កងទ័ព​អ៊ុយ​ក្រែ​ន បង្ហាញ​សមត្ថភាព​កាន់តែខ្លាំង វាយប្រហារ​លើទឹក​ដី​រុស្ស៊ី​

ព័ត៌មានអន្តរជាតិ
0
215
រដ្ឋធានី​កៀវ​៖ អ៊ុយ​ក្រែ​ន សង្ឃឹមថា សមត្ថភាព​រកឃើញ​ថ្មី​របស់​កងទ័ព​ក្រុង​កៀវ នឹង​អាច​វាយលុក ទៅលើ​គោលដៅ​នានា​របស់​រុស្ស៊ី នៅ​ពីក្រោយ​សមរភូមិ ហើយ​អាច​បង្វែរ​ទិសដៅ រំខាន​ដល់​ខ្សែ​ផ្គត់ផ្គង់​របស់​ក្រុង​ម៉ូស្គូ ដើម្បី​គាំទ្រ​ការកាន់កាប់​របស់ខ្លួន នៅក្នុង​តំបន់​ជាច្រើន នៅក្នុង​ប្រទេស​ដែល​កំពុងតែ​ហែកហួរ​ដោយសារ​សង្គ្រាម​នេះ​។​

​សារព័ត៌មាន The Edge Markets បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​សៅរ៍ ទី​២០ ខែសីហា ថា រុស្ស៊ី កាលពី​ល្ងាច ថ្ងៃ​សុក្រ បាន​រាយការណ៍ អំពី​ការវាយប្រហារ​ជាថ្មី​ដោយ​ដ្រូ​ន​របស់​អ៊ុយ​ក្រែ​ន​។ សកម្មភាព​នេះ បានកើត​ឡើង ត្រឹមតែ​រយៈពេល​១​ថ្ងៃ ក្រោយ​ការ​បំផ្ទុះ​ផ្ទួនៗ នៅ​ជិត​បន្ទាយ​ទាហាន ស្ថិតក្នុង​តំបន់​នានា​របស់​អ៊ុយ​ក្រែ​ន ដែល​គ្រប់គ្រង ដោយ​កងទ័ព​ក្រុង​មូ​ស្គូ និង ឃ្លាំង​គ្រឿង​សព្វាវុធ នៅលើ​ទឹកដី​របស់​រុស្ស៊ី​។ នេះ​ជាការ​បង្ហាញ អំពី​សមត្ថភាព​ថ្មី​របស់​កងទ័ព​ក្រុង​កៀវ នៅក្នុង​ការកម្ទេច​ទ្រព្យសម្បត្ដិ​របស់​រុស្ស៊ី ស្ថិតក្នុង​តំបន់​ឆ្ងាយ ពី​សមរភូមិ​វាយ​ប្រយុទ្ធ​គ្នា​។​


​អ៊ុយ​ក្រែ​ន​សង្ឃឹមថា សមត្ថភាព​ថ្មី​របស់​កងទ័ព​ក្រុង​កៀវ អាច​នឹង​វាយប្រហារ ទៅលើ​គោលដៅ​នានា​របស់​រុស្ស៊ី នៅ​ខាងក្រៅ​តំបន់​សមរភូមិ​ប្រយុទ្ធ​ជួរមុខ​។ ការវាយប្រហារ​ចុងក្រោយ​នេះ បានកើត​ឡើង បន្ទាប់ពី​មានការ​បំផ្ទុះ នៅក្នុង​មូលដ្ឋាន​កងទ័ពអាកាស​សា​គី (Saky) របស់​ទាហានជើងទឹក​រុស្ស៊ី នៅ​ភាគ​ខាងលិច ឧបទ្វីប​គ្រី​មៀ (Crimea) កាលពី​ថ្ងៃ​អង្គារ ទី​៩ ខែសីហា និង ការ​បំផ្ទុះ នៅក្នុង​បន្ទាយ​យោធា នា​ភាគ​ខាងជើង​ឧបទ្វីប​នេះ កាលពី​ថ្ងៃ​អង្គារ ទី​១៦ ខែសីហា ហើយ​ការ​បំផ្ទុះ នៅក្នុង​ឃ្លាំង​សព្វាវុធ ស្ថិតក្នុង​ខេត្ត​បែ​ល​ហ្គោ​រ៉ូ​ដ ទឹកដី​រុស្ស៊ី កាលពី​ថ្ងៃ​ព្រហស្បតិ៍ កន្លងទៅ​ថ្មីៗ​នេះ​។​

​ទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រង​ដោយ​រដ្ឋ​រុស្ស៊ី RIA និង Tass បាន​ដកស្រង់​សម្តី​របស់​មន្ត្រី​ក្នុង​តំបន់​គ្រី​មៀ (Crimea) យកមក​បញ្ជាក់ថា សកម្មភាព​នេះ ហាក់ដូចជា​បង្ហាញ ពី​កងកម្លាំង​ប្រឆាំងនឹង​យន្តហោះ​របស់​រុស្ស៊ី បានធ្វើ​សកម្មភាព នៅ​ជិត​កំពង់ផែ យែ​វ​ផា​តូ​រី​យ៉ា (Yevpatoriya) នា​ភាគ​ខាងលិច​គ្រី​មៀ កាលពី​យប់ ថ្ងៃ​សុក្រ សប្ដាហ៍​នេះ​។ ចំណែក វីដេអូ​បាន​បង្ហោះ ដោយ​គេហទំព័រ​រុស្ស៊ី បង្ហាញ​ពីអ្វី​ដែល​ហាក់ដូចជា​មី​ស៊ី​ល បាញ់​ចេញពី​ដី ទៅលើ​អាកាស វាយប្រហារ​ទៅលើ​គោលដៅ​។ ប៉ុន្ដែ Reuters មិនអាច​បញ្ជាក់ អំពី​ភាពត្រឹមត្រូវ នៃ​វីដេអូ​នោះ បាន​ភ្លាមៗ​នោះឡើយ​។​


​សារព័ត៌មាន Tass បាន​ដកស្រង់​ប្រភពពី​មន្ដ្រី​ក្នុង​តំបន់ បាន​អះអាងថា កម្លាំង​ប្រឆាំងនឹង​យន្ដហោះ​របស់​រុស្ស៊ី បាន​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក ឬ​ដ្រូ​ន​របស់​អ៊ុយ​ក្រែ​ន ចំនួន​៦ គ្រឿង ដែល​កំពុង​ហោះ​ទៅ​វាយប្រហារ នៅលើ​ទីក្រុង​ណូ​វ៉ា កា​ខូវ​កា (Nova Kakhovka) នា​ភាគ​ខាងកើត ទីក្រុង​ឃើ​រ​សុន (Kherson) ស្ថិតនៅ​ភាគខាងត្បូង ប្រទេស​អ៊ុយ​ក្រែ​ន​។​

​អ៊ុយ​ក្រែ​ន បាន​អះអាងថា ការដណ្តើមយក​ទីក្រុង Kherson មកវិញ គឺជា​អាទិភាព​ចម្បង​មួយ​របស់​ក្រុង​កៀវ​។ ដោយឡែក មន្ត្រី​ម្នាក់ នៅ​គ្រី​មៀ បាន​អះអាងថា កម្លាំង​ការពារ នៅ​ទីនោះ បាន​ទម្លាក់​ដ្រូ​ន​១​គ្រឿង មិន​ស្គាល់​ប្រភេទ ហោះ​ពីលើ​ទីក្រុង​សេ​វ៉ា​ស្ដូ​ប៉ូល (Sevastopol)​។​



​ដោយឡែក ការវាយប្រហារ​ចូល​ទៅលើ​ទឹកដី​រុស្ស៊ី កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​បង្ខំ​ឲ្យ​អាជ្ញាធរ​ក្រុង​មូ​ស្គូ ប្រចាំ​តំបន់ ជម្លៀស​អ្នកស្រុក ចំនួន​២​ភូមិ ក្រោយ​ការ​បំផ្ទុះ​ឃ្លាំង​គ្រាប់ នៅក្នុង​ខេត្ត​បែ​ល​ហ្គោ​រ៉ូ​ដ (Belgorod) ទឹកដី​រុស្ស៊ី ដែលមាន​ចម្ងាយ​ប្រហែល ជាង​១០០​គីឡូម៉ែត្រ ពី​តំបន់​គ្រប់គ្រង​ដោយ​កងកម្លាំង​អ៊ុយ​ក្រែ​ន​៕​