សហរដ្ឋអាមេរិក​នាំ​សម្ពន្ធមិត្ត​នៅ​អាស៊ី​បូព៌ា អុជ ចិន​បញ្ឆេះ​កំហឹង​

ព័ត៌មានអន្តរជាតិ
0
156
រដ្ឋធានី​វ៉ាស៊ីនតោន​៖ នៅក្នុង​មួយរយៈ​ពេល​ចុងក្រោយ​នេះ ក្រុង​ប៉េកាំង និង ក្រុង​វ៉ាស៊ីនតោន កំពុងតែ​ប្រឈមមុខ​ដាក់គ្នា​យ៉ាង​តានតឹង​បំផុត លើ​ទំនាក់ទំនង​ការទូត ហើយ​នៅពេលនេះ​ទៀត សហរដ្ឋអាមេរិក កាន់តែ​រុញច្រាន​ស្ថានការណ៍​ឲ្យ​កាន់តែ​ធ្ងន់​ឡើង ដោយបាន​ដឹកនាំ​ជប៉ុន និង កូរ៉េខាងត្បូង ធ្វើ​សមយុទ្ធ​យោធា ដោយ​ផ្ដោត​ចិន និង កូរ៉េខាងជើង​។​

​សារព័ត៌មាន Arab News បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃទី​១៦ ខែសីហា ថា មន្ទីរ​បញ្ច​កោណ បានបញ្ជាក់ កាលពី​ថ្ងៃ​អង្គារ ថា សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និង ជប៉ុន​បាន​ចូលរួម​ធ្វើ​សមយុទ្ធ​ការពារ​គ្រាប់​មី​ស៊ី​ល​ផ្លោង ចេញពី​ឆ្នេរសមុទ្រ​ហា​វ៉ៃ កាលពី​សប្តាហ៍​មុន ដោយ​ផ្ដោតលើ​កូរ៉េខាងជើង និង ប្រទេស​ចិន​។​


​មន្ទី​បញ្ច​កោណ បាន​បន្ថែមថា ការធ្វើ​សមយុទ្ធ​ការពារ​មី​ស៊ី​ល និង បាញ់​ផ្លោង​មី​ស៊ី​ល រួមទាំង​លំ​ហាត់​សម​ផ្សេងៗ​ទៀត​នេះ បានធ្វើ​ឡើង ចាប់តាំងពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២២​។ ប្រទេស​ទាំង​៣​នេះ បាន​ប្ដេជ្ញា​ឆ្លើយតប នឹង​ការប្រឈមមុខ​ជាមួយ​កូរ៉េខាងជើង ការការពារ​សន្តិសុខ​រួមគ្នា និង ការពង្រឹង​សណ្តាប់ធ្នាប់​អន្តរជាតិ ផ្អែកលើ​ច្បាប់​ជា​មូលដ្ឋាន​។ ក្រៅពីនេះ ប្រទេស​ទាំង​៣ ក៏​សន្យា​ចែករំលែក​ព័ត៌មាន ភ្ជាប់​នឹង​ទិន្នន័យ​យុទ្ធសាស្ត្រ​ឲ្យ​គ្នា​ទៅវិញទៅមក ស្របតាម​កិច្ចព្រមព្រៀង​ត្រីភាគី​។​


​សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និង ជប៉ុន ធ្លាប់ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​លើក​ទី​១ នៅក្នុង​ឆ្នាំ​២០១៧ ប៉ុន្ដែ​ក្រោយមក នៅក្នុង​អំឡុង​ឆ្នាំ​២០១៩ ទំនាក់ទំនង រវាង​ក្រុង​សេ​អ៊ូ​ល និង ក្រុង​តូ​ក្យូ បាន​ធ្លាប់​ចុះ​ខ្លាំង ដោយសារតែ​រឿង​ជម្លោះ​ពាក់ព័ន្ធ​នឹង​ប្រ​វ​ត្ដិ​សាស្ដ្រ នៅក្នុង​អំឡុង​ជប៉ុន​លុកលុយ នៅលើ​ឧបទ្វីប​កូរ៉េ​។​


​បច្ចុប្បន្ន​ចំណង​ទំនាក់ទំនង រវាង​ក្រុង​តូ​ក្យូ និង ក្រុង​សេ​អ៊ូ​ល កំពុងតែ​បង្ហាញ​នូវ​សញ្ញា​ល្អប្រសើរ​ឡើងវិញ ទោះបីជា​ស្ថិតក្នុង​ជំហាន​បន្ថែម​ក៏ដោយ​។ ប្រទេស​ទាំងពីរ​នេះ បានធ្វើ​សមយុទ្ធ​ត្រីភាគី​ដ៏​កម្រ​ការពារ​គ្រាប់​មី​ស៊ី​ល ជាមួយ​សហរដ្ឋអាមេរិក ពោលគឺ​១​ថ្ងៃ បន្ទាប់ពី​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក យុន ស៊ូ​ក​យ៉ូ​ល (Yoon Suk-yeol) បាន​និយាយ​អំពី​តម្រូវការ​សម្រាប់​ការស្ដារ​នូវ​ទំនាក់ទំនង​ទ្វេភាគី​ឡើងវិញ ឲ្យ​បាន​ឆាប់រហ័ស​៕​