វៀតណាមនាំចូល​កុំព្យូទ័រ និងផលិតផល​អគ្គិសនី ពី​ប្រទេស៤នៅ​អាស៊ី​រហូតដល់​ជាង​៥០​ពាន់​លាន​ដុល្លារ​

ព័ត៌មានអន្តរជាតិ
0
178
រដ្ឋធានី​ហាណូយ​៖ នៅក្នុង​រយៈពេល​៧​ខែ​ដំបូង នៃ​ឆ្នាំ​២០២២ វៀតណាម បាន​ចំណាយ​ប្រាក់ រហូតដល់​ជាង​៥០​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​ការនាំ​ចូល​នូវ​កុំព្យូទ័រ ផលិតផល​អគ្គិសនី និង គ្រឿងបន្លាស់​ផ្សេងៗ​ទៀត ពី​ប្រទេស​ចិន កូរ៉េខាងត្បូង តៃវ៉ាន់ និង ជប៉ុន​។​

​សារព័ត៌មាន Vietnam Investment Review បានចេញ​ផ្សាយ កាលពី​ថ្ងៃ​សុក្រ ទី​២៦ ខែសីហា ថា បើតាម​អគ្គនាយកដ្ឋាន​គយ​រប​ស់​វៀតណាម បាន​ឲ្យ​ដឹងថា នៅក្នុង​រយៈពេល​៧​ខែ​ដំបូង នៃ​ឆ្នាំ​២០២២ ការ​នាំចូល​ទំនិញ​ទាំងនេះ មាន​ទំហំ​ទឹកប្រាក់​ជាង ៥០,១​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ពោលគឺ​កើនឡើង រហូតដល់ ២៥,២​ភាគរយ បើ​ធៀប​នឹង​តួលេខ កាលពី​ឆ្នាំមុន ដែល​ស្មើនឹង​២៣,១៣​ភាគរយ នៃ​ការ​នាំចូល​កុំព្យូទ័រ និង​ផលិតផល​អគ្គិសនី​សរុប នៅក្នុង​ប្រទេស​វៀតណាម​។​


​ត្រឹមតែ​ខែកក្កដា ប៉ុណ្ណោះ វៀតណាម បាន​ចំណាយ​ប្រាក់​ជិត ៦,៩​ពាន់​លាន​ដុល្លារ សម្រាប់​ការនាំ​ចូល​កុំព្យូទ័រ ផលិតផល​អេ​ឡិ​ក​ត្រូ​និក និង គ្រឿងបន្លាស់ កើន​ដល់​២,៣​ភាគរយ លើសពី​ខែ​មុន​។ រីឯ​ទីផ្សារ​នាំចូល​ច្រើនជាងគេ នៅក្នុង​តំបន់​អាស៊ី រួមមាន ចិន កូរ៉េខាងត្បូង តៃវ៉ាន់ និង ជប៉ុន​។​

​ប្រទេស​ចិន ជាទី​ផ្សារ​នាំចូល​ផលិតផល​ទាំងនេះ​ច្រើនជាងគេ ដោយមាន​ទំហំ​ទឹកប្រាក់ ១៤,៦៤​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​ស្មើនឹង​២៩,២២​ភាគរយ នៃ​ចំណែក​ទីផ្សារ​សរុប​របស់​ទំនិញ​ទាំងនេះ ហើយ​វា​កើនឡើង រហូតដល់​២៥,៥៦​ភាគរយ បើ​ធៀប​នឹង​អំឡុងពេល​ដូចគ្នា កាលពី​ឆ្នាំមុន​។​


​កូរ៉េខាងត្បូង ជាទី​ផ្សារ​នាំចូល​ធំ​លំដាប់​ទី​២ ដោយមាន​ទំហំ​ទឹកប្រាក់ ១៤,៣៣​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​ស្មើនឹង ២៨,៦​ភាគរយ នៃ​ចំណែក​ទីផ្សារ​សរុប ហើយ​វា​កើនឡើង ជិត​៣៧​ភាគរយ​។ រីឯ​តៃវ៉ាន់ ជាទី​ផ្សារ​នាំចូល​ដ៏​ធំ​លំដាប់​លេខ​៣​របស់​វៀតណាម ដោយមាន​ទំហំ​ទឹកប្រាក់ ៦,៩៨​ពាន់​លាន​ដុល្លារ ស្មើនឹង​១៣,៩៣​ភាគរយ នៃ​ចំណែក​ទីផ្សារ​សរុប ហើយ​វា​កើនឡើង​ដល់​៣៥,៨​ភាគរយ​។ ចំណែក​ជប៉ុន ឈរ​នៅ​លំដាប់​លេខ​៤ ដោយមាន​ទំហំ​ទឹកប្រាក់ ជាង ៤,០៥​ពាន់​លាន​ដុល្លារ ស្មើនឹង​៨​ភាគរយ នៃ​ចំណែក​ទីផ្សារ​សរុប ហើយ​កើនឡើង ៣៤,៥៥​ភាគរយ​។​


​ទីផ្សារ​ធំៗ​ទាំង​៤​ប្រទេស​នេះ បាន​នាំចូល​កុំព្យូទ័រ ផលិតផល​អេ​ឡិ​ក​ត្រូ​និក និង គ្រឿងបន្លាស់​ស្មើនឹង​៧៩,៧៥​ភាគរយ នៃ​ការនាំ​ចូល​សរុប​របស់​ប្រទេស​វៀតណាម​។ នៅ​ចុងខែ​កក្កដា វៀតណាម បាន​នាំចូល​កុំព្យូទ័រ ផលិតផល​អគ្គិសនី និង គ្រឿងបន្លាស់ ឈានដល់​៣១,៧២​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក កើន​ដល់​១៤,៨​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំមុន​។ ដូច្នេះ នៅ​ចុងខែ​កក្កដា ការ​នាំចូល​ប្រភេទ​កុំព្យូទ័រ ផលិតផល​អេឡិចត្រូនិក និង គ្រឿងបន្លាស់ មាន​ឱនភាព​ពាណិជ្ជកម្ម ជាង​១៨​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​៕​