ជប៉ុន​ចាប់ដៃ​ជាមួយ​កូរ៉េខាងត្បូងសាងសង់​រោងចក្រ​ផលិត​រថយន្ដ​អគ្គិសនី​

បច្ចេកវិទ្យា
0
225
​រាជធានី​តូ​ក្យូ​៖ ដោយសារតែ​ការ​បម្រែបម្រួល​អាកាសធាតុ ហើយ​ពិភពលោក ចង់​កាត់បន្ថយ​នូវ​ការបំពុល​បរិស្ថាន​នោះ ក្រុមហ៊ុន Honda Motor របស់​ជប៉ុន បាន​ចាប់ដៃគ្នា​ជាមួយនឹង​ក្រុមហ៊ុន LG របស់​កូរ៉េខាងត្បូង គ្រោង​នឹង​ចំណាយលុយ​រាប់ពាន់​លាន​ដុល្លារ សាងសង់​រោងចក្រ​ថ្មី សម្រាប់​ការផលិត​អាគុយ​យានយន្ដ​អគ្គិសនី នៅ​សហរដ្ឋអាមេរិក​។​

​ទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ចន្ទ ទី​២៩ ខែសីហា ថា ក្រុមហ៊ុន Honda Motor នឹង​សាងសង់​រោងចក្រ​ថ្មី សម្រាប់​ការផលិត​អាគុយ​រថយន្ត​អគ្គិសនី នៅ​សហរដ្ឋអាមេរិក ជាមួយ​ក្រុមហ៊ុន LG Energy Solution ដែលជា​ក្រុមហ៊ុន​ផលិត​អាគុយ​ដ៏​ធំ​បំផុត​មួយ​របស់​ប្រទេស​កូរ៉េខាងត្បូង​។ ក្រុមហ៊ុន​ទាំង​២​នេះ ត្រូវគេ​រំពឹងថា នឹង​ចំណាយ​ប្រាក់ អស់​ប្រហែល ចន្លោះ​ពី ២-៣​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​ការ​សាសង់​រោងចក្រ​ថ្មី​នេះ​។ ចំណែក​ដំណើរការ​សាងសង់​រោង​ចក្រ​នេះ អាច​នឹង​ចាប់​ផ្តើមឡើង នៅក្នុង​ឆ្នាំ​២០២៣ ហើយនឹង​ចាប់ផ្តើម​ដំណើរការ​ផលិត​ដ៏​ធំ នៅ​ឆ្នាំ​២០២៥​។


​ការផ្លាស់ប្តូរ ពី​រថយន្ដ​ប្រើប្រាស់​ប្រេងឥន្ធនៈ ទៅជា​រថយន្ត​អគ្គិសនី ត្រូវគេ​រំពឹងថា នឹងមាន​ដំណើរ​ឆ្ពោះទៅមុខ​យ៉ាង​ឆាប់រហ័ស នៅលើ​ទឹកដី​សហរដ្ឋអាមេរិក​។ រីឯ​ក្រុមហ៊ុន Honda របស់​ជប៉ុន ចង់​ធានា​នូវ​អាគុយ សម្រាប់​រថយន្ត​របស់​ក្រុមហ៊ុន​ខ្លួន​។ ក្រុមហ៊ុន​របស់​ជប៉ុន មួយ​នេះ នឹង​សង់​រោងចក្រ​ផលិត​អាគុយ​ថ្មី សម្រាប់​យន្ដ​យន្ដ (EV) ជា​លើកដំបូង នៅ​សហរដ្ឋអាមេរិក​។

​ជាមួយគ្នានេះដែរ សហរដ្ឋអាមេរិក ក៏​កំពុងតែ​ផ្លាស់ប្តូរ ទៅរក​ការផលិត​អាគុយ EV នៅតាម​ទីក្រុង​នានា​របស់ខ្លួន នៅជាប់​នឹង​ព្រំដែន​។ ចំណែក​ក្រុមហ៊ុន Honda ក៏មាន​គោលបំណង​អភិវឌ្ឍ​នូវ​ការផ្គត់ផ្គង់​អាគុយ EV ឲ្យ​មាន​ស្ថិរភាព ដោយ​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន LG របស់​ប្រទេស​កូរ៉េខាងត្បូង​។​


​លោក ចូ បៃ​ដិ​ន (Joe Biden) ប្រធានាធិបតី​សហរដ្ឋអាមេរិក កាលពីដើមឆ្នាំ​២០២២ បានអនុម័ត​នូវ​កញ្ចប់​ថវិកា ប្រហែល​៣​ពាន់​លាន​ដុល្លារ សម្រាប់​ការបង្កើត​រោងចក្រ​ផលិត​អាគុយ EV ដោយសារតែ​សហរដ្ឋអាមេរិក បានកំណត់​ទិសដៅ នៅត្រឹម​ឆ្នាំ​២០៣០ ត្រូវមាន​រថយន្ដ​អគ្គិសនី ប្រហែល​៥០​ភាគរយ ដាក់តាំង​លក់ នៅលើ​ទឹកដី​របស់ខ្លួន​។​

​រហូត​ម​ដល់ពេលនេះ បណ្ដា​ក្រុមហ៊ុន​ផលិត​អាគុយ​សម្រាប់​រថយន្ដ​អគ្គិសនី​ជាច្រើន កំពុងតែ​សម្លឹងមើល អំពី​ការបង្កើន​នូវ​ផលិតផល​របស់​ពួកគេ នៅលើ​ទឹកដី​សហរដ្ឋអាមេរិក ខណៈ​ប្រទេស​មហាអំណាច​កំពូល​លើ​លោក ទាំង​សេដ្ឋកិច្ច និង យោធា កំពុងតែ​ងាក​ទៅរក​ការប្រើប្រាស់​រថយន្ដ​អគ្គិសនី​។ សកម្មភាព​នេះ អាច​នឹង​កើនឡើង ខណៈ​ប្រទេស​នេះ​អនុ​វត្តបទ​ប្បញ្ញត្តិ កាន់តែ​តឹងរ៉ឹង និង រឹតបន្តឹង អំពី​សិទ្ធិ​ការទទួលបាន​ការបញ្ចុះ​តម្លៃ​ពន្ធ​។


​បច្ចុប្បន្ន រដ្ឋាភិបាល​សហរដ្ឋអាមេរិក បាន និង កំពុងតែ​ជំរុញ​គោលនយោបាយ ដែល​បាន​រៀបចំឡើង ដើម្បី​នាំយក​ថាមពល ពី​អាគុយ និង ការផលិត​អាគុយ EV កាន់តែច្រើន នៅក្នុង​ប្រទេស​របស់ខ្លួន​។ លោក ចូ បៃ​ដិ​ន ប្រធានាធិបតី​សហរដ្ឋអាមេរិក កាលពីពេល​ថ្មីៗ​នេះ បាន​ចុះ​ហត្ថ​លេខ លើ​ការចំណាយ រហូតដល់ ៤៣០​ពាន់​លាន​ដុល្លារ លើ​អាកាសធាតុ ការថែទាំ​សុខភាព និង ពន្ធ​។ ច្បាប់​នេះ នឹង​ធ្វើឱ្យ​រថយន្ត​អគ្គិសនី ដែល​ប្រមូលផ្តុំ នៅ​ខាងក្រៅ​អាមេរិក​ខាងជើង ត្រូវបាន​បញ្ចុះតម្លៃ​ពន្ធ​នោះឡើយ​៕​