ទាហាន​ក្រុង​មូ​ស្គូ​វាយលុក​ទៅមុខ​លែងរួច អតីត​ប្រធានាធិបតី​រុស្ស៊ីគំរាម​នុយក្លេអ៊ែរ​

ព័ត៌មានអន្តរជាតិ
0
239
រដ្ឋធានី​មូ​ស្គូ​៖ ស្របពេល​កម្លាំង​ទាហាន​ឈ្លានពាន​របស់​ក្រុង​មូ​ស្គូ វាយ​រុលទៅមុខ​លែងរួច ហើយ​តំបន់​ខ្លះ ត្រូវបាន​កងទ័ព​ការពារ​ទឹកដី​អ៊ុយ​ក្រែ​ន វាយបក​តបត​វិញ​យ៉ាងខ្លាំង​ផង​នោះ ទើប​អតីត​ប្រធានាធិបតី​រុស្ស៊ី បានចេញ​មុខមក គំរាមកំហែង​ពី​ការផ្ទុះ​នុយក្លេអ៊ែរ ដាក់​សម្ពន្ធមិត្ត​របស់​លោកខាងលិច​។​

​សារព័ត៌មាន The Times of India បានចេញ​ផ្សាយ កាលពី​ថ្ងៃ​សុក្រ ទី​១២ ខែសីហា ឆ្នាំ​២០២២ ថា លោក ឌី​មី​ទ្រី មេ​ដ​វេ​ដេ​វ (Dmitry Medvedev) អតីត​ប្រធានាធិបតី​រុស្ស៊ី ហើយ​បច្ចុប្បន្ន កាន់តំណែង ជា​អនុប្រធាន​ក្រុមប្រឹក្សាសន្ដិសុខ​រុស្ស៊ី បានចេញ​មុខ មក​គំរាមកំហែង​ដល់​សម្ពន្ធមិត្ត​លោកខាងលិច​របស់​អ៊ុយ​ក្រែ​ន ដែល​បាន​ចោទប្រកាន់​រុស្ស៊ី កំពុងតែ​បង្ក​ហានិភ័យ អំពី​គ្រោះមហន្តរាយ​នុយក្លេអ៊ែរ ដោយសារតែ​ក្រុង​មូ​ស្គូ បានដាក់​កម្លាំង​ឈរជើង នៅ​ជុំវិញ​រោងចក្រ​នុយក្លេអ៊ែរ​ហ្សា​ប៉ូ​រី​ស​ហ្ស៊ា (Zaporizhzhia) របស់​អ៊ុយ​ក្រែ​ន​។​



​អ៊ុយ​ក្រែ​ន បាន​ចោទ​រុស្ស៊ី ពី​ការបាញ់​ផ្លោង ដាក់​លើ​ទីក្រុង​របស់ខ្លួន ចេញពី​ទីតាំង ដែល​ដឹងថា កម្លាំង​ការពារ​ទឹកដី​របស់​អ៊ុយ​ក្រែ​ន មិនអាច​ប្រថុយប្រថាន​នឹង​ការបាញ់​តប​មកវិញ​។ មន្ដ្រី​ក្រុង​កៀវ បាន​អះអាងថា រុស្សី​បាន​បាញ់​ផ្លោង ទៅលើ​តំបន់​នោះ ដោយ​ខ្លួនឯង ខណៈ​ក្រុង​មូ​ស្គូ បាន​បន្ទោស ទៅលើ​អ៊ុយ​ក្រែ​ន វិញ​។ ដោយឡែក រុស្ស៊ី បាន​ចោទប្រកាន់ថា កងទ័ព​របស់​អ៊ុយ​ក្រែ​ន បាន​វាយប្រហារ មកលើ​រោងចក្រ​នុយក្លេអ៊ែរ​ដ៏​ធំ​បំផុត​របស់​អឺរ៉ុប ដែល​ខ្លួន​បាន​ចូលទៅ​គ្រប់គ្រង ចាប់តាំងពី​ការបើក​ប្រតិ​ប​ត្ដិ​ការ​ពិសេស កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២ រហូតមក​។​

​លោក ឌី​មី​ទ្រី មេ​ដ​វេ​ដេ​វ (Dmitry Medvedev) អតីត​ប្រធានាធិបតី​រុស្ស៊ី ហើយ​បច្ចុប្បន្ន កាន់តំណែង ជា​អនុប្រធាន​ក្រុមប្រឹក្សាសន្ដិសុខ​រុស្ស៊ី បាន​សរសេរ នៅលើ​បណ្ដាញ​សង្គម​តេ​ឡេ​ក្រាម កាលពី​ថ្ងៃ​សុក្រ ថា «​រដ្ឋាភិបាល​ក្រុង​កៀវ និង សម្ពន្ធមិត្ត​របស់​ពួកគេ បាន​អះអាងថា «​ការវាយប្រហារ​ទៅលើ​រោងចក្រ​នោះ ជា​សកម្មភាព​របស់​រុស្ស៊ី​។ ការអះអាង​បែបនេះ ពិតជា​មិន​សម​ហេតុ សម​ផល​១០០​ភាគរយ​នោះឡើយ សូម្បីតែ​សាធារណជន ក៏​ចាត់ទុកថា វា​ពិតជា​ល្ងង់​ខ្លាំងណាស់​»​។​


