ជាង​១​សប្ដាហ៍ អ៊ុយ​ក្រែ​ន បាន​ប្រហារ​ផ្ទួនៗ លើ​មូលដ្ឋាន​កងទ័ព​រុស្ស៊ី

ព័ត៌មានអន្តរជាតិ
0
249
រដ្ឋធានី​កៀវ​៖ នៅក្នុង​សង្គ្រាម អស់​រយៈពេល​ជិត​៦​ខែ​កន្លងមកនេះ នៅលើ​ពិភពលោក មានការ​ផ្ដោតអារម្មណ៍​យ៉ាងខ្លាំង​ទៅលើ​ការ​បំផ្ទុះ​ផ្ទួនៗ​គ្នា នៅក្នុង​មូលដ្ឋាន​កងទ័ពអាកាស​សា​គី (Saky) របស់​កងទ័ពជើងទឹក​រុស្ស៊ី នៅ​ឧបទ្វីប​គ្រី​មៀ បាន​បណ្ដាល​ឲ្យ​ឆេះ​យន្ដហោះ​ចម្បាំង​ជាច្រើន​គ្រឿង ហើយ​សកម្មភាព​ភាព​ជាប់ៗ​គ្នា​នេះ ធ្វើ​ឲ្យ​គេ​ដាក់​ការសង្ស័យ​យ៉ាងខ្លាំង ទៅលើ​អ៊ុយ​ក្រែ​ន ជា​អ្នក​វាយប្រហារ​។​

​ទីភ្នាក់ងារសារព័ត៌មាន AP បានចេញ​ផ្សាយ កាលពី​ថ្ងៃ​អង្គារ ទី​១៦ ខែសីហា ឆ្នាំ​២០២២ ថា ការ​បំផ្ទុះ កាលពី​ថ្ងៃ​អង្គារ បាន​បង្ក​ឲ្យ​មាន​អណ្ដាតភ្លើង​ឆាបឆេះ​ឃ្លាំង​រំសេវ​មួយ នៅ​គ្រី​មៀ ដែល​កាន់កាប់​ដោយ​រុស្ស៊ី​។ នេះ​ជាការ​វាយប្រហារ​លើក​ទី​២ ដែល​គេ​សង្ស័យថា នេះ​ជា​ស្នាដៃ​របស់​អ៊ុយ​ក្រែ​ន ក្នុង​រយៈពេល​តែ​ជាង​មួយ​សប្តាហ៍​នេះ ដោយបាន​បង្ខំ​ឱ្យមាន​ការជម្លៀស​មនុស្ស​ជាង ៣ ០០០​នាក់​។​


​ដោយឡែក បណ្ដាញ​ផ្សព្វផ្សាយ​រដ្ឋ​របស់​រុស្ស៊ី បាន​រាយការណ៍​ថា ក្រសួងការពារជាតិ​រុស្ស៊ី បាន​ស្ដីបន្ទោស​ដល់​អ្នក​បំផ្លិច​បំផ្លាញ ដោយសារ​ការ​បំផ្ទុះ នៅក្នុង​ឃ្លាំង​យោធា នា​ភាគ​ខាងជើង ឧបទ្វីប​គ្រី​មៀ រហូត​បង្ខំ​ឱ្យមាន​ការជម្លៀស​មនុស្ស ជាង ៣ ០០០​នាក់ ចេញពី​ទីនោះ​ថែម​ទៀតផង​។​

​ក្រសួងការពារជាតិ​រុស្ស៊ី បាន​បញ្ជាក់ថា ការ​បំផ្ទុះ កាលពី​ថ្ងៃ​អង្គារ សប្ដាហ៍​នេះ បាន​បំផ្លិចបំផ្លាញ នៅក្នុង​កន្លែង​ផ្ទុក​គ្រាប់រំសេវ​មួយកន្លែង នៅ​ជិត​ភូមិ​ម៉ា​យ​ស្កូ​យេ (Mayskoye)​។ បើទោះជា​ការ​បំផ្ទុះ​នេះ មិនបាន​បង្ក​ឲ្យ​អ្នកណាម្នាក់ រងរបួស​ធ្ងន់ធ្ង​រយ៉ា​ង​ណា​ក្ដី ប៉ុន្ដែ​វា​បាន​រំខាន​ដល់​សេវា​ដឹកជញ្ជូន​របស់​រថភ្លើង និង ការផ្គត់ផ្គង់​ថាមពល នៅក្នុង​តំបន់​នោះ​ផងដែរ​។​


​សារព័ត៌មាន Kommersant របស់​រុស្ស៊ី ក៏បាន​រាយការណ៍ កាលពី​ថ្ងៃ​អង្គារ សប្ដាហ៍​នេះ ថា ការវាយប្រហារ​បំផ្លិចបំផ្លាញ នៅ​ឧបទ្វីប​គ្រី​មៀ អាច​នឹង​កើតឡើង​បន្ដទៀត​។ កាសែត​នេះ បាន​ដកស្រង់​សម្ដី​របស់​សាក្សី អះអាងថា ផ្សែង​អាច​មើលឃើញ នៅ​ពីលើ​មូលដ្ឋាន​កងទ័ពអាកាស​រុស្ស៊ី នៅលើ​ឧបទ្វីប​ហ្គី​វ៉ា​ដេ​យ​ស្កូ​យេ (Gvardeyskoye)​។​

