ជប៉ុនប្រកាស​មិន​បង្ក​សង្គ្រា.ម​ប្រឆាំងនឹង​ប្រទេស​ដទៃជាថ្មី​

ព័ត៌មានអន្តរជាតិ
0
177
រាជធានី​តូ​ក្យូ​៖ នៅក្នុង​ការ​រំឭក​ខួប​៧៧ នៃ​ការចុះចាញ់​សង្គ្រាម​នោះ នាយករដ្ឋមន្ដ្រី​ជប៉ុន បានប្រកាស​ទៅកាន់​ពិភពលោក​ថា ជប៉ុន​នឹងមិន​ធ្វើសង្គ្រាម​ជាថ្មី ប្រឆាំងនឹង​ប្រទេស​ណាមួយ​នោះឡើយ​។​

​ទីភ្នាក់ងារសារព័ត៌មាន Rueters បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ចន្ទ ទី​១៥ ខែសីហា ថា លោក ហ្វូ​មី​អូ គី​ស៊ី​ដា (Fumio Kishida) នាយករដ្ឋមន្ត្រី​ជប៉ុន បាន​សន្យាថា នឹងមិន​បង្ក​សង្គ្រាម​ជាថ្មី​នោះឡើយ​។ ការសម្រេចចិត្ត​របស់​មេដឹកនាំ​ជប៉ុន បានធ្វើ​ឡើង កាលពី​ថ្ងៃទី​១៥ ជា​ខួប​លើក​ទី​៧៧ នៃ​ការចុះចាញ់​សង្គ្រាមលោកលើកទី​២​របស់​ជប៉ុន ខណៈ​សមាជិក​គណៈរដ្ឋមន្ត្រី​របស់លោក ក៏បាន​ធ្វើដំណើរ​ទៅកាន់​ទី​សក្ការបូជា​ដ៏​ចម្រូងចម្រាស​យ៉ា​ស៊ូ​គូ​នី (Yasukuni) ដើម្បី​គោរព​វិញ្ញាណក្ខន្ធ ហើយ​សកម្មភាព​នេះ បានធ្វើឱ្យ​កូរ៉េខាងត្បូង និង ចិន ខឹងសម្បា​យ៉ាងខ្លាំង​។​



លោកនាយក​រដ្ឋមន្ដ្រី បានធ្វើ​អត្ថាធិប្បាយ​គួរ​ឲ្យ​កត់សម្គាល់ នៅក្នុង​ឱកាស​ប្រារព្ធ​ខួប​ចុះចាញ់​សង្គ្រាមលោកលើកទី​២​របស់​ជប៉ុន​។ លោក ហ្វូ​មី​អូ គី​ស៊ី​ដា បានបញ្ជាក់​យ៉ាងច្បាស់​ថា «​យើង​នឹងមិន​បង្ក​សង្គ្រាម​ជាថ្មី​ណាមួយ​នោះឡើយ ហើយ​ខ្ញុំ​នឹង​បន្ត​អនុវត្តតាម​ពាក្យសន្យា​នេះ​»​។ ប៉ុន្តែ​នាយករដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់ថា បច្ចុប្បន្ន ស្របពេល​ពិភពលោក​ទាំងមូល កំពុងតែ​ប្រឈមមុខ​នឹង​ជម្លោះ​ឥតឈប់ឈរ​នោះ ជប៉ុន​ជា​មេដឹកនាំ​ប្រកបដោយ​ការទទួលខុសត្រូវ នៅក្នុង​ការការពារ​ស​ន្តិ​ភាព​។​



​លោកនាយក​រដ្ឋមន្ដ្រី​ជប៉ុន មិនបាន​ធ្វើដំណើរ​ដោយផ្ទាល់ ទៅកាន់​ស្ដូប​គោរព​វិញ្ញាណក្ខន្ធ យ៉ា​ស៊ូ​គូ​នី (Yasukuni) នោះទេ​។ ស្ដូប​គោរព​វិញ្ញាណក្ខន្ធ យ៉ា​ស៊ូ​គូ​នី (Yasukuni) ជា​កន្លែង​គោរព​វិញ្ញាណក្ខន្ធ ដល់​អតីត​មេដឹកនាំ​ជប៉ុន នា​សម័យ​សង្គ្រាម ចំនួន​១៤​រូប សុទ្ធសឹងតែ​ត្រូវបាន​កាត់ទោស ពីបទ​ឧក្រិដ្ឋកម្ម​សង្គ្រាម ដោយ​តុលាការ​សម្ពន្ធមិត្ត​រប​ស់លោក​ខាងលិច​៕​