ក្នុង​រយៈពេល​៨​ខែ​ដំបូង វៀតណាម នាំចូល​ប្រេងឥន្ធនៈ​កើនឡើង ១៥០​ភាគរយ​

សេដ្ឋកិច្ច
0
194
រដ្ឋធានី​ហាណូយ​៖ ការនាំ​ចូល​ប្រេងឥន្ធនៈ​របស់​វៀតណាម នៅក្នុង​រយៈពេល​៨​ខែ​ដំបូង នា​ឆ្នាំ​២០២២ បាន​កើនឡើង រហូតដល់​១៥០​ភាគរយ ដោយ​ចំណាយ​ថវិកា ជិត​៦​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​ការនាំ​ចូល​ថាមពល ចំនួន ៥,៦៥​លាន​តោន ហើយ​កូរ៉េខាងត្បូង ជា​ប្រភព នៃ​ការ​នាំចូល​ប្រេង​ដ៏​ធំ​បំផុត​របស់​វៀតណាម​។​

​សារព័ត៌មាន​វៀតណាម VOV បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ចន្ទ ទី​២២ ខែសីហា ថា បើតាម​អគ្គនាយកដ្ឋាន​គយ​វៀតណាម បាន​ឲ្យ​ដឹងថា វៀតណាម បាន​ចំណាយ​ថវិកា ជិត​៦​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​ការនាំ​ចូល​ថាមពល​គ្រប់​ប្រភេទ ចំនួន​៥,៦៥​លាន​តោន គិត​ត្រឹម ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២២​។ ចំនួន​នេះ បានកើត​ឡើង រហូតដល់​១៥០​ភាគរយ បើ​ធៀប​នឹង​ឆ្នាំមុន​។​



​ការធ្វើ​ពាណិជ្ជកម្ម​ប្រេងឥន្ធនៈ បាន​នាំចូល​ចំនួន ៦៥១ ០០០​តោន ដែលមាន​តម្លៃ ៧៣៦​លាន​ដុល្លារ​សហរដ្ឋអាមេរិក ត្រឹមតែ​ខែកក្កដា​ប៉ុណ្ណោះ ដោយ​កើនឡើង ៥,៤​ភាគរយ នៅក្នុង​បរិមាណ​នាំចូល​។ ប៉ុន្តែ​តម្លៃ បាន​ធ្លាក់ចុះ​៩,៤​ភាគរយ បើ​ប្រៀបធៀប ទៅនឹង​តួលេខ ត្រូវបាន​កត់ត្រា នៅក្នុង​ខែមិថុនា ដោយសារតែ​ការប្រែប្រួល​តម្លៃ​ទីផ្សារ​ពិភពលោក​។​

ទោះជា​យ៉ាងណា រហូតមកដល់​ពេលនេះ ប្រទេស​កូរ៉េខាងត្បូង នៅតែ​ជាទី​ផ្សារ​នាំចូល​ប្រេងឥន្ធនៈ​ដ៏​ធំ​បំផុត​របស់​វៀតណាម ដោយបាន​នាំចូល​ថាមពល ចំនួន​២,១៧​លាន​តោន នៅក្នុង​រយៈពេល​៧​ខែ​ដំបូង នៃ​ឆ្នាំ​២០២២ ពោលគឺ​កើនឡើង ៩២​ភាគរយ​។ ក្រៅពីនេះ វៀតណាម បាន​នាំចូល​ប្រភព​ថាមពល ពី​ម៉ាឡេស៊ី ចំនួន ៨១៥ ០០០​តោន និង សិង្ហ​បុរី ចំនួន ៧៥៣ ០០០​តោន​។​



​ទីផ្សារ​ប្រេង​របស់​ពិភពលោក បានចាប់ផ្ដើម​ប្រែប្រួល​ខ្លាំង តាំងពី​ដើមឆ្នាំ​២០២២​មក ហើយ​ភាគច្រើន កើតឡើង ដោយសារ​ជម្លោះ រវាង​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ និង ក្រុង​គៀវ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ ជាមួយគ្នានេះ ក្រុមហ៊ុន​ចម្រាញ់​ប្រេង ងី សុន (Nghi Son) នៅក្នុង​ប្រទេស​វៀតណាម ក៏បាន​សម្រេចចិត្ត កាត់បន្ថយ​សមត្ថភាព​ផលិត នៅក្នុង​ខែមករា ដោយសារ​បញ្ហា​បច្ចេកទេស ទើប​បណ្តាលឱ្យមាន​កង្វះ​ខាត​ប្រេង នៅក្នុង​ទីផ្សារ​ក្នុងស្រុក​។​



​ដោយឡែក ក្រសួង​ឧស្សាហកម្ម និង ពាណិជ្ជកម្ម​វៀតណាម ភ្លាមៗ​នោះ ក៏បាន​ស្នើ​ឲ្យ​បង្កើន​នូវ​ការ​នាំចូល​ប្រេងឥន្ធនៈ​បន្ថែម រហូតដល់ ២,៤​លាន​ម៉ែត្រគុប នៅក្នុង​ត្រីមាស​ទី​២ ដើម្បី​កាត់បន្ថយ​នូវ​កង្វះខាត​ទិន្នផល ពី​រោងចក្រ​នេះ​។ ក្រសួង បាន​បញ្ជាក់ថា បច្ចុប្បន្ន វៀតណាម មានការ​ផ្គត់ផ្គង់​ប្រេង គ្រប់គ្រាន់ សម្រាប់​ការប្រើប្រាស់ នៅក្នុង​ស្រុក​។ ចំណែក​ប្រេង​លក់រាយ​វិញ មានតម្លៃ ចន្លោះ​ពី ២៤ ៦៦០​ដុង ទៅ ៣៣ ០០០​ដុង (​លុយ​វៀតណាម​) ឬ​ស្មើនឹង​ចន្លោះ​ពី​១,០៤​ដុល្លារ ទៅ ១,៤២​ដុល្លារ​សហរដ្ឋអាមេរិក​៕​