​ការ​បំផ្ទុះ នៅក្នុង​មូលដ្ឋាន​កងទ័ពអាកាស Saky របស់​កងទ័ពជើងទឹក​រុស្ស៊ី នា​ភាគ​ខាងលិច ឆ្នេរសមុទ្រ ឧបទ្វីប​គ្រី​មៀ​របស់​អ៊ុយ​ក្រែ​ន ដែល​ក្រុង​មូ​ស្កូ បាន​រឹបអូស​យក កាលពី​អំឡុង​ឆ្នាំ​២០១៤ បាន​បំផ្លាញ​យន្ដហោះ​ចម្បាំង ជាច្រើន​គ្រឿង និង ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ នៅក្នុង​អាកាសយានដ្ឋាន​នោះ​។ មន្ដ្រី​យោធា​អ៊ុយ​ក្រែ​ន មួយចំនួន សុំ​លាក់​អត្ដ​សញ្ញាណ បាន​អះអាងថា ពួកគេ​បាន​បើក​ប្រតិ​ប​ត្ដិ​ការ​ពិសេស វាយប្រហារ​ទៅលើ​អាកាសយានដ្ឋាន​នោះ​។ ប៉ុន្ដែ​ក្រុង​មូ​ស្គូ បាន​អះអាង នាពេល​នោះដែរ​ថា នេះ​ជា​ឧបទ្ទវហេតុ​។​


​ទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រង​ដោយ​រដ្ឋ​រុស្ស៊ី Tass បាន​ដកស្រង់​ប្រភពពី​ក្រសួងការពារជាតិ​រុស្ស៊ី យកមក​ចុះផ្សាយ ដោយ​អះអាងថា ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល បាន​រង​នូវ​ការខូចខាត ជា​លទ្ធផល នៃ​«​ការបំផ្លិចបំផ្លាញ​» ដែលជា​ការទទួលស្គាល់​ដ៏​កម្រ ដោយ​ក្រុម​ប្រដាប់អាវុធ​ស្មោះត្រង់​នឹង​អ៊ុយ​ក្រែ​ន កំពុង​ធ្វើឱ្យមាន​ការខាតបង់ លើ​ផ្នែក​ដឹកជញ្ជូន​យោធា និង បណ្តាញ​ផ្គត់ផ្គង់ នៅលើ​ឧបទ្វីប​គ្រី​មៀ ដែល​ក្រុង​មូ​ស្គូ បានដាក់​ចូល​ជា​ឧបសម្ព័ន្ធ​របស់​រុស្ស៊ី​។​

​លោក ស៊ើ​ជេ អាក​ស្យូ​ណូ​វ (Sergei Aksyonov) តំណាង​ជាន់ខ្ពស់​របស់​ក្រុង​មូ​ស្គូ ប្រចាំ​នៅ​តំបន់​គ្រី​មៀ បាន​អះអាងថា មាន​មនុស្ស​ចំនួន​២​នាក់ បាន​រងរបួស នៅ​កន្លែង​បំផ្ទុះ​ឃ្លាំង​អាវុធ​នោះ​។ ចំណែក​ការធ្វើ​ចរាចរណ៍​តាមផ្លូវ​ដែក បាន​ផ្អាក​ដំណើរការ ហើយ​មនុស្ស​រាប់ពាន់នាក់ បាន​ជម្លៀស ចេញពី​ភូមិ​ជិតៗ​នោះ​។​


​ទោះជា​យ៉ាងណា​ង លោក ស៊ើ​ជេ អាក​ស្យូ​ណូ​វ (Sergei Aksyonov) មិនបាន​បញ្ជាក់ អំពី​មូលហេតុ នៃ​ការ​បំផ្ទុះ កាលពី​ថ្ងៃ​អង្គារ ទី​១៦ ខែសីហា នៅលើ​ឧបទ្វីប​គ្រី​មៀ ជា​តំបន់ ដែល​ក្រុង​មូ​ស្គូ ប្រើប្រាស់​ជា​ខ្សែបណ្ដាញ​ផ្គត់ផ្គង់ សម្រាប់​ការធ្វើ​សឹកសង្គ្រាម​របស់​ខ្លួន នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​ការ​បំផ្ទុះ កាលពី​ថ្ងៃ​អង្គារ សប្តាហ៍​មុន នៅ​មូលដ្ឋាន​កងទ័ពអាកាស Saky របស់​កងទ័ពជើងទឹក​រុស្ស៊ី នា​ឆ្នេរ​ភាគ​ខាងលិច ឧបទ្វីប​គ្រី​មៀ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យ៉ាងខ្លាំងបំផុត ដោយបាន​បំផ្លាញ​យន្តហោះ​ចម្បាំង​របស់​ក្រុង​មូ​ស្គូ ជាច្រើន​គ្រឿង​។ ដោយឡែក ក្រុង​មូ​ស្គូ បាន​ហៅ​ការ​បំផ្ទុះ​នោះ ជា​ឧបទ្ទវហេតុ​៕​