ក្រុមហ៊ុន​ហួ​វ៉ៃខាតបង់​ប្រាក់ចំណេញ​ដ៏​ច្រើន​បំផុតពី​ទណ្ឌកម្ម​របស់​អាមេរិក​

បច្ចេកវិទ្យា
0
167
រដ្ឋធានី​ប៉េកាំង​៖ ជាមួយនឹង ទណ្ឌកម្ម​របស់​សហរ​ដ្ឋ​អាមេរិក បានធ្វើ​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំ​បំផុត​របស់​មហា​យក្ស​ចិន បាន​ខាតបង់​ប្រាក់ចំណេញ រាប់ពាន់​លាន​ដុល្លារ ហើយ​ស្ថាបនិក​របស់​ក្រុមហ៊ុន​នេះ បាន​ប្រាប់​ដល់​បុគ្គលិក​ទាំងអស់ អំពី​ពាណិជ្ជកម្ម នឹងត្រូវ​រួម​តូច និង​បិទ ហើយ​ការប្រកាស​ពី​ភាព​សោកសៅ​នេះ នឹងធ្វើ​ឲ្យ​ពួកគេ មាន​អារម្មណ៍​គិត ថា ក្រុមហ៊ុន​កំពុងតែ​តស៊ូ ដើម្បី​ដំណើរការ​បន្ដទៅទៀត​។​

​សារព័ត៌មាន Asia Times បានចេញ​ផ្សាយ កាលពី​ថ្ងៃទី​២៨ ខែសីហា ថា ក្រុមហ៊ុន​បច្ចេកវិទ្យា​ហួ​វ៉ៃ (Huawei Technologies) ជា​ក្រុមហ៊ុន​ផលិត​សម្ភារ​ទូរគមនាគមន៍ មាន​មូលដ្ឋាន នៅ​ទីក្រុង​សែន​ហ្សែ​ន (Shenzhen) នា​ភាគ​អាគ្នេយ៍ ប្រទេស​ចិន បានប្រកាស ពី​ការ​ផ្ដាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ពាណិជ្ជកម្ម​ថ្មី ដើម្បី​ផ្តោតលើ​ចំណុច​សំខាន់ៗ​ជាច្រើន ជាជាង​ការរក​ប្រាក់ចំណូល ក្រោយ​ប្រាក់ចំណេញ​សុទ្ធ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​មួយ​នេះ បាន​ធ្លាក់ចុះ​ជិត ៥០​ភាគរយ នៅក្នុង​ឆមាស​ទី​១ នៃ​ឆ្នាំ​២០២២ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០២១​។


​លោក រ៉ែ​ន ហ្សែ​ង​ហ្វី (Ren Zhengfei) ជា​ស្ថាបនិក និង ជា​នាយក​ប្រតិ​ប​ត្ដិ​ក្រុមហ៊ុន​ហួ​វ៉ៃ (Huawei) បាន​សរសេរ នៅក្នុង​អនុស្សរណៈ​ផ្ទៃក្នុង ថា ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​ចិន មួយ​នេះ នឹង​បិទ ឬ​កាត់បន្ថយ​អាជីវក​ម្មណា ដែល​មិន​ទទួលបាន​ផលចំណេញ ហើយ​ផ្តោតលើ​ខ្សែបណ្ដាញ ដែលមាន​តម្លៃ​ខ្ពស់ នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ ខាងមុខនេះ​។​

​បើតាម​សារ ស្ដីពី​ពាណិជ្ជកម្ម ដែល​បណ្ដាញ​ផ្សព្វផ្សាយ​របស់​ចិន ទទួលបាន បាន​អះអាងថា បុគ្គលិក នឹង​ទទួលបាន​ប្រាក់រង្វាន់​បន្ថែម ឬ​ការលើកទឹកចិត្ត ប្រសិនបើ​ពួកគេ​អាចជួយ​ដល់​ក្រុមហ៊ុន ដើម្បី​បង្កើន​ប្រាក់ចំណេញ អំពី​ប្រតិ​ប​ត្ដិ​ការ​នេះ​។​

