សង្គ្រាម​របស់​ប្រធានាធិបតី​រុស្ស៊ី សម្លាប់​មនុស្ស​រាប់ម៉ឺន​នាក់ ខាត​លុយ​រាប់រយ​ពាន់​លាន​ដុល្លារ​

ព័ត៌មានអន្តរជាតិ
0
255
រដ្ឋធានី​កៀវ​៖ ដោយសារ​សង្គ្រាម នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន កំពុងតែបន្ដ​វាយ​ប្រយុទ្ធ​គ្នា អូសបន្លាយ អស់​រយៈពេល​១៨១​ថ្ងៃ គិត​ត្រឹម ថ្ងៃទី​២៣ ខែសីហា ក៏​សេចក្ដីរាយការណ៍ អំពី​ការបាត់​បង់ជីវិត​រប​ស់ជន​ស៊ីវិល និង កងទ័ព​ទាំងសងខាង កើនឡើង​ដល់​ជិត​១​សែន​នាក់ និង ខាត​លុយ​អស់​រាប់រយ​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​

​សារព័ត៌មាន​របស់​ឥណ្ឌា NDTV បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ចន្ទ ទី​២២ ខែសីហា ថា លោក​ឧត្ដមសេនីយ៍ វ៉ា​ឡែ​រី​យ ហ្សា​លូ​ស្នី (Valeriy Zaluzhny) អគ្គមេបញ្ជាការ​កងទ័ព​អ៊ុយ​ក្រែ​ន បានបញ្ជាក់ កាលពី​ថ្ងៃ​ចន្ទ ថា កងទ័ព​អ៊ុយ​ក្រែ​ន ចំនួន ៩ ០០០​នាក់ បាន​បាត់​បង់ជីវិត នៅក្នុង​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី ចាប់តាំងពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២​មក​។ ដូច្នេះ កុមារ​អ៊ុយ​ក្រែ​ន ជាច្រើន​នាក់ ចាំបាច់​ត្រូវការ មើល​ការថែទាំ​ឲ្យ​បាន​ដិតដល់ ព្រោះ​ឪពុក​របស់​ពួកគេ ស្ថិតក្នុង​ចំណោម​វីរបុរស ប្រហែល ៩ ០០០​នាក់ បាន​បូជាជីវិត នៅក្នុង​សមរភូមិ ដើម្បី​ការពារ​ទឹកដី​។​


​ដោយឡែក រុស្ស៊ី បានធ្វើ​បច្ចុប្បន្នភាព កាលពី​ថ្ងៃទី​២៥ ខែមីនា ដោយបាន​អះអាងថា កងទ័ព​របស់ខ្លួន ចំនួន ១ ៣៥១​នាក់ បាន​បាត់​បង់ជីវិត នៅក្នុង​អំឡុងពេល​វាយ​ប្រយុទ្ធ​គ្នា នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ចាប់តាំងពី​ការចាប់ផ្ដើម​ប្រយុទ្ធ នា​ថ្ងៃ​ដំបូង​មក​។​
​ក្រុមមន្ដ្រី​យោធា​សហរដ្ឋអាមេរិក បាន​ប៉ាន់ប្រមាណ កាលពី​២​សប្តាហ៍​មុន ថា រុស្ស៊ី បាន​រង​នូវ​ការខូចខាត​កម្លាំង​ទាហាន ទាំង​ស្លាប់ និង របួស ចន្លោះ​ពី ៧០ ០០០ ទៅ ៨០ ០០០​នាក់​។​

​អង្គការសហប្រជាជាតិ (UN) បាន​អះអាងថា ជន​ស៊ីវិល ចំនួន ៥ ៥៨៧​នាក់ ត្រូវបាន​សម្លាប់ និង ៧ ៨៩០​នាក់ ផ្សេងទៀត បាន​រងរបួស នៅក្នុង​អំឡុងពេល មានការ​វាយប្រហារ​ពី​ទាហាន​រុស្ស៊ី នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ ប៉ុន្ដែ​ការប៉ាន់ប្រមាណ​នេះ នៅ​មិនទាន់​ជាក់លាក់​នៅឡើយ ខណៈ​ការ​វាយ​ប្រយុទ្ធ​គ្នា កំពុងតែបន្ដ​។​


​ទោះជា​យ៉ាងណា ការអះអាង​ទាំងនេះ នៅ​មិនទាន់មាន​ប្រភពព័ត៌មាន​ឯករាជ្យ​ណាមួយ បញ្ជាក់​ឲ្យ​បានច្បាស់លាស់ អំពី​ចំនួន​កងទ័ព​ទាំងសងខាង បាន​បាត់​បង់ជីវិត នៅក្នុង​សង្គ្រាម​ឈ្លានពាន​របស់​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន (Vladimir Putin) អស់​រយៈពេល​ជាង​៦​ខែ​កន្លងមកនេះ​នៅឡើយ​។ ដោយឡែក ទំហំ​នៃ​ការខូចខាត​ដោយសារ​សង្គ្រាម និង គ្រឿង​យុទ្ធភណ្ឌ យកមក​ចំណាយ នៅក្នុង​សង្គ្រាម ក៏​នៅ​មិនទាន់​ដឹង​ច្បាស់​ដែរ ប៉ុន្ដែ​គេ​គ្រាន់តែ​អាច​ប៉ាន់ប្រមាណ​ត្រួសៗ មានតម្លៃ​រាប់រយ​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​៕​