជំរុញ​ឲ្យ​គាត់​អនុវត្ដ​នូវ​កិច្ចព្រមព្រៀង​មួយចំនួន​។​



លោក​ឯកអគ្គរដ្ឋទូត​អ៊ុយ​ក្រែ​ន បាន​ទទួលស្គាល់ថា ចាប់តាំងពី​ការផ្ទុះ​សង្គ្រាម នា​ថ្ងៃទី​២៤ ខែកុម្ភៈ តួ​ក​គី ទំនង​ក្លាយជា​ប្រទេសមួយ នៅក្នុង​ចំណោម​ប្រទេស​ជាច្រើន​ទៀត បានធ្វើ​អ្វីៗ​គ្រប់យ៉ាង តាមតែ​ក្រុង​អង់កា​រ៉ា អាចធ្វើ​បាន សម្រាប់​ជួយ​ដល់​អ៊ុយ​ក្រែ​ន និង ជំរុញ​ឲ្យ​រុស្ស៊ី បង្កើត​សន្តិភាព​ឡើងវិញ​។ ចំណែក​ក្រុមហ៊ុន​បង្កើត​ដ្រូ​ន Baykar បាន​បង្កើត​ក្រុមហ៊ុន​មួយ នៅ​អ៊ុយ​ក្រែ​ន ហើយ​បាន​ទិញ​ដី​មួយកន្លែង នៅ​ទីនោះ សម្រាប់​បង្កើត​រោងចក្រ​ផលិត​យន្តហោះ​គ្មាន​មនុស្ស​បើក ឬ​ដ្រូ​ន​។ កាលពី​សប្ដាហ៍​មុន រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន ក៏បាន​អនុម័ត លើ​សំណើ​នេះ ហើយ​បញ្ជូន​ទៅកាន់​រដ្ឋសភា ដើម្បី​ធ្វើ​សច្ចាប័ន​លើ​កិច្ចព្រមព្រៀងទ្វេភាគី ស្តីពី​ការសាងសង់​រោងចក្ររ​បស់​ក្រុមហ៊ុន Baykar នេះ​។​



ក្រុមហ៊ុន​បៃ​កា (Baykar) មាន​មូលដ្ឋាន នៅក្នុង​ប្រទេស​តួ​ក​គី ត្រូវបាន​គេ​ស្គាល់ និង មានឈ្មោះ​បោះ​សំឡេង នៅលើ​ពិភពលោក ក្រោយពេល​កងទ័ព​រប​ស់​ក្រុង​កៀវ បាន​ប្រើប្រាស់​យន្ដហោះ​គ្មាន​មនុស្ស​បើក ឬ​ដ្រូ​ន​របស់​ក្រុមហ៊ុន​នេះ វាយប្រហារ​ទៅលើ​រថក្រោះ​របស់​រុស្ស៊ី យ៉ាង​មាន​ប្រសិទ្ធភាព នៅក្នុង​សង្គ្រាម​ឈ្លានពាន​របស់​ក្រុង​មូ​ស្គូ នៅលើ​ទឹកដី​របស់ខ្លួន​។ ប៉ុន្ដែ​ឥឡូវនេះ មាន​សេចក្ដីរាយការណ៍​ថា ក្រុមហ៊ុន Baykar បាន​បង្កើត​ក្រុមហ៊ុន​មួយ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​បាន​ទិញ​ដី​មួយកន្លែង នៅ​ទីនោះ សម្រាប់​សាងសង់​រោងចក្រ​ផលិត​ដ្រូ​ន​បៃ​រ៉ា​ក់តា​ដ៏​កំណាច ( UAV Bayraktar) នេះ​តែម្ដង​។​



​រហូតមកដល់​ពេលនេះ ក្រុមហ៊ុន Baykar របស់​តួ​ក​គី មិនបាន​បោះបង់ចោល​នូវ​គំនិត​របស់ខ្លួន ដើម្បី​សាងសង់​រោងចក្រ​មួយ ផលិត​ដ្រូ​ន​យោធា​ដ៏​ទំនើប នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន នោះឡើយ​។ ដ្រូ​ន​បៃ​រ៉ា​ក់តា​ដ៏​កំណាច​របស់​ក្រុមហ៊ុន Baykar នេះ ត្រូវបាន​កងទ័ព​អ៊ុយ​ក្រែ​ន យកទៅ​ប្រើប្រាស់ សម្រាប់​វាយប្រហារ ទៅលើ​កម្លាំង​ទាហាន​រុស្ស៊ី យ៉ាង​មាន​ប្រសិទ្ធភាព ដើម្បី​ទប់ទល់​នឹង​មហិច្ឆតា​របស់​ក្រុង​មូ​ស្គូ មិន​ឲ្យ​លេប​ត្របាក់​ប្រទេស​របស់ខ្លួន​បាន​។ ក្រៅតែពី​ការលក់​នោះ ក្រុមហ៊ុន Baykar ក៏បានផ្ដល់​ដ្រូ​ន​កំណាច ដោយ​ឥត​គិតលុយ ជួយ​ដល់​កងទ័ព​អ៊ុយ​ក្រែ​ន ផងដែរ​៕​