​លោក រ៉ែ​ន ហ្សែ​ង​ហ្វី (Ren Zhengfei) ជា​ស្ថាបនិក និង ជា​នាយក​ប្រតិ​ប​ត្ដិ​ក្រុមហ៊ុន​ហួ​វ៉ៃ (Huawei) បាន​សរសេរ ថា ដោយសារតែ​ឱនភាព​សេដ្ឋកិច្ច​របស់​ពិភពលោក កំពុងតែបន្ដ រួមផ្សំ​ជាមួយនឹង​ផលប៉ះពាល់ អំពី​ការ​រាតត្បាត ពី​ជំងឺ​កូ​វីដ​-១៩ នឹង​ធ្វើឱ្យប៉ះពាល់​ដល់​ថាមពល​ប្រើប្រាស់​របស់​ប្រជាជន​យ៉ាងខ្លាំង​។ បច្ចុប្បន្ន យើង​មិន​ត្រឹមតែ​ប្រឈមមុខ​នឹង​សម្ពាធ លើ​ការផ្គត់ផ្គង់​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​យើង​ថែមទាំង ប្រឈមមុខ​នឹង​តម្រូវការ​ទីផ្សារ ធ្លាក់ចុះ​យ៉ាងខ្លាំង​ផងដែរ​។ ចន្លោះ​ពី​ឆ្នាំ​២០២៣ ដល់ ២០២៥ យើង​ត្រូវតែ​ធ្វើឱ្យ​គោលដៅ​ជា​ចម្បង​របស់​យើង ដើម្បី​រស់​ឡើងវិញ​។​


​ស្ថាបនិក និង ជា​នាយក​ប្រតិ​ប​ត្ដិ​ក្រុមហ៊ុន​ហួ​វ៉ៃ (Huawei) បាន​បន្ដថា យើង​ត្រូវតែ​រស់នៅ និង រស់នៅ​ប្រកប ដោយ​គុណភាព​។ តាម​ទស្សនៈ​នេះ យើង​ត្រូវ​កែសម្រួល​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​របស់​យើង ហើយ​បាន​តាំងចិត្ត​ថា អ្វីដែល​អាចធ្វើ​បាន និង អ្វី​គួរតែ​បោះបង់ចោល​… ជាមួយនឹង​គោលការណ៍​សំខាន់ៗ នៃ​ការរស់រាន​បន្ដ​របស់​ក្រុមហ៊ុន​។ ដោយឡែក ពាណិជ្ជកម្ម​ណាមួយ មិន​ទទួលបាន​ផលចំណេញ នឹងត្រូវ​រុះរើ ឬ​បិទ​ចោល​។​

​ក្រុមហ៊ុន Huawei បាន​បញ្ជាក់ថា បណ្ដាញ​ប្រាក់ចំណេញ​រប​ស់​ក្រុមហ៊ុន មានតែ​៥​ភាគរយ​ប៉ុណ្ណោះ នៅក្នុង​រយៈពេល​៦​ខែ​ដំបូង នៃ​ឆ្នាំ​២០២២​នេះ បើ​ធៀប​នឹង​ប្រាក់ចំណេញ ៩,៨​ភាគរយ នៅក្នុង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០២១​។ នេះ​មានន័យថា បណ្ដាញ​ប្រាក់ចំណូល​រប​ស់​ក្រុមហ៊ុន Huawei បាន​ធ្លាក់ចុះ រហូតដល់​៥១,៩៧​ភាគរយ ស្មើនឹង ១៥,១​ពាន់​លាន​យន់ (Yuan លុយ​ចិន​) ឬ​ស្មើនឹង​ប្រហែល ជាង ២,២០០​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក បើ​ធៀប​អំឡុងពេល​ដូចគ្នា​។​

​ក្រុម​អ្នក​អត្ថាធិប្បាយ បាន​អះអាងថា ក្រុមហ៊ុន Huawei បាន​មើលឃើញ អំពី​ការថយចុះ​ប្រាក់ចំណេញ ដោយសារតែ​អាជីវកម្ម​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន បាន​រង​នូវ​ទណ្ឌកម្ម​របស់​សហ​រដ្ឋ​អាមេរិក ចាប់តាំងពី​ឆ្នាំ​២០១៩ មក​។ ដូច្នេះ​ក្រុមហ៊ុន​គួរតែ​កាត់បន្ថយ​ពាណិជ្ជកម្ម​រថយន្ត​អគ្គិសនី​របស់ខ្លួន ដោយសារតែ​ប្រាក់ចំណេញ ពី​រថយន្ដ​ប្រភេទ​នេះ ទទួលបាន​តិចជាង​ការរំពឹងទុក​។​