​អតីត​ប្រធានាធិបតី​រុស្ស៊ី បាន​អះអាង​ទៀត ថា «​អ៊ុយ​ក្រែ​ន និង សម្ពន្ធមិត្ត និយាយ​បែបនេះ វា​ពិតជា​កើតឡើង យើង​មិន​ចង់​និយាយ​នោះដែរ​។ តើ​អ្វី​ខ្ញុំ​អាចនិយាយបាន​? សូមកុំ​ភ្លេច ថា សហភាព​អឺរ៉ុប ក៏មាន​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​ផងដែរ ហើយ​ឧបទ្ទវហេតុ នៃ​ការផ្ទុះ​នុយក្លេអ៊ែរ​នេះ ក៏​អាច​នឹង​កើតឡើង នៅក្នុង​តំបន់​នេះ​ថែម​ទៀតផង​»​។​

​រុស្សី តែងតែ​គំរាមកំហែង ពី​ការ​បំផ្ទុះ​អាវុធ​មហា​ប្រល័យ​លោក ជា​ញឹកញាប់ ចាប់តាំងពី​ប្រធានាធិបតី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន (Vladimir Putin) បានសម្រេច​ចិត្ត បញ្ជា​ឲ្យ​កងទ័ព ឆ្លងកាត់​ព្រំដែន​របស់ខ្លួន វាយលុក​ចូល​ឈ្លានពាន នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ​។ ជាការ​កត់សម្គាល់​នោះ រុស្ស៊ី តែងតែ​គំរាម ពី​ការវាយប្រហារ​អា​វុ​ធនុ​យ​ក្លេ​អ៊ែរ ខណៈ​កងទ័ព​របស់ខ្លួន ហាក់​មាន​សកម្មភាព​ទ​ន់​ដៃ ជាង​កម្លាំង​ការពារ​ទឹកដី​របស់​អ៊ុយ​ក្រែ​ន​។ ការគំរាមកំហែង​ពី​ការប្រើប្រាស់​អាវុធ​មហា​ប្រល័យ​លោក​របស់​មន្ដ្រីជាន់ខ្ពស់​រុស្ស៊ី ទៅលើ​បណ្ដា​ប្រទេស​លោកខាងលិច នាពេលនេះ ក៏​មិនមែន ទើបតែ​លើក​ទី​១​នោះដែរ​។​



​ដោយឡែក លោក រ៉ា​ហ្វា​អែល ហ្ក្រូ​ស​ស៊ី (Rafael Grossi) នាយក​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្ដរជាតិ​របស់​អង្គការសហប្រជាជាតិ ហៅ​កាត់ IAEA កាលពី​ល្ងាច ថ្ងៃ​ព្រហស្បតិ៍ បាន​ព្រមាន ថា «​សកម្មភាព​យោធា​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ នៅឯ​រោងចក្រ​នុយក្លេអ៊ែរ​ដ៏​ធំ​បំផុត​របស់​អឺរ៉ុប ស្ថិតនៅ​ភាគ​អាគ្នេយ៍ ប្រទេស​អ៊ុយ​ក្រែ​ន នឹង​នាំ​ឲ្យ​មាន​គ្រោះមហន្ដរាយ​យ៉ាងធ្ងន់ធ្ងរ​បំផុត​»​។​

​ជាមួយគ្នានេះដែរ លោកនាយក​ទីភ្នាក់ងារ​នុយក្លេអ៊ែរ​របស់​អង្គការសហប្រជាជាតិ បាន​ជំរុញ​ឲ្យ​រុស្ស៊ី និង អ៊ុយ​ក្រែ​ន ដែល​បាន​ស្ដីបន្ទោស​គ្នា​ទៅវិញទៅមក ជុំវិញ​ការវាយប្រហារ ទៅលើ​រោងចក្រ​នុយក្លេអ៊ែរ​នោះ ត្រូវតែ​អនុញ្ញាត​ជាបន្ទាន់ ដល់​ក្រុមមន្ដ្រី​ជំនាញ​នុយក្លេអ៊ែរ​របស់​អង្គការសហប្រជាជាតិ ចូលទៅ​ពិនិត្យ និង វាយតម្លៃ អំពី​ទំហំ​ខូចខាត ហើយ កម្រិត​សុវត្ថិភាព និង សន្ដិសុខ នៅក្នុង​រោងចក្រ​នុយក្លេអ៊ែរ​នោះ​។ លោកនាយក បាន​សង្កត់ធ្ងន់ ទៅលើ​ការបាញ់​ផ្លោង និង ការ​បំផ្ទុះ​ជាច្រើនលើក នៅក្នុង​រោងចក្រ Zaporizhzhia កាលពី​ថ្ងៃ​សុក្រ សប្ដាហ៍​មុន រហូត​បង្ខំ​ឱ្យ​បិទ​ម៉ាស៊ីន​បំប្លែង​ថាមពល​អគ្គិសនី និង បិទ​ម៉ាស៊ីន​រេ​អា​ក់ទ័រ​នុយក្លេអ៊ែរ​៕​