អ៊ុយ​ក្រែ​ន និងរុស្ស៊ីចោទប្រកាន់​គ្នាលើ​ការវាយប្រហារ​ថ្មីលើ​រោងចក្រ​នុយក្លេអ៊ែរ​ដ៏​ធំ​របស់​អឺរ៉ុប​

ព័ត៌មានអន្តរជាតិ
0
185
បុរី​ញូវយ៉ក​៖ ក្រោយ​មានការ​វាយប្រហារ​ជាថ្មី ទៅលើ​រោងចក្រ​នុយក្លេអ៊ែរ​ហ្សា​ប៉ូ​រី​ស​ហ្ស៊ា (Zaporizhzhia) ដ៏​ធំ​បំផុត​របស់​អឺរ៉ុប បានធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ និង ក្រុង​កៀវ បាន​ចោទប្រកាន់​គ្នា​ទៅវិញទៅមក រហូត​ប្រធាន​អង្គការសហប្រជាជាតិ (UN) បាន​ព្រមាន​យ៉ាងខ្លាំង អំពី​ហានិភ័យ​យ៉ាងធ្ងន់ធ្ងរ​បំផុត​ទាំង​នៅក្នុង​តំបន់ និង ក្រៅ​តំបន់​។

​សារព័ត៌មាន BBC បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​សុក្រ ទី​១២ ខែសីហា ថា ការបាញ់​ផ្លោង​កាន់តែ​ច្រើនឡើង ទៅលើ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ Zaporizhzhia របស់​អ៊ុយ​ក្រែ​ន ត្រូវបាន​គេ​រាយការណ៍​ថា រដ្ឋាភិបាល​ក្រុង​កៀវ និង មូ​ស្គូ បាន​ស្តីបន្ទោស​គ្នា​ទៅវិញទៅមក ជុំវិញ​ការវាយប្រហារ​នេះ​។​


​លោក អង់​តូ​នី​ញ៉ូ ហ្គូ​ទែ​រ​រ៉េ​ស (António Guterres) អគ្គលេខាធិការ អង្គការសហប្រជាជាតិ (UN) បាន​អំពាវនាវ ឲ្យ​បញ្ចប់​សកម្មភាព​យោធា​ទាំងអស់ ជាបន្ទាន់ នៅ​ជុំវិញ​រោងចក្រ​នុយក្លេអ៊ែរ​ដ៏​ធំ​បំផុត​របស់​អឺរ៉ុប Zaporizhzhia ស្ថិតនៅ​ភាគ​អាគ្នេយ៍ ប្រទេស​អ៊ុយ​ក្រែ​ន​។ ដោយឡែក ក្រុង​មូ​ស្គូ និង ក្រុង​កៀវ បាន​ចោទប្រកាន់​គ្នា​ទៅវិញទៅមក ចំពោះ​ការវាយប្រហារ​ជាថ្មី ទៅលើ​រោងចក្រ​ថាមពល​ដ៏​ធំ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​ទីភ្នាក់ងារ Engergoatom (​ជា​សហគ្រាស​ប្រតិ​ប​ត្ដិ​កា​រលើ​ស្ថានីយ​នុយក្លេអ៊ែរ​) របស់​អ៊ុយ​ក្រែ​ន បាន​បញ្ជាក់ថា អគារ​រោងចក្រ​នុយក្លេអ៊ែរ Zaporizhzhia បាន​រង​នូវ​ការវាយប្រហារ ចំនួន​ប្រាំ​ដង កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​រួមទាំង នៅ​ជិត​កន្លែង​ផ្ទុក​សារធាតុ​វិទ្យុសកម្ម ផងដែរ​។​

​បើតាម​ទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រង​ដោយ​រដ្ឋ​រុស្ស៊ី Tass បាន​ឲ្យ​ដឹងថា ក្រុមមន្ដ្រី​តែងតាំង​ដោយ​រុស្ស៊ី បាន​អះអាងថា អ៊ុយ​ក្រែ​ន បាន​បាញ់​ផ្លោង ចំនួន​២​ដង ដាក់​រោងចក្រ​នេះ​។​


​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ មុន​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សាសន្ដិសុខ​របស់​អង្គការសហប្រជាជាតិ (UNSC) ដែល​ស្នើឡើង ដោយ​រុស្ស៊ី នោះ លោក អង់​តូ​នី​ញ៉ូ ហ្គូ​ទែ​រ​រ៉េ​ស (Antonio Guterres) អគ្គលេខាធិការ អង្គការសហប្រជាជាតិ បាន​ព្រមាន​ថា ការខូចខាត​ណាមួយ អាច​នឹង​នាំ​ឲ្យ​កើត ទៅជា​គ្រោះមហន្ដរាយ​យ៉ាងធ្ងន់ធ្ងរ នៅក្នុង​តំបន់ និង ក្រៅ​តំបន់​។​

