អ្នកណាជាអ្នកចេញបញ្ជាឲ្យឆែកឆេរផ្ទះអតីតប្រធានាធិបតីដូណាល់ ត្រាំ?

ព័ត៌មានអន្តរជាតិ
0
226
រដ្ឋធានី​វ៉ាស៊ីនតោន​៖ ក្រោយពេល FBI បាន​ចុះទៅ​ឆែកឆេរ​គេហដ្ឋាន​របស់​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) នាំ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង ពី​គណបក្ស​សាធារណរដ្ឋ និង អ្នកគាំទ្រ ប៉ុន្ដែ​នៅពេលនេះ លោក​រដ្ឋមន្ដ្រីក្រសួង​យុត្ដិធម៌ បាន​ចេញមក​ការពារ និង ទាត់ចោល​នូវ​ការរិះគន់​ទាំងនោះ​។​

​សារព័ត៌មាន Al Jazeera បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែសីហា ថា លោក មែរ​រីក ហ្កា​ឡែ​ន​ដ៍ (Merrick Garland) រដ្ឋមន្ដ្រីក្រសួង​យុត្ដិធម៌​សហរដ្ឋអាមេរិក បានការ​ពារ​ដល់​ការឆែកឆេរ​របស់ FBI នៅក្នុង​ផ្ទះ​របស់​អតីត​ប្រធានាធិបតី Donald Trump ស្ថិតក្នុង​រដ្ឋ Florida កាលពី​ថ្ងៃ​ចន្ទដើម​សប្តាហ៍​នេះដោយ​និយាយថា លោក​បាន​យល់ព្រម​ដោយផ្ទាល់​តែម្ដង​។​


​លោក មែរ​រីក ហ្កា​ឡែ​ន​ដ៍ (Merrick Garland) រដ្ឋមន្ដ្រីក្រសួង​យុត្ដិធម៌​សហរដ្ឋអាមេរិក បាន​បញ្ជាក់ថា រូបគាត់​ផ្ទាល់ បាន​យល់ព្រម​លើ​ការសម្រេចចិត្ត នៅក្នុង​អនុញ្ញាត​ឲ្យ​ចុះទៅ​ឆែកឆេរ​លំនៅឋាន​ម៉ា​អា​ឡា​ហ្គោ (Mar-a-Lago) របស់លោក ដូ​ណា​ល់ ត្រាំ (Donald Trump) អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក ហើយ​ថា គាត់​កំពុងតែ​ស្នើសុំ​ចៅក្រម ដើម្បី​ដក​ដីកា​នោះ​ចេញ​វិញ​។​

​លោក មែរ​រីក ហ្កា​ឡែ​ន​ដ៍ (Merrick Garland) កាលពី​ថ្ងៃ​ព្រហស្បតិ៍ បានបញ្ជាក់ នៅក្នុង​ការអត្ថាធិប្បាយ​ជា​សាធារណៈ​លើកដំបូង​របស់គាត់ ជុំវិញ​បញ្ហា​នេះ ថា «​ក្រសួង​របស់គាត់ មិនបាន​ចាត់ទុក​ការសម្រេច​បែបនេះ ជា​រឿង​បន្ទាប់បន្សំ​នោះទេ​»​។​

​ទីភ្នាក់ងារ​សម្ងាត់ FBI កាលពី​ថ្ងៃ​ចន្ទ បាន​ចុះទៅ​ស៊ើបអង្កេត លើ​អចល​ទ្រព្យ​របស់លោក ដូ​ណា​ល់ ត្រាំ អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក នៅ​ផាម ប៊ី​ច (Palm Beach) រដ្ឋ​ហ្ល​រី​ដា (Florida) ដើម្បីរ​ស្វែងរក​ឯកសារ​បញ្ជាក់ ខណៈ​មហាសេដ្ឋី​រូបនេះ បាន​វិល​មក​ធ្វើ​នយោបាយ​វិញ អាច​យក​ឯកសារ​មិន​ត្រឹមត្រូវ ចេញពី​សេត​វិមាន​។​


​ការអត្ថាធិប្បាយ​របស់​លោក Garland បានកត់សម្គាល់ អំពី​ការ​ឃ្លាត​ចាក​ឆ្ងាយ ចេញពី​ការអនុវត្ត​ធម្មតា​របស់​ក្រសួង ដែល​មិនបាន​ពិភាក្សា អំពី​ការស៊ើបអង្កេត ដែល​កំពុងតែបន្ត​។ ប៉ុន្ដែ​ទោះជា​យ៉ាងណា លោក​រដ្ឋមន្ដ្រី បាន​បដិសេធ ចំពោះ​ការរិះគន់​យ៉ាងខ្លាំង ពី​លោក ដូ​ណា​ល់ ត្រាំ (Donald Trump) និង សម្ពន្ធមិត្ត​ខាង​គណបក្ស​សាធារណរដ្ឋ ជុំវិញ​ការឆែកឆេរ​គេហដ្ឋាន​របស់​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដែល​មិន​ធ្លាប់មាន​ពីមុនមក​។​


​ការស្វែងរក និង ការ​រឹបអូស​ឯកសារ ពី​គេហដ្ឋាន Mar-a-Lago របស់លោក ដូ​ណា​ល់ ត្រាំ ក៏​ជា​ផ្នែក​មួយ នៃ​ការស៊ើបអង្កេត ថា​តើ​លោក Trump បាន​កាន់កាប់​ដោយ​ខុសច្បាប់ លើ​កំណត់ត្រា​របស់​ប្រធានាធិបតី រួមទាំង​សម្ភារ បន្ទាប់ពី​គាត់​បាន​ចាក​ចេញពី​តំណែង កាលពី​អំឡុង​ខែមករា ឆ្នាំ​២០២១​ឬ​យ៉ាងណា​។ ការ​លុប​កំណត់ត្រា​របស់​ប្រធានាធិបតី ដោយ​គ្មាន​ការអនុញ្ញាត អាច​បំពាន ទៅលើ​ច្បាប់​សហពន្ធន៍​មួយចំនួន​ផងដែរ​៕​