បុរស​ប្រដាប់អាវុធ​ម្នាក់ សម្រុកចូល​ការិយាល័យ FBI ត្រួវវបានគេ…

ព័ត៌មានអន្តរជាតិ
0
186
រដ្ឋធានី​វ៉ាស៊ីនតោន​៖ ប៉ូលិស​សហរដ្ឋអាមេរិក បាន​បាញ់ប្រហារ​ទៅលើ​បុរស​ប្រដាប់អាវុធ​ម្នាក់ សម្រុកចូល​ទៅកាន់​អគារ​របស់ FBI បណ្ដាល​ឲ្យ​ស្លាប់ កាលពី​រាត្រី ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែសីហា (​វេលា​ក្នុង​តំបន់​) ស្ថិតក្នុង​ទីក្រុង​ស៊ីន​សិន​ណា​ទី (Cincinnati) រដ្ឋ​អូ​ហា​យ៉ូ (Ohio) ។​

​បណ្ដាញ​ផ្សព្វផ្សាយ​ល្បីៗ​របស់​ពិភពលោក រួមមាន សារព័ត៌មាន BBC, Reuter និង ញូវយ៉ក​ថែម​ស៍ បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​សុក្រ ទី​១២ ខែសីហា ថា ក្រុមមន្ដ្រី​សហរដ្ឋអាមេរិក បាន​បញ្ជាក់ថា បុរស​ប្រដាប់អាវុធ​ម្នាក់ ត្រូវបាន​ប៉ូលិស​បាញ់​ស្លាប់ ក្រោយពេល​គាត់​បាន​ព្យាយាម​ដើរចូល ទៅកាន់​អគារ​របស់ FBI ស្ថិតក្នុង​រដ្ឋ​អូ​ហា​យ៉ូ​។ ប៉ុន្ដែ​បូលិស នៅតែ​មិនទាន់ អាច​កំណត់​អត្តសញ្ញាណ​របស់​បុរស​ម្នាក់​នោះ​នៅឡើយ​។​


​បណ្ដាញ​ទូរទស្សន៍ NBC បាន​ដកស្រង់​ប្រភព ដោយ​សុំ​មិន​បញ្ចេញ​អត្ដ​សញ្ញាណ បាន​អះអាង ថា បុរស​ដែល​ត្រូវ​ប៉ូលិស​បាញ់​ស្លាប់​នោះ ឈ្មោះ រ៉ិ​ច​គី សី​ហ្វ​ហ្វឺ (Ricky Shiffer) អាយុ ៤២​ឆ្នាំ​។ គេ​ទំនងជា​មានការ​ពាក់ព័ន្ធ​នឹង​ការចូលរួម​ការតវ៉ា ដោយ​អំពើហិង្សា នៅក្នុង​វិមាន​កា​ពី​តូ​ល គាំទ្រ​ដល់​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃទី​៦ ខែមករា​។​

​ក្រោយពេល​កម្លាំង FBI បាន​ចូលទៅ​ឆែកឆេរ នៅក្នុង​គេហដ្ឋាន​របស់លោក ដូ​ណា​ល់ ត្រាំ អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ចន្ទ ដើម​សប្ដាហ៍​នេះ បានធ្វើ​ឲ្យ​អ្នកគាំទ្រ​គណបក្ស​សាធារណរដ្ឋ​របស់គាត់ បង្ហាញ​អារម្មណ៍ មិន​សប្បាយចិត្ត ហើយ​នាំគ្នា​ទៅ​ការពារ​គេហដ្ឋាន​របស់គាត់​។​


​ដោយឡែក សារព័ត៌មាន Washington Post កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​រាយការណ៍​ថា កម្លាំង FBI បាន​ព្យាយាម​ស្វែងរក​ឯកសារ​មួយចំនួន ពាក់ព័ន្ធ​នឹង​អាវុធ​នុយក្លេអ៊ែរ ហើយ​បាន​ចុះទៅ​ឆែកឆេរ​គេហដ្ឋាន​របស់ លោក ដូ​ណា​ល់ ត្រាំ ស្ថិតក្នុង​រដ្ឋ​ផ្លរីដា​៕​