អតីត​ប្រធានាធិបតី​ស្រីលង្កា បន្ដ​រត់​ភៀសខ្លួន ស្វែងរក​ការ​ស្នាក់នៅ​ប្រទេស​ថៃ​

ព័ត៌មានអន្តរជាតិ
0
187
រាជធានី​បាងកក​៖ អតីត​ប្រធានាធិបតី​ស្រីលង្កា ក្រោយពេល​រត់ចោលស្រុក ដោយសារ​ការដឹកនាំ​ប្រទេស ត​វង្ស​ត្រកូល រហូត​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ប្រទេស ដួលរលំ​សេដ្ឋកិច្ច​ទាំងស្រុង ហើយ​កើត​នូវ​ភាពវឹកវរ កំពុងតែ​ធ្វើដំណើរ ទៅ​ស្វែងរក​ការ​ស្នាក់នៅ​ក្នុងប្រទេស​ថៃ​បន្ដទៀត​។​

​សារព័ត៌មាន CNA បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​សុក្រ ទី​១២ ខែសីហា ថា បើតាម​មន្ត្រីប៉ូលិស​ជាន់ខ្ពស់ ដែល​ដឹង​អំពី​សកម្មភាព​របស់​អតីត​ប្រធានាធិបតី​ស្រីលង្កា បាន​ឲ្យ​ដឹងថា លោក ហ្គូ​តា​បា​យ៉ា រ៉ា​ចា​ប៉ាក​សា (Gotabaya Rajapaksa) អតីត​ប្រធានាធិបតី​រូបនេះ បានធ្វើ​ដំណើរ តាម​ជើងយន្តហោះ​ឯកជន ចាក​ចេញពី​សិង្ហ​បុរី មកដល់​អាកាសយានដ្ឋាន​ដុន មួង (Don Muang) ស្ថិតក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ ចំណែក​ការ​ស្នាក់នៅ​របស់គាត់ នៅក្នុង​ប្រទេស​អាស៊ាន​មួយ​នេះ ក៏​ស្ថិតក្នុង​ភាព​លាក់បាំង​ដែរ​។​





អាជ្ញាធរ​អន្តោប្រវេសន៍​សិង្ហ​បុរី បាន​អះអាងថា អតីត​ប្រធានាធិបតី​ស្រីលង្កា រូបនេះ បាន​ចាក​ចេញពី​ប្រទេស​របស់ខ្លួន​ហើយ​។ រីឯ​អាជ្ញាធរ​ថៃ បានទទួល​ស្គាល់​ព័ត៌មាន​នេះ ហើ​ថែមទាំង​បាន​បញ្ជាក់ថា អតីត​ប្រធានាធិបតី​ស្រីលង្កា ទទួល​បានការ​ស្នាក់នៅ​ជា​បណ្ដោះអាសន្ន​ក្រោម​ហេតុផល មនុស្សធម៌​។ ប៉ុន្តែ​គាត់​មិនអាច​ចូលរួម ធ្វើ​សកម្មភាព​នយោបាយ​ណាមួយ នៅក្នុង​អំឡុងពេល​ស្នាក់នៅ​ក្នុងប្រទេស​ថៃ នោះឡើយ​។​

​លោក ហ្គូ​តា​បា​យ៉ា រ៉ា​ចា​ប៉ាក​សា (Gotabaya Rajapaksa) ប្រធានាធិបតី​ស្រីលង្កា បាន​រត់​ភៀសខ្លួន ចេញពី​ប្រទេស ទាំង​មិនបាន​ប្រកាស​លាលែង​ពី​តំណែង ដោយ​ធ្វើដំណើរ​តាម​យន្ដហោះ​យោធា ឆ្ពោះទៅកាន់​ប្រទេស​ម៉ា​ឌី​វ ហើយ​ថ្ងៃ​បន្ទាប់ បាន​ភៀសខ្លួន មកដល់​សិង្ហ​បុរី នៅ​ថ្ងៃទី​១៤ ខែកក្កដា ក្រោយ​ការផ្ទុះ​មហា​បាតុកម្ម តវ៉ា​ទាមទារ​ឱ្យ​គាត់ ចុះ​ចេញពី​តំណែង​។

​លោក ហ្គូ​តា​បា​យ៉ា រ៉ា​ចា​ប៉ាក​សា (Gotabaya Rajapaksa) បាន​រត់ចោល​ប្រទេស ទាំង​មិន​ព្រម​លាលែង ពី​តំណែង​នោះ ក៏​ដោយសារតែ​គាត់​ចង់​បញ្ចៀស​នូវ​ការ​ចាប់ចង ស្របតាម​ច្បាប់​ស្រីលង្កា ដែលមាន​អភ័យឯកសិទ្ធិ សម្រាប់​ប្រធានាធិបតី​។ ប៉ុន្ដែ​ក្រោយពេល​គាត់​បាន​ទៅដល់​គោលដៅ នៅក្នុង​ប្រទេស​សិង្ហ​បុរី ទើបបាន​សម្រេចចិត្ត ប្រកាស​លាលែង​ពី​តំណែង​។ ដោយឡែក ក្រុមបាតុករ​បាន​ចោទប្រកាន់​គាត់ អំពី​ការបរាជ័យ នៅក្នុង​ការដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​របស់​ប្រទេសជាតិ​៕​