អាមេរិក​បន្ដ​បញ្ឆេះ​ក្រុង​ប៉េកាំង​ឲ្យ​ខឹង ទើប​ចិន​បន្ដធ្វើ​សមយុទ្ធ​យោធា​

ព័ត៌មានអន្តរជាតិ
0
113
​រដ្ឋធានី​ប៉េកាំង​៖ ក្រោយពេល​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី ណាន​ស៊ី ផេ​ឡូ​ស៊ី (Nancy Pelosi) ប្រធានសភា​ដ៏​មាន​ឥទ្ធិពល​សហរដ្ឋអាមេរិក មកកាន់​ទីក្រុង​តៃប៉ិ ធ្វើ​ឲ្យ​ក្រុង​ប៉េកាំង​ផ្ទុះ​កំហឹង ហើយ​នៅពេលនេះ​ទៀត អ្នកនយោបាយ​សហរដ្ឋ​អាមេរិក នៅតែ​បន្ដ​មកកាន់​តៃវ៉ាន់ ទើប ចិន ប្រកាស អំពី​ការធ្វើ​សមយុទ្ធ​យោធា បាញ់​គ្រប់​ពិត​រយៈពេល​២​ថ្ងៃជា​ថ្មី នៅ​ឆ្នេរសមុទ្រ​ខេត្ត​ហ្វូ​ជៀន (Fujian) ឆ្លងកាត់​ពី​តៃវ៉ាន់ ខណៈ​អ្នកនយោបាយ​សហរដ្ឋអាមេរិក បន្ដ​មកកាន់​ដែន​កោះ​មួយ​នេះ​។​

​សារព័ត៌មាន Al Jazeera បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​សុក្រ ទី​២៦ ខែសីហា ថា អ្នកនយោបាយ​ជាន់ខ្ពស់​ម្នាក់ មកពី​សហរដ្ឋអាមេរិក បាន​ទៅដល់​កោះ​តៃវ៉ាន់ នៅក្នុង​ដំណើរ​ទស្សនកិច្ច​ចុងក្រោយ​របស់​អ្នកនយោបាយ​សហរដ្ឋអាមេរិក នៅក្នុង​ខែសីហា​នេះ ទោះបី​ជាមាន​សម្ពាធ​ខ្លាំង​ពី​ក្រុង​ប៉េកាំង មិន​ឱ្យមក​ទស្សនា​កោះ​គ្រប់គ្រង​ដោយ​ខ្លួនឯង យ៉ាងណាក៏ដោយ​។ លោក ម៉ាសា ប្លែក​ប៊ឺ​ន (Marsha Blackburn) សមាជិក​ព្រឹទ្ធសភា មកពី​គណបក្ស​សាធារណរដ្ឋ​សម្រាប់​រដ្ឋ Tennessee ទទួល​ប​ន្ដុ​ក នៅ​គណៈកម្មាធិការ​ពាណិជ្ជក​ម្ម និង សេវាកម្ម​ប្រដាប់អាវុធ​របស់​ព្រឹទ្ធសភា បាន​ចុះចត នៅ​តៃវ៉ាន់​កាលពី​ល្ងាច ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់ពី​បាន​ទៅ​ទស្សនា នៅ​កោះ Solomon និង ប្រទេស​ប៉​ពួ​ញូ​វ​ហ្គី​ណេ (Papua New Guinea)​។​



​សារព័ត៌មាន Taiwan News បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែសីហា ថា បើតាម​សេចក្ដីរាយការណ៍ កាលពី​ថ្ងៃ​ព្រហស្បតិ៍ បានបញ្ជាក់ ថា ក្រុង​ប៉េកាំង បាន​បញ្ជូន​កងទ័ព​រំ​ដោះ​ប្រជាជន​ចិន ចេញ​ធ្វើ​សមយុទ្ធ​យោធា បាញ់​គ្រាប់​ពិត រយៈពេល​២​ថ្ងៃ​ជាថ្មី​បន្ដទៀត នៅ​ឆ្នេរសមុទ្រ​ខេត្ត Fujian ប្រទេស​ចិន​។​

​ចាប់តាំងពី​ប្រធានសភា​ដ៏​មាន​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក លោកស្រី Nancy Pelosi បានធ្វើ​ដំណើរ​មក​បំពេ​ញ​ទស្សនកិច្ច នៅ​ទីក្រុង​តៃប៉ិ ចន្លោះ​ពីថ្ងៃ​ទី​២-៣ ខែសីហា នោះមក ក្រុង​ប៉េកាំង បាន​ខឹងសម្បា​យ៉ាងខ្លាំង ហើយ​ប្រឆាំង​តវ៉ា ចំពោះ​សកម្មភាព​របស់​អ្នកនយោបាយ​កំពូល​របស់​មហាអំណាច​លេខ​១​លើ​លោក​មួយ​នេះ​។ ជាការ​ប្រតិកម្ម​តបត​នោះ ចិន​បាន​បើក​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ មិន​ធ្លាប់មាន​ពីមុនមក ដោយ​រួមទាំង​ការបាញ់​មី​ស៊ី​ល ឆ្លងកាត់​ពីលើ​កោះ​តៃវ៉ាន់ ខណៈ​ក្រុង​ប៉េកាំង បាន​បន្ត​បញ្ជូន​យន្តហោះ​ចម្បាំង ឆ្លងកាត់​ខ្សែបន្ទាត់​មធ្យម នៃ​ច្រក​សមុទ្រ​តៃវ៉ាន់​។​


​បើ​សេចក្តីថ្លែងការណ៍​របស់​រដ្ឋបាល​សុវត្ថិភាព​ដែនសមុទ្រ នៃ​ខេត្ត Fujian របស់​ប្រទេស​ចិន បាន​ឲ្យ​ដឹងថា សមយុទ្ធ​បាញ់​គ្រាប់​ពិត​ជុំ​ចុង​ក្រោយនេះ នឹងត្រូវ​បានកំណត់​ពេល​វេលា ចាប់ពី​ថ្ងៃ​សុក្រ ទី​២៦-២៧ ខែសីហា ចន្លោះ​ពី​ម៉ោង​៦​ព្រឹក ដល់​ម៉ោង​៩​យប់​។​

​សារព័ត៌មាន​សិង្ហ​បុរី CNA បាន​រាយការណ៍​ថា ឆ្នេរសមុទ្រ Fujian, តំបន់​ក្បែរ​ទីក្រុង​ហ្វូ​ហ្គី​ង ( Fuqing) និង ទីក្រុង​ពូ​ធៀន (Putian) ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់ ពី​ភាគ​ខាងជើង កោះ​តៃវ៉ាន់ ត្រូវ​ហាមឃាត់​ដល់​នាវា​គ្រប់​ប្រភេទ ចូលទៅក្នុង​តំបន់​ទាំងនេះ នា​អំឡុង​ពេលធ្វើ​សមយុទ្ធ​នេះ​៕​