​នៅក្នុង​ខែឧសភា ឆ្នាំ​២០១៩ ក្រសួងពាណិជ្ជកម្ម​សហ​រដ្ឋ​អាមេរិក បានដាក់​ក្រុមហ៊ុន Huawei និង សាខា​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​របស់​មហា​យក្ស​ចិន ចំនួន​៧០ ចូលទៅ​នៅក្នុង​បញ្ជី​របស់ខ្លួន ដោយ​ផ្អែកលើ​មូលដ្ឋាន​សន្តិសុខ​ជាតិ​។ ក្រសួង បាន​ហាមឃាត់​ដល់​ការលក់ Hardware និង Software ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា​សហរដ្ឋអាមេរិក ទៅឱ្យ​ក្រុមហ៊ុន Huawei និង ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ចិន មួយ​នេះ​។

​ក្រោយមក ក្រុមហ៊ុន​ហួ​វ៉ៃ បានចាប់ផ្ដើម​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​ដ៏​ធំ នៅក្នុង​ខែមិថុនា ឆ្នាំ​២០១៩ ដើម្បី​រិះគន់ ដល់​សហរដ្ឋអាមេរិក និង លើកកម្ពស់​សីលធម៌រ​បស់​បុគ្គលិក​។ ប្រធាន​ក្រុមហ៊ុន បាន​អះ​អង​ថា ទណ្ឌកម្ម​របស់​សហរ​ដ្ឋ​អាមេរិក នឹងមិន​ប៉ះពាល់​អ្វី​ធំដុំ​ដល់​ការធ្វើ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​ហួ​វ៉ៃ (Huawei) នោះឡើយ​។​


​បើតាម​ក្រុម​ស្រាវជ្រាវ​ឧស្សាហកម្ម Canalys បាន​អះអាង ថា នៅក្នុង​ឆ្នាំ ២០១៩ Huawei បានទទួល​កិត្តិយស ជា​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​លេខ​១ នៅក្នុង​ប្រទេស​ចិន ដោយមាន​ទីផ្សារ​ភាគហ៊ុន រហូតដល់​២៦,៥​ភាគរយ​។ ប៉ុន្ដែ​កាលពី​ឆ្នាំ​កន្លងទៅ ទីផ្សារ​ភាគហ៊ុន​របស់​ក្រុម​ហ៊ុ​នេះ បាន​ធ្លាក់ចុះ មក​នៅត្រឹម​៩,៣​ភាគរយ​។ លុះ​មកដល់​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២២ ក្រុមហ៊ុន Huawei បាន​រាយការណ៍ អំពី​ការធ្លាក់ចុះ ៥,៨​ភាគរយ នៅក្នុង​ការលក់​សរុប មក​នៅត្រឹម ៣០១,៦​ពាន់​លាន​យន់​(​លុយ​ចិន​) ឬ​ស្មើនឹង​៤៣,៩​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក នៅក្នុង​ឆមាស​ទី​១ នៃ​ឆ្នាំ​២០២២ បើ​ធៀប​នឹង​ឆ្នាំមុន​។​

​ដោយឡែក ប្រាក់ចំណូល​អាជីវកម្ម​របស់​ក្រុមហ៊ុន​ដឹកជញ្ជូន​របស់​ក្រុមហ៊ុន​នេះ បាន​កើនឡើង ៤​ភាគរយ ស្មើនឹង ១៤២,៧​ពាន់​លាន​យន់ ឬ​ស្មើនឹង​ប្រហែល​ជាង​២០,៧៩៧​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ខណៈ​អាជីវកម្ម​សហគ្រាស រួមមាន សេវា​លើ​អាកាស និង អាជីវកម្ម​ផ្សេងៗ បាន​កើនឡើង ២៨​ភាគរយ ស្មើនឹង ៥៤,៧​ពាន់​លាន​យន់ ឬ​ស្មើនឹង​ប្រហែល ជាង ៧,៩៧២​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ ចំណែក​ប្រាក់ចំណូល​ពី​ឧបករណ៍​ផ្សេងៗ រួមទាំង ការលក់​ស្មា​ត​ហ្វូ​ន បាន​ធ្លាក់ចុះ ២៥,៣​ភាគរយ ស្មើនឹង ១០១,៣​ពាន់​លាន​យន់ ឬ​ស្មើនឹង​ប្រហែល​ជាង ១៤,៧៦៣​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​៕​