សហរដ្ឋអាមេរិក ធ្វើ​ឲ្យ​រុស្ស៊ី អួត​ពី​រថក្រោះ T-90 លែងចេញ​

ព័ត៌មានអន្តរជាតិ
0
200
រដ្ឋធានី​មូ​ស្គូ​៖ មុន​ការផ្ទុះ​សង្គ្រាម នៅ​អ៊ុយ​ក្រែ​ន នោះ រុស្ស៊ី​តែងតែ​អួតអាង ពី​អានុភាព T-90 ជា​រថក្រោះ​ប្រយុទ្ធ​ជំនា​ន់ទី​៣​របស់​រុស្ស៊ី និង មានតម្លៃ រហូតដល់​៤,៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក ក្នុង​១​គ្រឿងៗ ហើយ​ប្រធានាធិបតី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន (Vladimir Putin) តែងតែ​ចាត់ទុក​រថក្រោះ​ស៊េរី​នេះ មាន​អានុភាព​ខ្លាំង ក្លា​ជាង​រថក្រោះ​នានា នៅលើ​ពិភពលោក ប៉ុន្ដែ​នៅក្នុង​ការធ្វើ​សង្គ្រាម នៅ​អ៊ុយ​ក្រែ​ន នោះ T-90M ត្រូវបាន​មី​ស៊ី​ល​របស់​បស្ចិម​លោក កំពុងតែ​បន្សាប​នូវ​ឥទ្ធិពល​របស់​វា រហូត​ធ្វើ​ឲ្យ​វិមាន​ក្រឹម​ឡាំង បាក់អំនួត​។​

​សារព័ត៌មាន Insider បាន​ផ្សាយ កាលពីពេល​ថ្មីៗ​នេះ ថា រុស្ស៊ី តែងតែ​ចាត់ទុក​រថក្រោះ​ប្រយុទ្ធ T-90M ជា​រថក្រោះ​ដ៏​ល្អ​បំផុត​មួយ នៅលើ​ពិភពលោក​។ T-90M ជា​រថក្រោះ​ស៊េរី​ថ្មី​បំផុត នៃ T-90 ដោយមាន​ល្បឿន​៦០​គីឡូម៉ែត្រ ក្នុង​១​ម៉ោង ហើយ​នៅក្នុង​ឆ្នាំ​២០១៦ វា​មានតម្លៃ ៤,៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ ថ្វីបើ​រុស្ស៊ី បាន​អួតអាង​ពី​គុណ​សម្បត្ដិ និង បង្កើន​នូវ​ការផ្សព្វផ្សាយ សម្រាប់​រថក្រោះ​ស៊េរី T-90 បែបណា​ក្ដី ប៉ុន្ដែ​រថក្រោះ​ស៊េរី​នេះ ត្រូវបាន​កម្លាំង​ការពារ​ទឹកដី បាញ់​ឆេះ​អស់យ៉ាង​ច្រើន នៅក្នុង​សង្គ្រាម​អ៊ុយ​ក្រែ​ន​។​


​រុស្ស៊ី មាន​ទំនុក​ខ្លាំង ទៅលើ​រថក្រោះ T-90​របស់ខ្លួន អស់​រយៈពេល​ជា​យូរ​មកហើយ នៅក្នុង​ការដាក់​ពង្រាយ​រថក្រោះ​ស៊េរី​នេះ នៅលើ​សមរភូមិ​។ ក្រៅពីនេះ ក្រុង​មូ​ស្គូ ក៏​កំពុងតែ​ចង់​ធ្វើ​ឲ្យ​រថក្រោះ​ស៊េរី​នេះ កាន់តែ​ទំនើប និង ដាក់ពង្រាយ នៅ​កន្លែង​ណា ដែល​ក្រុង​មូ​ស្គូ អាចធ្វើ​ទៅបាន​។​