​ប្រមុខ​អង្គការសហប្រជាជាតិ បានបញ្ជាក់ នៅក្នុង​សេចក្ដីថ្លែងការណ៍ ថា «​ទីតាំង​រោងចក្រ​នុយក្លេអ៊ែរ​របស់​អ៊ុយ​ក្រែ​ន មិនត្រូវ​ប្រើប្រាស់ សម្រាប់​ជា​ផ្នែក​ណាមួយ នៃ​ប្រតិ​ប​ត្ដិ​ការ​យោធា​នោះឡើយ​។ ប៉ុន្ដែ​ផ្ទុយទៅវិញ កិច្ចព្រមព្រៀង​បន្ទាន់ គឺជា​ត្រូវការ​ចាំបាច់ នៅក្នុង​កម្រិត​បច្ចេកទេស លើ​បរិមាត្រ​សុវត្ថិភាព ដោយ​គ្មាន​យោធា សម្រាប់​ធានា​សុវត្ថិភាព នៅក្នុង​តំបន់​»​។​



​លោក រ៉ា​ហ្វា​អែល ហ្ក្រូ​ស​ស៊ី (Rafael Grossi) នាយក ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្ដរជាតិ ហៅ​កាត់ IAEA របស់​អង្គការសហប្រជាជាតិ បាន​ប្រាប់​ដល់​ក្រុមប្រឹក្សាសន្ដិសុខ ថា សកម្មភាព​យោធា នៅ​ជុំវិញ​រោងចក្រ​នុយក្លេអ៊ែរ​របស់​អ៊ុយ​ក្រែ​ន កំពុងតែ​ស្ថិតក្នុង​ស្ថានភាព​គួរ​ឲ្យ​ព្រួយបារម្ភ​។ ជាមួយគ្នានេះដែរ លោក​ប្រធាន​ទីភ្នាក់ងារ UN រូបនេះ ក៏បាន​អំពាវនាវ​ដល់​អ៊ុយ​ក្រែ​ន និង រុស្ស៊ី ត្រូវតែ​អនុញ្ញាត​ជាបន្ទាន់ ដល់​ក្រុម​អ្នកជំនាញ​នុយក្លេអ៊ែរ​របស់​អង្គការសហប្រជាជាតិ ចុះទៅ​វាយតម្លៃ អំពី​ទំហំ​ខូចខាត និង វាយតម្លៃ​អំពី​កម្រិត​សុវត្ថិភាព និង សន្ដិសុខ នៅក្នុង​រោងចក្រ​នោះ ព្រោះ​ស្ថានភាព មានការ​ធ្លាក់​ខ្លាំង​»​។​

​លោក នាយក ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្ដរជាតិ បានចង្អុលបង្ហាញ អំពី​ការបាញ់​ផ្លោង និង​ការ​បំផ្ទុះ​ជាច្រើនលើក នៅ​រោងចក្រ Zaporizhzhia កាលពី​ថ្ងៃ​សុក្រ ទី​៥ ខែសីហា ឆ្នាំ​២០២២​។ សកម្មភាព​យោធា​បែបនេះ បាន​បង្ខំ​ឱ្យ​បិទ​ម៉ាស៊ីន​បំប្លែង​ថាមពល​អគ្គិសនី និង បំប្លែង​បម្រុង ចំនួន​ពីរ​។ នេះ​មានន័យថា ម៉ាស៊ីន​រ៉េ​អា​ក់ទ័រ​នុយក្លេអ៊ែរ​មួយ ត្រូវ​បិទ​។​


​លោក​ប្រធាន​ទីភ្នាក់ងារ​នុយក្លេអ៊ែរ រូបនេះ បាន​ព្រមាន​ថា ស្ថានភាព នៅក្នុង​រោងចក្រ Zaporizhzhia ដែល​ត្រូវ​រុស្ស៊ី រឹបអូស​បាន កាលពី​អំឡុង​ខែមីនា ពោលគឺ​មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង ក្រោយ​ការវាយលុក​លុយ ចូលទៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន កាល​ថ្ងៃទី ២៤ ខែកុម្ភៈ​។ ឥឡូវ ស្ថានភាព នៅ​ទីនោះ កាន់​តែមាន​គ្រោះថ្នាក់ ជា​រៀងរាល់ថ្ងៃ ខណៈ​រោងចក្រ នៅ​ភាគ​អាគ្នេយ៍​អ៊ុយ​ក្រែ​ន កំពុងតែ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ប្រទេស​រុស្ស៊ី ចំពេល​បុគ្គលិក​របស់​អ៊ុយ​ក្រែ​ន នៅតែ​បន្ត​ប្រតិបត្តិការ​របស់​ពួកគេ​៕​