​រុស្ស៊ី បានបង្ហាញ​រថក្រោះ T-90 ជា​រថក្រោះ​ដ៏​ទំនើប​បំផុត​មួយ នៅក្នុង​វិស័យ​យោធា នាបច្ចុប្បន្ន​នេះ​។ រថក្រោះ T-90 អាច​បំពាក់​កាំភ្លើង​ធំ 2A46M ទំហំ ១២៥​មិល្លីម៉ែត្រ នឹង​អាច​បាញ់​ចំ​គោលដៅ នៅក្នុង​ចម្ងាយ​ជា​មធ្យម ៥​គីឡូម៉ែត្រ ហើយ​វា​ក៏​អាច​បំពាក់​កាំភ្លើងយន្ដ​ជាច្រើន​ប្រភេទ​ទៀត​។ រថក្រោះ​ស៊េរី​នេះ អាច​បើក​បាន ក្នុង​ល្បឿន​៦០​គីឡូម៉ែត្រ ទាំង​លើផ្លូវ និង ក្រៅ​ផ្លូវ​។​



​ថ្វីបើ​រុស្ស៊ី បាន​អួតអាង អំពី​អានុភាព​របស់​រថក្រោះ T-90 បែបណា​ក្ដី ប៉ុន្ដែ​រថក្រោះ​ស៊េរី​នេះ ហាក់បី​មាន​បញ្ហា​ជាច្រើន សម្រាប់​កម្លាំង​ទាហាន​របស់​រុស្ស៊ី នៅក្នុង​ការប្រើប្រាស់ T-90 ធ្វើសង្គ្រាម នៅ​អ៊ុយ​ក្រែ​ន​។ រថក្រោះ​ជាច្រើន​រយ​គ្រឿង ត្រូវបាន​កម្លាំង​ការពារ​ទឹកដី​អ៊ុយ​ក្រែ​ន ប្រើប្រាស់​មី​ស៊ី​ល​ប្រឆាំងនឹង​រថក្រោះ ផ្គត់ផ្គង់ ដោយ​លោកខាងលិច បាញ់​កម្ទេចចោល​។ ចំណែក​មី​ស៊ី​ល​ប្រឆាំងនឹង​រថក្រោះ ដែល​សហរដ្ឋអាមេរិក​ផ្ដល់​ឲ្យ​អ៊ុយ​ក្រែ​ន មាន​មី​ស៊ី​ល​ចា​វេ​លីន (Javelin)….​ជាដើម ហើយ​វា​អាច​បាញ់​កម្ទេច​រថក្រោះ​យ៉ាង​មាន​ប្រសិទ្ធភាព​។​



​សារព័ត៌មាន Ukrinform បានចេញ​ផ្សាយ កាលពី​ថ្ងៃទី​១៦ ខែសីហា ថា អគ្គសេនាធិការ​កងទ័ព​អ៊ុយ​ក្រែ​ន បាន​បង្ហោះ នៅលើ​ទំព័រ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ថា ចាប់តាំងពី​ថ្ងៃទី​២៤ ខែកុម្ភៈ រហូតមកដល់​ថ្ងៃទី​១៦ ខែសីហា កងទ័ព​អ៊ុយ​ក្រែ​ន បានសម្លាប់​ទាហាន​រុស្ស៊ី ប្រហែល ៤៣ ៩០០​នាក់​។ ក្រៅពី​ការបាត់បង់​នាយទាហាន និង ពលទាហាន​នោះ រុស្ស៊ី ក៏​នៅតែ​បន្ដ​បាត់​បង់គ្រឿង​យុទ្ធភណ្ឌ ជាច្រើន​ទៀត រួមមាន រថក្រោះ ចំនួន ១ ៨៨០​គ្រឿង​, រថពាសដែក ចំនួន ៤ ១៥២​គ្រឿង​, យន្ដហោះ​ចម្បាំង ២៣៣​គ្រឿង​, ឧទ្ធម្ភាគចក្រ ចំនួន​១៩៦​គ្រឿង​, នាវាចម្បាំង​តូចធំ ចំនួន​១៥​គ្រឿង និង គ្រឿង​សឹក​ជាច្រើន​ទៀត …..៕​